Connect with us

ដឹងទេ ពលរដ្ឋចំនួនជាង ៧០ម៉ឺននាក់កំពុងធ្វើការតាមរោងចក្រកាត់ដេរ ក្នុងនោះជាង ៨៥ភាគរយ គឺជាស្រ្តី ដែលមកពីបណ្តាខេត្តនានា

ភ្នំពេញ ៖ វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងកម្ពុជា បានផ្តល់ការងារដោយផ្ទាល់ដល់ប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺននាក់ ដែលជាង៨៥ភាគរយ ជាស្ត្រីមកពីបណ្តាខេត្ត ។ ជាមួយនេះប្រជាពលរដ្ឋ ២លាននាក់ដទៃទៀត ក្នុងចំណោមប្រជាពលរដ្ឋសរុប ១៦លាននាក់ កំពុងពឹងផ្អែកលើវិស័យនេះ ហើយជារៀងរាល់ខែ ប្រាក់ខែជាង ១៥០លានដុល្លារ ត្រូវបានចំណាយទៅលើកម្មករទាំងនេះ ។
ការប្រកាសនាពេលថ្មីៗនេះរបស់សហគមន៍អ៊ឺរ៉ុប អំពីលទ្ធភាពក្នុងការព្យួរបណ្តោះអាសន្ន នៃគម្រោងគំនិតផ្តួចផ្តើមស្តីពីការនាំចូលទំនិញគ្រប់ប្រភេទលើកលែងតែអាវុធ (EBA) សម្រាប់កម្ពុជា គឺជាការរឿងភ្ញាក់ផ្អើលសម្រាប់វិស័យឯកជន រួមទាំងវិនិយោគិន អ្នកបញ្ជាទិញពីកម្ពុជា ជាពិ សេសគឺ កម្មករ កម្មការនី រួមនឹងក្រុមគ្រួសាររបស់ពួកគេ ។


ក្នុងលិខិតផ្ញើរទៅកាន់លោកស្រី Cecilia Malmström ស្នងការពាណិជ្ជកម្មនៃគណៈកម្មការអឺរ៉ុប កាលពីពេលថ្មីៗនេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC បានផ្ញើលិខិតផ្លូវការណ៍ជូន ដោយបានលើកឡើងថា ការព្យួរបណ្តោះអាសន្ននៃគម្រោង EBA ឬ ទណ្ឌកម្មឯកតោភាគីរយៈពេលខ្លីណាមួយ អាចមានផលប៉ះពាល់អវិជ្ជមានរយៈពេលវែងដល់កម្មករ កម្មការនី និងគ្រួសាររបស់ពួកគេ ។
GMAC បានអះអាងទៀតថា ស្ត្រីកម្ពុជាក្រីក្ររាប់លាន និង គ្រួសាររបស់ពួកគេត្រូវ បានទាញចេញពីភាពក្រីក្រ។ នៅក្នុងដំណើរការនេះ យើងបានយកចិត្តទុកដាក់យ៉ាងប្រុងប្រយ័ត្នដើម្បីធានាថា ស្តង់ដារការងារ សង្គម និងបរិស្ថាន ដែលជាស្នួលនៃគោលការណ៍ណែនាំនៃប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (GSP) របស់សហភាពអឺរ៉ុប ត្រូវបានរក្សា និងពិតណាស់ត្រូវបានលើកកម្ពស់។


GMAC ក៏បានលើកឡើងផងដែរថា ភាពរីកចម្រើនទាំងអស់ ដែលកម្ពុជាសម្រេចបាន ក្នុងរយៈកាល២ទសវត្សរ៍កន្លងមកនេះ តាមរយៈកិច្ចខិតខំប្រឹងប្រែងពីភាគីពាក់ព័ន្ធទាំងអស់ រួមទាំងដៃគូអភិវឌ្ឍន៍ដូចជា សហភាពអឺរ៉ុប អាចត្រូវបានបំផ្លាញយ៉ាងលឿន ។
ដូច្នេះ GMAC បានអំពាវនាវឲ្យលោកស្រី Cecilia Malmström ស្នងការពាណិជ្ជកម្ម គណៈកម្មការអឺរ៉ុប មានចំណាត់ការយកចិត្តទុកដាក់ និងការសម្រេចប្រកបដោយការពិចារណា ហើយសមាគមត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ការពិតបន្ថែមទៀតដល់លោកស្រី នៅពេលតម្រូវក្នុងអំឡុងដំណើរការតាមដានរបស់លោកស្រី។
សូមបញ្ជាក់ថា សហភាពអឺរ៉ុប ជាដៃគូពាណិជ្ជកម្មសំខាន់មួយសម្រាប់កម្ពុជា ហើយជាពិសេសចំពោះវិស័យ សម្លៀកបំពាក់ និងស្បែកជើង។ ជាង ៤៦ភាគរយ នៃការនាំចេញសរុបនៃសម្លៀកបំពាក់ និង ស្បែកជើងរបស់យើង គឺទៅសហភាពអឺរ៉ុប ហើយគេរំពឹថា នឹងបង្កើនចំនួននេះបន្ថែមទៀត នាឆ្នាំខាងមុខ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម