Connect with us

អាជ្ញាធរ សម្រេចផ្អាកកន្លែងបិតស្រាចំនួន ៩កន្លែង ដើម្បីធ្វើការស្រាវជ្រាវ ក្រោយមានមនុស្ស ៥នាក់ បានស្លាប់ និង ៤០នាក់រងគ្រោះ ដោយសារពុលស្រាសរ

ក្រចេះ ៖ អាជ្ញាធរស្រុកសំបូរ ខេត្តក្រចេះ បានសម្រេច និងចុះផ្អាកសកម្មភាពផលិត ស្តុក និង លក់ដូរចំនួនស្រាសរ ចំនួន ៩កន្លែង និង បានរឹបអូសសំណាកស្រាសរជាង១០០លីត្រ ក្រោយមានហេតុការណ៍ពុលស្រាសរ ដែលបណ្តាលអោយមានមនុស្សស្លាប់ និង រងគ្រោះ ចំនួនជាង ៤០នាក់ កាលពីចុងសប្តាហ៍មុន ។


ក្រៅពីនេះ អាជ្ញាធរមូលដ្ឋាន ក៏បានចេញសេចក្ដីណែនាំបន្ទាន់មួយ ដោយហាមឃាត់ពលរដ្ឋ និងក្រុមអាជីវករ ម្ចាស់សិប្បកម្ម បញ្ឈប់ការផលិត លក់ ចរាចរណ៍ និង បរិភោគស្រាសរ ជាបណ្ដោះអាសន្ន ដើម្បីចៀសវាងគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ និង កើនឡើងច្រើនជាងនេះ និង ដើម្បីផ្ដល់ឱកាសឲ្យសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ និង ចាត់វិធានការបន្តតាមនីតិវិធីច្បាប់។
តើតាមរបាយការណ៍ បានអោយដឹងថា គិតត្រឹមថ្ងៃម្សិលម៉ិញនេះ ចំនួនអ្នកស្លាប់ដោយករណីពុលស្រាសរ នៅស្រុកសំបូរ ខេត្តក្រចេះ បានកើនឡើងដល់៥នាក់ហើយ ខណៈ៤០នាក់ទៀតកំពុងបន្តសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ។
នេះបើតាម លោក ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យ កំពុងបន្តពិនិត្យព្យាបាលជនរងគ្រោះ ។ យោងតាមអាការៈរបស់អ្នកជំងឺ ក្រុមគ្រូពេទ្យបានសន្មតថា នៅក្នុងស្រាសរនោះ មានសារធាតុមេតាណុលកម្រិតខ្ពស់ ដែលបង្កឲ្យគ្រោះថ្នាក់ដល់អ្នកបរិភោគ គឺ អាចពុលស្លាប់បាន បើបរិភោគច្រើនលើសកម្រិត ។


គួររំលឹកថា ករណីពុលស្រាសនៅស្រុកសំបូរ បានកើតឡើងតាំងពីថ្ងៃទី១៨ ខែតុលា មួយថ្ងៃក្រោយពីអ្នកភូមិរាប់សិបនាក់ បានទៅចូលរួមក្នុងពិធីបុណ្យសព៧ថ្ងៃរបស់បុរសវ័យចំណាស់ម្នាក់នៅឃុំកោះខ្ញែរ ដោយបាននាំគ្នាផឹកស្រាសរដែលគ្រួសារសពបានទិញ ពីរោងសិប្បកម្មមួយនៅឃុំបឹងចារ។ អ្នកដែលបានផឹកស្រាសនោះស្ទើរតែទាំងអស់គឺសុទ្ធតែមានអាការល្ហិតល្អៃដៃជើង អស់កម្លាំង ឈឺក្បាល វិលមុខ រាក និង ក្អួតចង្អោរ។
នៅក្នុងករណីនេះ សមត្ថកិច្ចនគរបាល ក៏បានឃាត់ខ្លួនម្ចាស់សិប្បកម្មផលិតស្រាសរម្នាក់ឈ្មោះ គជ់ សុខហេង នៅភូមិដកពណ៌ ឃុំបឹងចារ យកទៅសួរនាំ បន្ទាប់ពីអ្នកភូមិរងគ្រោះ បានដាក់ការសង្ស័យថា ស្រាសររបស់គាត់ បានបង្កការពុលដល់ពួកគេរហូតដល់មានអ្នកស្លាប់ និង រាប់ សិបនាក់ទៀត កំពុងមានជំងឺ និងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យនៅឡើយ ។ ក្រោយបញ្ចប់ការសាកសួរ នគរបាល នឹងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់តុលាការ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់ ។


គួរបញ្ជាក់ផងដែរថា ករណីពុលស្រាសរ បែបនេះ មិនមែនជាលើកទីមួយទេ សម្រាប់ខេត្តក្រចេះ ក្នុងនោះ កាលពីដើមខែឧសភា ឆ្នាំ២០១៨ មានករណីពុលស្រាស និងទឹក ដែលមានសារធាតុគីមីពុល បានសម្លាប់ពលរដ្ឋក្នុងឃុំកន្តួត ស្រុកចិត្របុរី ចំនួន១៤នាក់ និង រាប់សិបនាក់ធា្លក់ខ្លួនឈឺជាទម្ងន់ ហើយកាលពីឆ្នាំមុន ក៏មានករណី ពុលស្រាសរនេះដែរ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម