Connect with us

ក្រសួងពាក់ព័ន្ធចំនួន៣ អះអាងក្នុងការបន្តលើកកម្ពស់សហគ្រាសធុនតូច និងធម្យមនៅកម្ពុជា ដើម្បីជំរុញការផលិតក្នុងស្រុក ជំនួសការនាំចូលពីក្រៅប្រទេស

ភ្នំពេញ ៖ ក្រសួងពាក់ព័ន្ធចំនួន៣ អះអាងក្នុងការបន្តលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ក្នុងប្រទេស ដើម្បីជំរុញការផលិតក្នុងស្រុក ជំនួសការនាំចូល តាមរយៈការតភ្ជាប់សហគ្រាសធុនតូច និងមធ្យម ទៅនឹងក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេស និងជំរុញការនាំចេញផលិតផលមានសក្តានុពល ។
ក្រសួងចំនួន ៣ ដែលគ្រោងសហការគ្នានេះ រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងផែនការ ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញនូវគោលនយោបាយ និងវិធានការក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គឺការបន្តពង្រីកសហគ្រាសធុនតូច និង មធ្យម ជាពិសេស ការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម ក្នុងគោលដៅផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងការជំរុញរៀបចំ និងអនុវត្តជម្រើសហិរញ្ញប្បទាននានា រួមទាំងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម ផងដែរ ។
យោងតាម ឯកសារគោលនយោបាយ បានឲ្យដឹងថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបង្ហាញពីការបន្តអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ដើម្បីលើកកម្ពស់សហគ្រិនភាព និងសហគ្រាសបង្កើតថ្មី ក្នុងទិសដៅជំរុញការផលិតក្នុងស្រុក ជំនួសការនាំចូល និងជំរុញនាំចេញផលិតផលមានសក្តានុពល ជាពិសេសក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកសិ-ឧស្សាហកម្ម ។


ក្រៅពីគម្រោងទាំងនេះ ក្រសួង នឹងពង្រីកបន្ថែមការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជា មន្ទីរពិសោធន៍ថ្នាក់ជាតិ ការកែលម្អកិច្ចសម្រួលពាណិជ្ជកម្ម ការកែលម្អប្រព័ន្ធឡូជីស្ទីក ព្រមទាំងការបន្តលើកកម្ពស់ទឹកចិត្ត និងការទាក់ទាញក្រុមអ្នកវិនិយោគទុន ដើម្បីបង្កើតចង្កោមសហគ្រាសធុនតូច និង មធ្យម និងការពង្រីកអនុលោមលក្ខខណ្ឌអនាម័យ ភូតគាមអនាម័យ និងស្តង់ដា ព្រមទាំងការលើកកម្ពស់នវានុវត្តន៍ តាមរយៈការការពារកម្មសិទ្ធបញ្ញា និងការផ្តល់ប្រកាស នីយបត្រតក្កកម្ម ជាដើម ។
ដោយឡែក ក្រសួងផែនការ ក៏នឹងត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងចាប់យកបដិវត្តន៍ឧស្សាហកម្មទី៤ ដែលតម្រូវឲ្យរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ ទាញយកកាលានុវត្តភាព សម្រាប់ជួយអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ដើម្បីជាឱកាសឈោងចាប់យកវិស័យសេដ្ឋកិច្ចថ្មីៗ ព្រមទាំងលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពក្នុងវិស័យសេដ្ឋកិច្ចជាតិ ។


គួររំលឹកថា ប្រមុខរដ្ឋាភិបាល កាលពីដើមឆ្នាំនេះ បានប្រកាសវិនិយោគទឹកប្រាក់ ១០០លានដុល្លារអាមេរិក ដើម្បីបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម ប៉ុន្តែរហូតមកទល់ពេលនេះ ធនាគារទាំងនេះ មិនទាន់បើកដំណើរការនៅឡើយទេ ។
បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអោយដឹងថា សហគ្រាសធុនតូច និង ធម្យម នៅទូទាំងប្រទេស ដែលបានចុះបញ្ជីរួច មានចំនួន ជាង៥១ម៉ឺន ហើយចំនួន នេះ អាចមានការកើនឡើង ដោយសារតែសហគ្រាសមួយចំនួន នៅមិនទាន់ចុះបញ្ជីរ ។
ជាមួយគ្នានេះ សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា បានជួយផ្ដល់ការងារប្រមាណ ពី៤០ទៅ៥០ភាគរយ នៃចំនួនអ្នកមានការងារសរុបនៅកម្ពុជា ។ ដូច្នេះវាបានផ្ដល់នូវប្រយោជន៍ខ្ពស់ សម្រាប់សេដ្ឋកិច្ចជាតិ ប៉ុន្តែវិស័យនេះ នៅតែជួបបញ្ហាប្រឈមជាច្រើន ។
លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធ សមាគមសហគ្រាសធុនតូច និង មធ្យម បានថ្លែងថា វិ ស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មានភាពរីកចម្រើនខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែសហគ្រាសភាគច្រើន នៅជួបបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ដើម្បីពង្រីកមូលដ្ឋានផលិតកម្មរបស់ពួកគេ ដោយសារស្ថាប័នហិរញ្ញវត្ថុនានា នៅតែដាក់លក្ខខណ្ឌតឹងរ៉ឹង ចំពោះការផ្តល់ឥណទានដល់សហគ្រាសទាំងនោះ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម