ជប៉ុន នឹងប្រើប្រាស់ថវិកាប្រមាណ៣០លានដុល្លាអាមេរិក សម្រាប់អនុវត្តគម្រោងការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី៤
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ និងមន្រ្តីជំនាញទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA គ្រោងអនុវត្តគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូ នៅចុងខែវិច្ឆិកាឆ្នាំ២០១៨ខាងមុខ ។
យោងតាមមន្រ្តីមន្ទីរសាធារណការ និងដឹកជញ្ជួនរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោមកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសជប៉ុន នាថ្ងៃទី២៣ខែតុលា ម្សិលមិញ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានរៀបចំការដេញថ្លៃគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ នៅទីក្រុងតូក្យូ ដោយមានការចូលរួមពីលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ។
គម្រោងនេះ មានទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលនឹងចាប់ផ្តើមអនុវត្តគម្រោងនៅចុងខែវិច្ឆិកាឆ្នាំ២០១៨ខាងមុខ ។
សូមរំឮកថា ក្នុងឱកាសសម្ពោធ គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូ ជំហានទី៣ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានលើកឡើងថា ក្នុងរាជធានីភ្នំពេញ បានជួបប្រទះបញ្ហាកកស្ទះ៣យ៉ាងធំៗ ដែលចាំបាច់ត្រូវដោះស្រាយ៖ គឺកកស្ទះជំនន់ទឹកភ្លៀង កកស្ទះសំរាម និងកកស្ទះចរាចរ ។
សម្ដេច បញ្ជាក់ថា ទោះបីជាគម្រោងការពារទឹកទំនន់ និងកែលំអប្រព័ន្ធប្រឡាយលូ បានធ្វើជាបន្តបន្ទាប់ ចាប់ពីជំហានទី១មកក្តី ក៏មិនអាចជៀសផុតពីការជន់លិចដោយជំនន់ទឹកភ្លៀងដែរ ព្រោះភូមិសាស្ត្រដី នៅរាជធានីភ្នំពេញទាបជាងនីវ៉ូទឹកសមុទ្រ ។ សម្តេចបន្ថែមថា ការជន់លិចក្នុងកំឡុងពេលភ្លៀងខ្លាំងម្តងៗ គឺដោយសារប្រព័ន្ធលូក្នុងរាជធានីភ្នំពេញ ដែលទទួលរងទឹកភ្លៀង វាមិនគ្រប់ក្នុងការរំដោះទឹកចេញ គឺបើមានធ្លាប់ពី៨០ ទៅ១០០មីលីម៉ែត្រក្នុងមួយពេល គឺទោះបីជាលូធំប៉ុណ្ណា ក៏ត្រូវលិចមួយភ្លេតដែរ។ សម្តេចលើកឡើងថា មិនថាតែក្រុងភ្នំពេញទេ សូម្បីតែទីក្រុងឡុង ទីក្រុងបាងកក ក៏លិចដែរ ហើយទីក្រុងណាក៏លិចដែរ សូម្បីតែជប៉ុនដែលជាម្ចាស់ជំនួយនេះក៏ធ្លាប់លិចដែរ។
យ៉ាងណាក៏ដោយ សម្តេចតេជោ បានធ្លាប់មានប្រសាសន៍លើកឡើងដែរថា កាលពីមុនភ្លៀងតិចរឺច្រើន គឺលិចរហូត ប៉ុន្តែឥឡូវនេះ គឺប្រសើរជាងមុន គឺទាល់តែភ្លៀងខ្លាំងបានលិច នេះជាអ្វីដែលបានធ្វើ តាំងពីជំហានទី១ មកដល់ជំហានទី៣ និងនៅតែបន្តជំហានទី៤ទៀត
សូមបញ្ជាក់ថា គម្រោងដែលត្រូវអនុវត្តជំហានទី៤ រួមមាន៖
១-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គម
២-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង ៤.៤គម
៣-សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC
៤-តម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ៍បូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និងទី៥-ផ្តល់រថយន្តបូមទឹកចល័ត ចំនួន ២គ្រឿង៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍