Connect with us

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកទឹកចិត្តឱ្យមានការសិក្សា និង អភិរក្សពូជកេសរកូល(អ័រគីដេ)ប្រភេទព្រៃ សម្រាប់ការស្រាវជ្រាវ និងជាគោលដៅទេសចរណ៍

សៀមរាប ៖ នៅក្នុងពេលទស្សនកិច្ចលើគម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកទឹកចិត្តឱ្យមានការសិក្សាស្រាវជ្រាវរកពូជ និង អភិរក្សកេសរកូល (អ័រគីដេ) បន្ថែមទៀត ព្រោះការសិក្សាបែបវិទ្យាសាស្ត្រអំពីកេសរកូលព្រៃកម្ពុជា នៅមានកម្រិតតិចតួចនៅឡើយ ។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តី ជំរុញឱ្យក្រុមការងារអភិរក្សជីវៈចម្រុះ នៃអគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ពង្រឹងកិច្ចសហការជាមួយដៃគូរ ជាពិសេសជាមួយអ្នកសិក្សាស្រាវជ្រាវ និងអ្នកស្រាឡាញ់ធម្មជាតិ អាជ្ញាធរជាតិអប្សរា អាជ្ញាធរដែនដី រួមជាមួយដៃគូរអភិវឌ្ឍ ដើម្បីរៀបចំឱ្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន នៅក្នុងខេត្តសៀមរាប ។ មជ្ឈមណ្ឌលស្រាវជ្រាវនេះ គ្រោងសម្ពោធនៅពេលខាងមុខ លើផ្ទៃដីដំបូងជាង ៨២០ ហិចតា សម្រាប់ពង្រីកការសិក្សាស្រាវជ្រាវលើកប្រភេទកេសរកូលប្រភេទថ្មីៗជាច្រើនផ្សេងទៀត ដែលកំពុងឋិតនៅតាមព្រៃ នៃតំបន់ការពារធម្មជាតិក្នុងព្រះរាជាណាចក្រកម្ពុជា។


ទន្ទឹមគ្នានេះ ឯកឧត្តម សាយ សំអាល់ បានណែនាំបន្ថែមដល់មន្រ្តីទទួលខុសត្រូវ រៀបចំហេដ្ឋារចនាសម្ព័ន្ឋ និងការគ្រប់គ្រងលើមជ្ឈមណ្ឌលតាមរយៈប្រមូលផ្តុំប្រភេទកេសរកូលប្រភេទព្រៃឱ្យបានច្រើនថែមទៀត ដើម្បីដំណើរការប្រកបដោយនិរន្តរភាព និងទាក់ទាញសម្រាប់ការសិក្សាស្រាវជ្រាវ និងជាគោលដៅនៃវិស័យទេសចរណ៍។
សូមបញ្ជាក់ថា កេសរកូល ជាអំបូរដ៏ធំមួយនៅក្នុងរជ្ជរុក្ខជាតិ ដែលមានចំនួនរហូតដល់ជាង ២៥,០០០ ប្រភេទ ក្នុងនោះ ជាង១០,០០០ប្រភេទ ត្រូវបានគេរកឃើញនៅក្នុងតំបន់ត្រូពិច ។
ជារៀងរាល់ឆ្នាំ មានកេសរកូលព្រៃប្រភេទថ្មីៗរាប់រយប្រភេទ ត្រូវបានគេរកឃើញ និងដាក់ឈ្មោះតាមលក្ខណៈវិទ្យាសាស្ត្ររបស់វា ។ នៅប្រទេសកម្ពុជា ក្រុមអ្នកសិក្សាស្រាវជ្រាវធនធានធម្មជាតិបានកត់ត្រា កេសរកូលនៅក្នុងដែនធម្មជាតិ បានចំនួនប្រមាណ៣០០ប្រភេទ ។ នេះជាចំនួនតិចតួចបំផុត បើប្រៀបធៀបទៅនឹងប្រទេសជិតខាងដែលបានសិក្សាមុន រួមមាន ប្រទេសថៃមានជាង ១,៥០០ប្រភេទ វៀតណាមមានជាង ៧០០ប្រភេទ និង ឡាវមានជាង៥០០ប្រភេទ ។


បើផ្អែកលើកត្តាភូមិសាស្ត្រ សណ្ឋានដី និងអាកាសធាតុនៃប្រទេសកម្ពុជា ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងប្រទេសជិតខាង កេសរកូលព្រៃកម្ពុជា អាចមានចំនួនច្រើនជាង៥០០ប្រភេទប្រសិន បើធ្វើការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ។ ដោយឡែក ក្នុងឆ្នាំ ២០១៦ មានកេសរកូលព្រៃចំនួន៨ប្រភេទ ត្រូវបានគេរកឃើញ និងកត់ត្រាជាកំណត់ត្រាថ្មីសម្រាប់កម្ពុជា។
ការសិក្សាបែបវិទ្យាសាស្ត្រអំពីកេសរកូលព្រៃកម្ពុជា នៅមានកំរិតតិចតួចនៅឡើយ ខណៈដែលកេសរកូលព្រៃនៅក្នុងដែនជម្រកធម្មជាតិ បាននិងកំពុងតែទទួលរងនូវការគំរាមកំហែងយ៉ាងខ្លាំង តាមរយៈ ការកាប់ឆ្ការព្រៃដើម្បីធ្វើកសិកម្ម និងសកម្មភាពប្រមូលកេសរកូលព្រៃ ក្នុងគោលបំណង ធ្វើពាណិជ្ជកម្មខុសច្បាប់។


ដោយពិនិត្យឃើញនូវកត្តាទាំងអស់នេះ គួបផ្សំនឹងកង្វះខាតព័ត៌មានផ្នែកវិទ្យាសាស្រ្ត ទើបថា្នក់ដឹកនាំអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយមន្ទីរបរិស្ថានខេត្តសៀមរាប និងកសិដ្ឋានផ្កា The Bloom Garden Greenhouse បានពិភាក្សាលើកជាសំណើគំនិតផ្តួចផ្តើមក្នុងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលព្រៃ ជូនថ្នាក់ដឹកនាំក្រសួងបរិស្ថានដើម្បីពិនិត្យ និងសម្រេច ។
សំណើនេះទទួលបានការឯកភាព និងគាំទ្រដោយ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយជ្រើសយកភូមិសាស្រ្តភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលព្រៃភ្នំគូលែន។ ដើម្បីរំលឹកដល់គុណូបការៈរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលបានលះបង់ទាំងកំលាំងកាយ-ចិត្តក្នុងបុព្វហេតុការពារ និងអភិរក្សវប្បធម៌ និងធនធានធម្មជាតិ ទើប ក.ជ.អ.ច បានលើកសំណើសុំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធនាមមជ្ឈមណ្ឌលនេះទៅជា “មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន” ជាភាសាអង់គ្លេសហៅថា “Sok An Phnom Kulen Orchid Research and Conservation Center” ដែលក្លាយជាមជ្ឈមណ្ឌលកេសរកូលជាតិទី១ នៃព្រះរាជាណាចក្រកម្ពុជា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម