Connect with us

កម្ពុជា-ADB ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់គម្រោងចំនួន៤ ដែលមានទឹកប្រាក់សរុបជិត ២៥០លានដុល្លារ

ភ្នំពេញ ៖ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Sunniya Durrani-Jamal នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) នៅថ្ងៃនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់គម្រោង និង កម្មវិធីចំនួន ០៤ ដែលមានទឹកប្រាក់សរុបជិត ២៥០លានដុល្លារអាមេរិក ។

កិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់គម្រោង និង កម្មវិធីចំនួន ០៤ រួមមាន ៖

  1. កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិជំហានទី២ ដែលគ្រោងចំណាយថវិកាសរុបប្រមាណ ៥៣,៥០លានដុល្លារអាមេរិក សម្រាប់អនុវត្តយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០១៤-២០១៨ និងការព្យាករណ៍តម្រូវការអភិវឌ្ឍន៍វិស័យអប់រំឆ្នាំ២០២០ និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។
  2. គម្រោងកែលម្អ ការគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ដែលគ្រោងចំណាយថវិកាសរុបប្រមាណ ៩៧,៧០ លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍ និងការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្រុង អាទិភាពចំនួន ០៣ ពោលគឺ ក្រុងស្ទឹងសែន, ក្រុងសិរីសោភ័ណ្ឌ និងក្រុងបាត់ដំបង តាមរយៈការសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន៣, ប្រព័ន្ធបណ្តាញ លូ និងសាងសង់ទីលានចាក់សំរាម។ គម្រោងនេះ ក៏នឹងជួយពង្រឹងសមត្ថភាពស្ថាប័នពាក់ព័ន្ធ ដើម្បីផ្តល់សេវា និងកែលម្អគោលនយោបាយគ្រប់គ្រងកាកសំណល់រឹង, ទឹកកខ្វក់, បណ្តាញលូរំដោះទឹកភ្លៀងក្រុង និងបរិស្ថានប្រកបដោយនិរន្តរភាពផងដែរ។
  3. គម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង នៃមហាអនុតំបន់មេគង្គជំហានទី៤ ដែលគ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ៨៨,៥០ លានដុល្លារអាមេរិក សម្រាប់ការពង្រីកសេវាសាធារណៈនៅទីប្រជុំជន ដែលនឹងជួយលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់ តាមរយៈការអភិវឌ្ឍក្រុងរបៀងអាទិភាពចំនួន ០៣ ពោលគឺក្រុងកំពង់ចាម, ក្រចេះ និងស្ទឹងត្រែង ដែលជាក្រុងរបៀងនៃមហាអនុតំបន់មេគង្គ ដោយរួមមាន ការសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់, ការតភ្ជាប់ប្រព័ន្ធលូរំដោះទឹកដល់ប្រជាជន, ការសាងសង់ទីលានចាក់សំរាម និងការសាងសង់ស្ថានីយ៍បូមទឹកកខ្វក់ ។
  4. គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គជំហានទី២ ដែលគ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ៣០,៨៩លាន ដុល្លារអាមេរិក ក្នុងគោលបំណងបង្កើនការទាក់ទាញទេសចរណ៍ក្នុងខេត្តគោលដៅចំនួន ០២ ពោល គឺខេត្តកែប និងខេត្តព្រះសីហនុ ដោយផ្តោតលើការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងកសាងកំពង់ផែទេសចរខ្នាតតូចចំនួន២, ការធ្វើឲ្យប្រសើរឡើងនូវអនាម័យទីក្រុង, និងការកសាងសមត្ថភាពក្នុងការគ្រប់គ្រងកំណើនទេសចរណ៍ប្រកបដោយចីរភាព។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ ADB ដែលបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ សរុបប្រមាណ ៣,១៩ប៊ីលានដុល្លារអាមេរិក ដោយគិតបញ្ចូលទាំងកិច្ចព្រមព្រៀងរបស់គម្រោងនិងកម្មវិធីទាំង ០៤ ដែលបានចុះហត្ថលេខាក្នុងថ្ងៃនេះ ដែលក្នុងនោះ ឥណទានសម្បទានមានទឹកប្រាក់សរុបចំនួន ២,៧០ប៊ីលានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់ប្រមាណ ៤៩០លានដុល្លារអាមេរិក៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម