Connect with us

កម្ពុជា រំពឹងនឹងទទួលបានភ្ញៀវទេសចរតួកគី ច្រើនជាងមុន ក្រោយពេលដែលប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យទេសចរណ៍

ភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគី បានចុះហត្តលេខា លើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រត្តិបត្តិការវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ដែលនឹងជំរុញឲ្យតួកគី អាចនឹងភ្ជាប់ជើងហោះហើរដឹកអ្នកដំណើរដោយត្រង់ពីតួកគីមក កម្ពុជា ក្នុងពេលឆាប់ខាងមុខនេះ។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក Mevlut Cavsoglu រដ្ឋមន្ត្រីការបរទេសតួកគី ក្រោមអធិបតីភាពរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Erdogan ប្រធានាធិបតីតួកគី នៅទីក្រុងអ៊ីស្តានប៊ុល ។

អ្នកជំនាញទេសចរណ៍ បានលើកឡើងថា ប្រទេសតួកគី គឺជាគោលដៅទេសចរណ៍ដ៏សំខាន់របស់ពិភពលោក ហើយប្រទេសនេះ មានប្រជាជនប្រមាណ ៨០លាននាក់ ។ ក្នុងឆ្នាំ២០១៧ប្រជាជនតួកគី បានធ្វើដំណើរទេសចរចេញក្រៅប្រទេស ចំនួន ១៤,៥លាននាក់ ដែលភាគច្រើនគឺ ធ្វើដំណើរទៅកាន់តំបន់អឺរ៉ុប និង អាស៊ី (ភាគច្រើនមកសិង្ហបូរី និង ថៃ)។

បើតាមតួរលេខ កាលពីឆ្នាំ២០១៧ ទេសចរតួកគី មកកាន់កម្ពុជា មានត្រឹមតែ ៨៥០០នាក់ ក្នុងកំណើន ២២,៧% ។ ដោយឡែក កាលពីឆ្នាំ២១០៧ តួកគី ទាក់ទាញបានភ្ញៀវទេសចរអន្តរជាតិមកទស្សនាជាង ៣២,៤១លាននាក់ ក្នុងកំណើន ២៧,៨៤% ជាមួយនឹងចំណូលប្រមាណ ២៧ពាន់លានដុល្លារអាមេរិក ។
ក្នុង រយៈពេល៨ខែ ដើមឆ្នាំ២០១៨ តួគីទទួលបានទេសចរអន្តរជាតិជាង ២២លាននាក់។ នៅឆ្នាំ ២០២៣ តួកគីរំពឹងថា នឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥០លាននាក់ និងមានចំណូលប្រមាណ ៥០ពាន់លានដុល្លារអាមេរិកពីទេសចរណ៍។ ទេសចរអន្តរជាតិ ចូលមកទស្សនាតួកគី ភាគច្រើន គឺ រុស្សី អាល្លឹម៉ង់ អង់គ្លេស ហ្សកហ្សា និងប្រជាជនតួកគីនៅក្រៅប្រទេសប្រមាណ ១៦%។

បច្ចុប្បន្ន Turkish airlines បានភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងអ៊ីស្តានប៊ុល មកកាន់តំបន់អា ស៊ាន ភាគច្រើន តាមរយៈជើងហោះហើរមកម៉ាឡេស៊ី (រយៈពេល ១០ម៉ោង៣៥នាទី), មក បាងកក (ថៃ) (រយៈពេល ០៩ម៉ោង៤៥នាទី), មកសឹង្ហបុរី (រយៈពេល១១ម៉ោង), មកទីក្រុងហូជី មិញ (វៀតណាម) (រយៈពេល១១ម៉ោង)។

បច្ចប្បន្ន មន្ត្រីរាជការកម្ពុជា កាន់លិខិតឆ្លងដែនធ្វើដំណើរទៅតួកគី គឺមិនតម្រូវអោយមានទិដ្ឋាការទេ (ដូចគ្នាទៅនឹងប្រទេសចិន ជប៉ុន កូរ៉េ ផងដែរ)។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា និង តួកគី ដែលបានចុះហត្ថលេខា នេះ បានគូសបញ្ជាក់ច្បាស់ពីការសម្របសម្រួលការធ្វើដំណើរ និង ជំរុញការតភ្ជាប់តាមផ្លូវអាកាស ការសិក្សាទីផ្សារ និងផ្សព្វផ្សាយរួមគ្នា ការផ្លាស់ប្តូរព័ត៌មាន ទិន្នន័យ ស្ថិតិ និងឯកសារគោលនយោបាយ ច្បាប់ទេសចរណ៍ ការអភិវឌ្ឍមូលធនមនុស្ស និងការបណ្តុះបណ្តាលជំនាញវីជ្ជាជីវៈទេសចរណ៍ ការផ្លាស់ប្តូរទស្សនកិច្ចរវាងផ្នែកសាធារណៈ និងឯកជនក្នុងវិស័យទេសចរណ៍ដើម្បីបង្កើតបណ្តាញធុរកិច្ចទេសចរណ៍ និងគំរោងវិនិយោគទេសចរណ៍ និងចូលរួមរាល់ព្រឹត្តិការណ៍ សិក្ខាសាលា សន្និសីទ និងកិច្ចប្រជុំនានាទៅវិញទៅមក។

ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍នេះ និងក្រោយពេលដែលមានកិច្ចព្រមព្រៀងស្តីពីការមិនយកពន្ធត្រួតគ្នារវាងកម្ពុជា និងតួកគីហើយ កម្ពុជាសង្ឃឹមថា នឹងបានទទូលក្រុមហ៊ុន Turkish Airlines ហោះហើរត្រង់ពីតួកគីមកកម្ពុជា នៅពេលដ៏ខ្លីខាងមុខនេះ។ បច្ចុប្បន្ន ក្រុមហ៊ុន Turkey Airlines បានធ្វើការហោះហើរត្រង់មកកម្ពុជា ប្រចាំសប្តាហ៍ក្នុងលក្ខណៈ ជា Cargo ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម