Connect with us

អ្នកជំនាញអន្តរជាតិ ផ្តល់អានុសាសន៍ចំនួន៤ សម្រាប់លើកកម្ពស់សហគ្រាសធុនតូច និងមធ្យម នៅក្នុងប្រទេសកម្ពុជា

ស្វីស ៖ លោកស្រី អារ៉ាន់ឆា ហ្គ្យុងហ្សាឡែស (Arancha Gongalez) នាយកប្រតិបត្តិមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ បានផ្តល់អានុសាសន៍ចំនួន៤ ដល់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការលើកកម្ពស់សហគ្រាសធុនតូច និង មធ្យម នៅកម្ពុជា ។
ការផ្តល់អានុសាសន៍នេះ បានធ្វើឡើងក្នុងឪកាសដែលលោកស្រី លោកស្រី អារ៉ាន់ឆា ហ្គ្យុងហ្សាឡែស បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខណៈសម្តេចកំពុងបំពេញការងារនៅប្រទេសស្វីស ។
លោកស្រី អារ៉ានឆា បានលើកឡើងថា ដើម្បីជំរុញសហគ្រាសធុនតូច និងមធ្យម (SME) កាន់តែរឹងមាំ ត្រូវឈរលើកត្តា៤ចំណុច ក្នុងនោះ ទី១៖ ត្រូវធ្វើយ៉ាងណាឲ្យសហគ្រាស SME មានសមត្ថភាពល្អអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារ, ទី២៖ គុណភាពនៃផលិតផលដើម្បី នាំចេញ, ទី៣៖ ការទទួលបាននូវបន្រភពទុន និងឥណទាន និង ទី៤៖ ទាក់ទិនទីផ្សារដែលត្រូវឲ្យមាន ទីផ្សារពិតប្រាកដក្នុងការទទួលយកផលិតផលដែលផលិតដោយ SME ។
លោកស្រីបន្តថា នៅខែវិច្ឆិកាខាងមុខនេះ លោកស្រី នឹងអញ្ជើញសហគ្រាសធុនតូចនិងមធ្យម របស់កម្ពុជា ទៅចូលរួមតាំងពិព័រណ៌ នៅទីក្រុងសៀងហៃ ប្រទេសចិន ហើយនៅខែក្រោយនេះដែរ លោកស្រីនឹងធ្វើការអង្កេតពីការប្រឈមរបស់ SME ក្នុងប្រទេសកម្ពុជាថា តើនឹងមានបញ្ហាប្រឈមអ្វីខ្លះ ដើម្បីរិះរកវិធីសាស្រ្តក្នុងការជួយដល់ប្រទេសកម្ពុជា។


លោកស្រី ក៏បានលើកឡើងផងដែរថា កម្ពុជាពិតជាមានសមត្ថភាពជាច្រើន ក្នុងការកសាង និងពង្រីកនូវសក្តានុពលរបស់ខ្លួន ដើម្បីធ្វើឲ្យកម្ពុជាកាន់តែមានការប្រកួតប្រជែង ប្រកបដោយភាពរឹងមាំ ពិសេសការជួយដល់សហគ្រាសធុនតូច និងមធ្យម ដែលធ្វើឲ្យពាណិជ្ជកម្មកាន់តែមានភាពរឹងមាំ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងការអរគុណជូនចំពោះលោកស្រី អារ៉ាន់ឆា ហ្គ្យុងហ្សាឡែស ដែលបានជួយដល់ប្រទេសកម្ពុជា ពិសេសការជួយរៀបចំនូវយុទ្ធសាស្រ្ត សម្រាប់ភាពរឹងមាំរបស់សហគ្រាសធុនតូច និងមធ្យម ។

សម្តេចតេជោបន្តថា កន្លងមកសម្តេចបានចូលរួមជួយ ដល់ការលើកកម្ពស់ដល់សហគ្រាសធុនតូច និងមធ្យមនេះទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ធ្វើយ៉ាងជំរុញកំណើនក្នុងវិស័យនោះកាន់តែរឹងមាំ។
សម្តេចនាយករដ្ឋមន្ត្រីបន្តថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែប្រើគ្រប់វិធីក្នុងការជំរុញដំណើរការ របស់សហគ្រាសធុនតូច និងមធ្យមឲ្យកាន់តែរីកចម្រើន និងមានលទ្ធភាពច្រើនជាមុន ពិសេសការព្រួយបារម្ភពីការរកទីផ្សារ និងប្រភពទុនជាដើម៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម