Connect with us

កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងបញ្ចប់ការសាងសង់ជាស្ថាពរ នាខែឧសភា ឆ្នាំ២០២១

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ CAMSOC បានអញ្ជើញដឹកនាំប្រតិភូចុះត្រួតពិនិត្យមើលការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។

លោក ថោង ខុន មានប្រសាសន៍ថា នៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩នេះ ដំណើរការសាងសង់នៅតែបន្តធ្វើយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីបញ្ចប់តាមគម្រោងនាអំឡុងខែឧសភា ឆ្នាំ២០២១។ ក្រុមហ៊ុនចិនដែលសាងសង់កីឡដ្ឋានធំ គ្រប់គ្រងកម្មករខ្មែរ-ចិនជាង ៥០០នាក់បានល្អណាស់ ក្នុងនោះមានកម្មករខ្មែរជាង ៣០០នាក់ ដោយយឺតយ៉ាវតែទៅលើការដឹកជញ្ជូនសម្ភារបំពាក់ដំបូលប៉ុណ្ណោះ ដែលត្រូវបញ្ជាទិញមកពីអាល្លឺម៉ង់ជាដើម។

លោក ថោង ខុន មានប្រសាសន៍ទៀតថា៖ “ពេលយើងបានទៅពិនិត្យមើលសំណង់កីឡដ្ឋានធំនេះ គឺជាមោទកភាពជាតិ មោទកភាពសម្រាប់ចំណងមិត្តភាពរវាងកម្ពុជា-ចិន ដែលនេះគឺជាអនុស្សាវរីយ៍មួយដ៏ធំធេងនាពេលបច្ចុប្បន្ន ក៏ដូចជាសម្រាប់តទៅកូនចៅខ្មែរយើងតទៅអនាគតផងដែរ”។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ដែរថា កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ នឹងបញ្ចប់ការសាងសង់ជាស្ថាពរ ក្នុងអំឡុងខែឧសភា ឆ្នាំ២០២១ ដើម្បីបម្រើដល់ការរៀបចំការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ក្រោយពេលបញ្ចប់ការសាងសាង់កីឡដ្ឋានធំ (Main Stadium) យើងមានសកម្មភាពច្រើនណាស់ ដូចជាពិធីសម្ពោធជាផ្លូវការ ដែលនៅក្នុងពិធីសម្ពោធនេះនឹងមានការប្រកួតមិត្តភាពរវាងកម្ពុជា-ចិន និងសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រាប់ការប្រកួតជម្រុះអន្តរជាតិ ក្នុងតំបន់អាស៊ាន ក៏ដូចជាទ្វីបអាស៊ីផ្សេងទៀតអាចយកមកប្រកួតនៅពហុកីឡាដ្ឋានជាតិមរតកតេជោ ដើម្បីសាកល្បងនូវទីលានប្រកួតបាល់ទាត់ថ្មី បរិយាកាសថ្មី។ ការប្រកួតបាល់ទាត់អន្តរជាតិនានា អាចនឹងចាប់ផ្តើមធ្វើទៅបានពីអំឡុងពាក់កណ្តាលឆ្នាំ២០២១តទៅ ហើយនៅពហុកីឡដ្ឋានជាតិថ្មីនេះ ក៏នឹងប្រើប្រាស់សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំរបស់សហព័ន្ធកីឡាជាតិមួយចំនួនផងដែរ។ ជារួម ការបើកឱ្យកីឡាករ កីឡាការិនីកម្ពុជា មកប្រកួតនៅទីនេះ គឺដើម្បីឱ្យបន្សាំខ្លួនទៅនឹងកីឡដ្ឋានថ្មី ក្នុងការបង្កើនគុណផលបច្ចេកទេសរបស់ពួកគាត់ឲ្យបានល្អប្រសើរ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម