Connect with us

ធ្លាប់មានបទពិសោធន៍ជិះទូកទៅលេងកោះហើយឬនៅ? ស្ទូចត្រីអាំងញ៉ាំលើទូក មុជទឹកមើលផ្កាថ្មបែបធម្មជាតិៗ

ដើរលេង៖ កោះពោធិ៍ គឺជាកោះមួយដែលមានទេសភាពស្រស់ស្អាត រហូតបានក្លាយជាគោលដៅទេសចរណ៍មួយដែលមានឆ្នេរខ្សាច់ពណ៌ពងមាន់បរិយាកាសស្ងប់ស្ងាត់ល្អហ៊ុមព័ទ្ធទៅដោយដើមឈើពណ៌បៃតង ខ្យល់អាកាសបរិសុទ្ធនាំយកអារម្មណ៍ដ៏ស្ងប់សុខ ស្រាកស្រាន្ត រំសាយនូវភាពនឿយហត់តប់ប្រមល់អស់គ្មានសល់។

កោះពោធិ៍ដែលជាមូលដ្ឋានរបស់អ្នកនេសាទប្រមាណជា ៥០ គ្រួសារនៅទីនោះ ពោលគឺអ្នកនៅទីនោះទាំងស្រុងតែម្តងបានចាប់យកការធ្វើនេសាទដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ យ៉ាងណាមិញ កោះពោធិ៍មិនមានអគ្គិសនី មន្ទីរពេទ្យ សាលារៀនឡើយដោយសារទីនោះជាភូមិដាច់ស្រយាលមួយដែលមានចម្ងាយប្រមាណ ១០ សហាតិមាត្រពីក្រុងកែប។

ទោះជាយ៉ាងណា កោះពោធិ៍ បានទាក់ទាញភ្ញៀវទេសចរដោយទឹកសមុទ្រថ្លាឆ្វង់ដែលភ្ញៀវទេសចរអាចទិញសំបុត្រទូកធ្វើដំណើរទៅទីនោះ និងអាចស្ទូចត្រី អាំងគ្រឿងសមុទ្រស្រស់ៗញ៉ាំនៅលើទូក ស្រូបយកខ្យល់អាកាសបរិសុទ្ធពីផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ មុជទឹកមើលផ្កាថ្ម និងសកម្មភាពកម្សាន្តនានាទៀតជាច្រើន ព្រមទាំងអាចឆ្លៀតពេលទៅកម្សាន្តនៅលើកោះផ្សេងទៀតនៅជិតៗនោះបានទៀតផង។

មិនត្រឹមតែអាចទៅកម្សាន្តវិលល្ងាចប៉ុណ្ណោះទេ តែភ្ញៀវទេសចរថែមទាំងអាចទៅគេងលើកោះដោយការបោះតង់បែបធម្មជាតិៗសប្បាយជុំគ្នាជាមួយបងប្អូន មិត្តភ័ក្តិ ដែលទីនោះមានជួលតង់មិនពិបាកវេចស្ពាយសំពីងសំពោងច្រើន៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម