Connect with us

ខែនេះ បើបានទៅលេងប្រាសាទបាណន់ ដឹងតែត្រជាក់ស្រួលហើយអាចស្រូបយកខ្យល់បរិសុទ្ធទៀត!

បាត់ដំបង៖ ប្រាសាទបាណន់ ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ ដែលមានប្រាង្គប្រាសាទបុរាណ ឈ្មោះ ប្រាសាទបាណន់ ស្ថិតនៅលើកំពូលភ្នំបាណន់។

រមណីយដ្ឋាននេះ ស្ថិតនៅខាងត្បូងទីរួមខេត្ដបាត់ដំបងមានចម្ងាយប្រមាណ ២០គ.ម ដោយគិតចាប់ពីសាលាខេត្ដបាត់ដំបងរហូតទៅដល់ប្រាសាទបាណន់។ ភ្ញៀវទេសចរអាចធ្វើដំណើរ ដោយមធ្យោបាយ រថយន្ដ ម៉ូតូ ចេញពីទីរួមខេត្ដបាត់ដំបងតាមផ្លូវលេខ P១៥៧១ និងផ្លូវលេខ៨០០ អមតាមមាត់ស្ទឹងសង្កែ។ វាមានទីតាំងស្ថិតនៅក្នុងភូមិបាណន់ ឃុំកន្ទឺពីរ ស្រុកបាណន់។

ប្រាសាទបាណន់ បានសាងសង់ឡើងនៅពាក់កណ្ដាលសតវត្សទី១១ និងចុងសតវត្សរ៍ទី១២។ ព្រះរាជាដែលបានកសាងមុនគេគឺព្រះបាទ ឧទយាទិត្យាវរ្ម័នទី២ (១០៥០-១០៦៦) ក្រោយមកត្រូវបានបពា្ចប់ដោយព្រះបាទ ជ័យវរ្ម័នទី៧ (១១៨១-១២១៩) ។ ប្រាង្គប្រាសាទនេះសង់នៅលើកំពូលភ្នំបាណន់ តម្រៀបគ្នាមានលក្ខណៈដូច ប្រាសាទអង្គរវត្ដ ប៉ុន្ដែជាសំណង់ដាច់ៗពីគ្នាធ្វើអំពីឥដ្ឋថ្មបាយគ្រាម និងថ្មភក់។

លោក HENRY MOUHOTជាជនជាតិបារាំង ដែលជាអ្នកស្រាវជ្រាវរកឃើញអង្គរវត្ដបានរាយការណ៏១៤០ឆ្នាំកន្លងទៅហើយថា ទឹកនៅក្នុងល្អាង ដ៏ពិសិដ្ឋ ដែលផឹកវាទៅនាំឱ្យដឹងដល់អតីតកាល អនាគតកាល និងបច្ចុប្បន្នកាល។ ឈ្មោះល្អាងក្នុងសម័យនោះ គេហៅថាគុហាព្រះទឹក (ល្អាងទឹកពិសិដ្ឋ)។

រមណីយដ្ឋាននេះ មានប្រាសាទនៅលើកំពូលភ្នំ ឯនៅជើងភ្នំមានគូទឹក និងល្អាងសំខាន់ពីរគឺ ល្អាងមួយឈ្មោះ ល្អាងអង្គរបិទមាស មានន័យថា ជញ្ជាំងគ្របដណ្ដប់ដោយមាស ទោះបីគេមិនឃើញមានមាសនៅទីនោះក៏ដោយ ក៏អ្នកអាចឃើញទឹកបពោ្ចញពន្លឺផេ្លកៗស្រក់មកពីដំបូលល្អាង និង ល្អាងមួយទៀតឈ្មោះល្អាងឈូង ហៅថា ឈូងអាជ័យ។ នៅជើងភ្នំ និងកំពូលភ្នំមានព្រៃឈើតូចធំដុះចម្រុះគ្នា យ៉ាងក្រាស់ដែលផ្ដល់ម្លប់ដ៏ត្រជាក់។ អ្នកទេសចរអាចស្ដាប់សំឡេង សត្វយំយ៉ាងពីរោះរណ្ដំ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងសម្រាកកាយនៅក្នុងល្អាងយ៉ាងត្រជាក់។ នៅទីធ្លាច្រកចូល មានអាហារដ្ឋាន និងតូបលក់ភោគផលក្នុងស្រុកមានសណ្ដាប់ធ្នាប់និងសន្ដិសុខល្អ។

លើសពីនេះទៅទៀត ភ្ញៀវទេសចរ អាចធ្វើដំណើរតាមកាំជណ្ដើរដែលធ្វើអំពីថ្មបាយក្រៀមមានបង្កាន់ដៃនាគ ចាប់ពីជើងភ្នំរហូតទៅដល់កំពូល ភ្នំប្រាសាទ ហើយវាមានដំណាក់សម្រាកជើងពីរកន្លែងទៀតផង។ អី្វដែលសំខាន់ជាងនេះទៅទៀតនោះ គឺនៅក្នុងល្អាង នៅលើភ្នំ ជ្រលងភ្នំ មានព្រៃឈើស្រស់ស្អាត និងសត្វជាច្រើនប្រភេទនៅទីនោះផងដែរ។ ក្រៅពីការទស្សនកិច្ចប្រាសាទ ភ្ញៀវទេសចរអាចជិះទូកលេងនៅកស្សិណទឹក ដាក់ចំណីត្រី ទិញផ្លែឈើដែលត្រូវបានដាំដុះក្នុងតំបន់នោះ ព្រមទាំងពិសារអាហារឆ្ញាញ់នៅតាមតូបកញ្ចុះមាត់ទឹកផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម