Connect with us

ល្បិចបោកដដែលៗ ត្រូវភ្នាក់ងារវីងជួយទាន់ពេល

ល្បិចឆបោកតាមហ្វេកបុក ឬតេតាមទូរស័ព្ទឱ្យផ្ញើប្រាក់ដើម្បីទទួលបានរង្វាន់ ឬជាថ្នូរដូរយកកាដូ ឬទំនិញជាដើម ជារើយៗ ត្រូវបានភ្នាក់ងារវីងជួយអន្តរាគមន៍ទាន់ពេល មុនពេលជនរងគ្រោះធ្វើការផ្ទេរប្រាក់ទៅឱ្យជនឆបោកតាមរយៈវីង។

ជាក់ស្តែងកាលពីសប្តាហ៍មុន នៃខែវិច្ឆិកានេះ អតិថិជនម្នាក់បានមកភ្នាក់ងារវីង នៅក្រុងតាខ្មៅ ដើម្បីផ្ញើប្រាក់ចំនួន ៨០០ដុល្លារ ឱ្យក្រុមហ៊ុនដឹកជញ្ជូនមួយនៅខេត្តសៀមរាបជាថ្នូរបង់ពន្ធ និងថ្លៃដឹកជញ្ជូន មុនទទួលកាដូដែលមានតម្លៃជាង ២ម៉ឺនដុល្លារ ដែលជនល្មើសអះអាងថា បានផ្ញើមកពីបរទេស។

“មកដល់ភ្លាមគាត់ប្រាប់ខ្ញុំថា គាត់ត្រូវការបង់ថ្លៃដឹកជញ្ជូនឱ្យក្រុមហ៊ុន។ ពេលនោះខ្ញុំក៏សួររកវិក្កយបត្រ និងឯកសារផ្សេងទៀតរបស់ក្រុមហ៊ុន គាត់ក៏ហុចលេខបុគ្គលធម្មតា ដែលមិនមែនជាលេខក្រុមហ៊ុនទៅវិញ”។ នេះបើតាមការឱ្យដឹងពី អ្នកស្រី សុផា ស្រីអូន ដែលជាភ្នាក់ងារវីង ស្លាកយ៊ីហោ ភួង សារ៉ាក់ ។ ក្រោយពីដឹងថាវាជាករណីឆបោក អ្នកស្រីបានប្រាប់អតិថិជនរបស់ខ្លួនឱ្យទុកប្រាក់វិញភ្លាម។

អ្នកស្រីបាននិយាយថា៖ “ក្នុងនាមជាអ្នកផ្តល់សេវាវីង ការធានាសុវត្ថិភាព និងផ្តល់សេវាល្អដល់អតិថិជន វាជាតួនាទីរបស់ខ្ញុំ”។ អ្នកស្រីបានបន្តថា គាត់តែងតែយកចិត្តទុកដាក់តាមដានព័ត៌មានទាំងឡាយដែលក្រុមហ៊ុនវីង បានចែករំលែក និងបានប្រកាន់ខ្ជាប់ខ្ជួន ពីនីតិវិធីរបស់ក្រុមហ៊ុន ដើម្បីធានាសុវត្ថិភាពជូនអតិថិជន។

ថ្មីៗនេះ មានអំពើឆបោកស្រដៀងគ្នាមួយចំនួនបានកើតឡើង តែដោយសារមានកិច្ចសហការល្អរវាងភ្នាក់ងារវីង និងបុគ្គលិកវីង អំពើឆបោកទាំងនោះត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព។ ភ្នាក់ងារវីង និងបុគ្គលិកវីង បានកំពុងធ្វើការរួមគ្នាយ៉ាងស្អិតល្មួត ដើម្បីធានាពីសុវត្ថិភាពជូនដល់អតិថិជន។

ជាចុងក្រោយ អ្នកស្រីសំណូមពរដល់អតិថិជនទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេលផ្ទេរប្រាក់ទៅអ្នកទទួលដែលយើងមិនស្គាល់អត្តសញ្ញាណច្បាស់លាស់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម