Connect with us

បានទៅដល់ភ្នំបូកគោហើយ កុំភ្លេចឆៀងចូល “វត្តសំពៅប្រាំ” ទេសភាពធម្មជាតិគួរឱ្យចាប់ចិត្តខ្លាំង

កំពត៖ នៅលើភ្នំបូកគោ ក្រៅពីល្បីមានកាស៊ីណូចាស់ និងអាកាសធាតុធម្មជាតិដ៏ស្រស់ស្អាតហើយនោះ ភ្នំបូកគោ ក៏បានប្រែប្រួលមុខមាត់ជាច្រើនដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅកម្សាន្តនៅទីនោះ។

ខ្យល់អាកាសបរិសុទ្ធចាប់ពីជើងភ្នំរហូតដល់ចំណុចកំពូលភ្នំ បានធ្វើឱ្យអារម្មណ៍គ្រប់គ្នាហាក់ស្រស់ស្រាយជាពន់ពេក ម៉្យាងទៀតនៅលើភ្នំបូកគោនេះដែរ មិនត្រឹមតែមានកន្លែងស្អាតៗដើម្បីផ្តិតរូបប៉ុណ្ណោះទេ ថែមទាំងមានវត្តមួយដែលគ្រប់គ្នាបានហៅថា “វត្តសំពៅប្រាំ”ទៀតផង។

សំណង់វត្តនេះ តាំងនៅលើដីខ្ពស់ជាសំប៉ែត មានផែនថ្មធំៗនៅពាសពេញ ចម្លែកជាងគេគឺផែនថ្មជាបន្ទះៗមានទំហំបណ្តោយប្រមាណជាង ១០ ម៉ែត្រ និងកម្ពស់ប្រហែលជិត ១០ ម៉ែត្រដែរ។ ទ្រង់ទ្រាយផែនថ្មនេះមានភាពសំប៉ែត មានសណ្ឋានដូចសំពៅ ៥ កំពុងបើកក្តោងហើយការកសាងវត្តនេះបានសង់ឡើងជាប់ផែនថ្មទៀតទើបគេនាំគ្នាហៅទីនោះថា “វត្តសំពៅប្រាំ” និងត្រូវបានគេប្រឌិតជារឿងព្រេងមួយឡើងដែលដកស្រង់ចេញពីរឿង “ព្រះថោងនាងនាគ”។

យោងតាមការស្រាវជ្រាវ វត្តនេះពុំមែនជាវត្តបុរាណណាស់ណាទេ គឺជាវត្តថ្មីមួយ ដែលព្រះករុណា ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ-មុនីវង្ស ព្រះចៅប្រទេសកម្ពុជាទ្រង់កសាងឡើងកាលពី គ.ស. ១៩២៤ គឺនៅពេលដែលរាជការអាណាព្យាបាលបារាំងគេស្ថាបនាទីតំបន់បូកគោ ធ្វើជាទីលំហែសម្រាកយកខ្យល់ត្រជាក់ តាមធាតុអាកាសស្រុកអឺរ៉ុប ។

កាលនោះ រាជការបារាំងបានថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតនូវទីកន្លែងមួយ សម្រាប់ព្រះអង្គស្ថាបនាជាព្រះរាជដំណាក់មួយនៅបូកគោនោះ ដូច្នេះហើយ ព្រះអង្គក៏ផ្ដួចផ្ដើមព្រះទ័យកសាងជាវត្តមួយនេះឡើងដោយជ្រើសរើសយកទីទួលដែលនៅជាប់នឹងផែនថ្ម ៥ សន្លឹកធំៗនោះសង់ជាព្រះវិហារ និងចេតិយតូចមួយទៀត នៅពីមុខព្រះវិហារ ហើយសន្មតយកនាមាភិធេយ្យថា “វត្តសំពៅប្រាំ” គឺយកតាមលំនាំ ទីកន្លែងលើទួលនោះដែលមានសន្លឹកផែនថ្មធំៗដូចជាក្ដោងសំពៅប្រាំផ្ទាំងស្ថិតនៅត្រង់នោះស្រាប់ ។

សព្វថ្ងៃ បូកគោ ជាទីមនោរម្យមួយសម្រាប់ទេសចរធ្វើដំណើរទៅលំហែ សម្រាកកាយ នៅគ្រប់ពេលដែលឈប់សម្រាក ម្ល៉ោះហើយ វត្តសំពៅប្រាំ ក៏ទៅជារមណីយដ្ឋានមួយ ដែលគេស្គាល់ច្រើនដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម