Connect with us

ដោយសារតែការពុលស្រាសកាលពីពេលថ្មីៗនេះ អាជ្ញាធរបង្ខំចិត្តបិទទីតាំងសិប្បកម្មស្រាស ជាង ៧៦០កន្លែងទូទាំងខេត្តក្រចេះ

ក្រចេះ: ទីបំផុត អាជ្ញាធរខេត្តក្រចេះ បង្ខំចិត្តប្រកាសបិទទីតាំងសិប្បកម្មផលិតស្រាសជាង ៧០០ កន្លែងនៅទូទាំងខេត្ត ក្រោយមានហេតុការណ៍ពុលស្រាស កាលពីពេលថ្មីៗនេះ ដែលបណ្តាលអោយមានមនុស្សស្លាប់ ៥នាក់ និង ជាង ៧០នាក់ បានធ្លាក់ខ្លួនឈឺនាស្រុកសំបូរ ។

បើតាមការដកស្រក់សម្តីពីប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តក្រចេះ នាថ្ងៃម្សិលម៉ិញ នេះ អាជ្ញាធរខេត្ត បានប្រកាសបិទមិនឱ្យធ្វើអាជីវកម្មផលិត និងលក់ដូរជាបណ្ដោះអាសន្នដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខុមាលភាពអ្នកបរិភោគ ។ បម្រាមនៃការផ្អាកការធ្វើអាជីវកម្ម ផលិត លក់ដូរ និងទទួលទានស្រាសនេះ មិនកំណត់ថិរវេលាទេ គឺវាមានប្រសិទ្ធភាពរហូតដល់ករណីពុលស្រាសនេះ ត្រូវស្ងប់ស្ងាត់ទាំងស្រុង ។

តាមស្ថិតិ បានអោយដឹងថា សិប្បកម្មផលិតស្រាស ទូទាំងខេត្តក្រចេះ មានសរុប ៧៦១ កន្លែងដែលបានបិទ ក្នុងនោះ មានតែជាង ១០ ភាគរយប៉ុណ្ណោះ ដែលបានចុះបញ្ជិកាត្រឹមត្រូវ ឯក្រៅពីនោះ ជាសិប្បកម្មខ្នាតតូចជាលក្ខណៈគ្រួសារ។

ជាមួយគ្នានេះ មន្ត្រីជំនាញ ក៏កំពុងបន្តចុះអប់រំពលរដ្ឋ និង អាជីវករអំពីនីតិវិធីតាមផ្លូវច្បាប់ និងបទដ្ឋានបច្ចេកទេសផលិតស្រាសនេះ ។
គួរបញ្ជាក់ថា ករណីពុលស្រានៅស្រុកសំបូរ ខេត្តក្រចេះបានបង្កឲ្យមនុស្ស ៥ នាក់ស្លាប់ និង ៧៦ នាក់ទៀត បានធ្លាក់ខ្លួនឈឺ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណៈសិប្បករផលិតស្រាសម្នាក់ឈ្មោះ គជ់ សុខហេង ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារខេត្តក្រចេះ ដោយចោទពីបទ «មនុស្សឃាតដោយអចេតនា» តាមមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីមន្ត្រីជំនាញរកឃើញមានសារធាតុមេតាណុលកម្រិតខ្ពស់ក្នុងផលិតផលស្រាសរបស់គាត់ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម