Connect with us

រដ្ឋមន្ត្រីពាណិជ្ជកម្ម អះអាងថា កម្ពុជាបើកទ្វាររង់ចាំសហការជាមួយធុរជនអាមេរិក ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និង ពាណិជ្ជកម្មនៅកម្ពុជា

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ បានអះអាងប្រាប់គណៈប្រតិភូសហអាមេរិក ថា កម្ពុជា បានបើកទ្វាររង់ចាំសហការជានិច្ច ជាមួយធុរជនសហអាមេរិក និងបរទេស ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងពាណិជ្ជកម្ម ជាពិសេសសម្រួលដល់ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ។
ការអះអាងនេះ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូនៃសមាគមការងារស្មើភាព និង សមាគមសម្លៀកបំពាក់ និងស្បែកជើងអាមេរិក ដឹកនាំដោយ លោក ប្រធានក្រុមប្រឹក្សាភិ បាល ម៉ៃឃើល ផូស្នឺ (Michael Posner) នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាអំពីឱកាសធ្វើធុរកិច្ចនៅកម្ពុជា និងបញ្ហាពាក់ព័ន្ធផេ្សងៗទៀត ។


នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានពន្យល់ធុរជនអាមេរិក អំពីកាតព្វកិច្ច និង ការទទួលខុសត្រូវរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងពាណិជ្ជកម្ម ជាពិសេសសម្រួលដល់ការទំនិញរបស់កម្ពុជា ទៅកាន់គ្រប់ទីផ្សារអន្តរជាតិ ព្រមទាំងវិធានការចាំបាច់ចំពោះមុខមួយចំនួន ដែលរាជរដ្ឋាភិបាលកម្ពុជា បានកំពុងត្រៀមអនុវត្ត សំដៅនាំមកនូវភាពឈ្នះ-ឈ្នះ សម្រាប់គ្រប់តួអង្គពាក់ព័ន្ធ ជាពិសេសសហគមន៍ធរុកិច្ច និងវិនិយោគិនបរទេស ដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម បានជម្រាបជូនគណ:អាមេរិក អំពីការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ចំពោះបេសកកម្មស្វែងរកការពិតរបស់ប្រតិភូគណៈកម្មការសហភាពអឺរ៉ុប កាលពីកំឡុងខែកក្កដា និងបទអន្តរាគមន៍សំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបចំពោះកង្វល់មួយចំនួន ដែលសហភាពអឺរ៉ុបបានទាមទារ។


ជាការឆ្លើយតប លោក ម៉ៃឃើល ផូស្នឺ ប្រធានក្រុមប្រឹក្សានៃសមាគមការងារស្មើភាព និងសមាគមសម្លៀកបំពាក់ និងស្បែកជើងអាមេរិក បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចែករំលែកនូវព័ត៌មានល្អៗ ទាក់ទងនឹងចំណាត់ការរបស់ក្រសួងពាណិជ្ជកម្ម និងបទអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដើម្បីទាក់ទាញលំហូរវិនិយោគពីបរទេស និងរក្សាចំណែកទីផ្សារសម្រាប់ទំនិញកម្ពុជា នាំចេញនៅក្នុងតំបន់ និងពិភពលោក។
យោងតាមតួលេខការិយាល័យជំរឿនសហរដ្ឋអាមេរិក បានបង្ហាញថា រយៈពេល ៧ខែឆ្នាំ២០១៨នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានតម្លៃទឹកប្រាក់ប្រមាណ ២១១៣លានដុល្លារ បានកើនឡើង ២៦,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលកាលនោះ ការនាំចេញមានតម្លៃទឹកប្រាក់តែប្រមាណ ១៦៦៥លានដុល្លារ។
ដោយឡែកការនាំចេញរបស់សហរដ្ឋអាមេរិកមកកាន់កម្ពុជាវិញនៅក្នុងរយៈពេល ៧ខែឆ្នាំនេះ បានកើនឡើងប្រមាណ ១៣,៤២ភាគរយ ពោលគឺពីតម្លៃទឹកប្រាក់សរុបប្រមាណ ២១៦ លានដុល្លារ រហូតដល់ ២៤៥លានដុល្លារ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម