Connect with us

បែកធ្លាយការពិតហើយ អូតែសស្រស់ស្អាតដែលស្លាប់ គឺជាករណីរំលោភសម្លាប់

ហ្វីលីពីន៖ ប៉ូលិសក្រុងម៉ាកាទី ប្រទេសហ្វីលីពីន កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ បានចោទប្រកាន់បុរស១១នាក់ ទាក់ទងនឹងបទរំលោភហើយសម្លាប់ នារីអូតែសដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ Christine Angelica Dacera អាយុ ២៣ឆ្នាំ នៃក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនអ៊ែរឡាញ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីក្រុមជនសង្ស័យ និងនារីរងគ្រោះ បានជួបជុំធ្វើពីធីអបអរសារទរឆ្លងឆ្នាំសាកលកន្លងទៅ។

ប៉ូលិស បានប្រាប់សារព័ត៌មានក្នុងស្រុកថា ពួកគេបានចោទប្រកាន់ជនសង្ស័យដែលមានគ្នា ១១នាក់ ទោះបីជាលទ្ធផលកោសល្យវិច័យ គ្រោងចេញនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះក៏ដោយ។

គិតត្រឹមថ្ងៃទី០៥ មករានេះ ជនសង្ស័យចំនួន ០៣នាក់ អាយុពី ២៥-២៧ឆ្នាំ ត្រូវជាអ្នកស្គាល់គ្នាជាមួយជនរងគ្រោះ ត្រូវបានចាប់ខ្លួន។ ចំណែក ជនសង្ស័យ ០៨នាក់ទៀត កំពុងរត់គេច។

ម្ដាយរបស់ជនរងគ្រោះ បានប្រាប់សារព័ត៌មានថា គាត់បានអនុញ្ញាតឱ្យកូនស្រីគាត់ ទៅចូលរួមជប់លៀង ព្រោះគាត់ជឿទុកចិត្តលើមិត្តរួមការងាររបស់កូនស្រីគាត់។

សូមរំឭកថា អូតែស Christine Angelica Dacera អាយុ ២៣ឆ្នាំ បានឆេកអ៊ីននៅសណ្ឋាគារ City Garden ជាមួយមិត្តរួមការងារចំនួន ៣នាក់ នាម៉ោង១២:៣០នាទី ឆ្លងចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២១។

បន្ទាប់ពីការជួបជុំសប្បាយរីករាយរួច ឈ្មោះ Galida ភេទប្រុស ត្រូវជាមិត្តរួមការងាររបស់នារីអូតែសខាងលើ បានឃើញនាងគេងនៅក្នុងបន្ទប់ទឹក។ រួចគេក៏បានយកភួយដណ្ដប់ឱ្យនាង រួចត្រឡប់ទៅគេងវិញ។ ប៉ុន្មានម៉ោងក្រោយមក បុរសត្រូវជាមិត្តភ័ក្តិ បានងើបពីដំណេកម្ដងទៀត ហើយក៏ប្រទះឃើញនារីឡើងស្លេកស្លាំងទៅហើយ។ ទោះជាមានការជួយពីសំណាក់គ្រូពេទ្យយ៉ាងណាក៏ដោយ ក៏នាងត្រូវបានប្រកាសថាស្លាប់នៅមន្ទីរពេទ្យ។

តាមការសន្និដ្ឋានបឋមរបស់ប៉ូលិស នាងអាចស្លាប់ដោយសារជំងឺសរសៃប្រសាទ។ ប៉ុន្តែលើសព មានស្នាមរលាត់ របួស និងស្នាមជាំ ដែលប៉ូលិសសង្ស័យថា ជាករណីរំលោភសម្លាប់។ ប៉ូលិស បានបន្តថា ក្រៅពីមិត្តរួមការងារ ជនរងគ្រោះបានជួបជុំជាមួយអ្នកស្គាល់គ្នាផ្សេងទៀត ដែលក្នុងកម្មវិធីជប់លៀងមួយក្នុងបន្ទប់សណ្ឋាគារមានមនុស្សប្រហែល ១០នាក់៕

ប្រភព៖ Coconuts

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម