Connect with us

ទឹកប្រាក់ជាង ៣០លានដុល្លារ ត្រូវបានចំណាយសម្រាប់ការទិញ-លក់ ក្នុងពិព័រណ៍អចលទ្រព្យ កម្ពុជា ឆ្នាំ២០១៨ កើនឡើង ១០លានដុល្លា ធៀបឆ្នាំមុន

ភ្នំពេញ ៖ ពិព័រណ៍អចលនទ្រព្យរបស់ Realestate.com.kh ក្នុងឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ ការប្រមូលផ្តុំអ្នកជំនាញ អាជីវកម្ម និងអតិថិជនដ៏ច្រើនសម្បើម គឺជាព្រឹត្តិការណ៍កាន់តែធំ និង ល្អជាងឆ្នាំមុន ហើយទឹកប្រាក់រាប់លានដុល្លារ ត្រូវបានចំណាយ សម្រាប់ការទិញ-លក់អចលនទ្រព្យនៅកម្ពុជា ។
ពិព័រណ៍នេះ ត្រូវបានបិទបញ្ចប់ដោយភាពជោគជ័យ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ និង ថ្ងៃទី ២០ខែតុលា ដោយមានអ្នកតំណាងមកពីក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុក និងអន្តរជាតិ ភាគីធនាគារ ក្រុមហ៊ុនសំណង់ ទីប្រឹក្សាច្បាប់ ក្រុមហ៊ុនបច្ចេកវិទ្យា អ្នកសេដ្ឋកិច្ច និងក្រុមហ៊ុនជាច្រើនទៀត ។ បើតាមរបាយការណ៍ បានបង្ហាញថា ការទិញអចលនទ្រព្យនៅក្នុងពិព័រណ៍ឆ្នាំនេះ មានការកើនឡើងជាងឆ្នាំមុន ដែលសរុបជាទឹកប្រាក់ប្រមាណ ៣០លានដុល្លារ ។
លោក Tom O’Sullivan នាយកប្រតិបត្តិនៃក្រុមហ៊ុន Realestate.com.kh បានប៉ាន់ប្រមាណថា មនុស្សជាង ៥ពាន់នាក់ បានចូលរួមពិព័រណ៍នៅក្នុងឆ្នាំនេះ ដែលច្រើនជាងកាលពីឆ្នាំមុន។


លោក បានបញ្ជាក់ថា ភាពរីកចម្រើនយ៉ាងឆាប់រហ័ស គឺបានបង្ហាញឱកាសសម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលមិនធ្លាប់មានពីមុនមក។ ការតាំងពិព័រណ៍ បានផ្តល់ឱ្យអ្នកចូលរួមនូវឱកាសវិនិយោគថ្មីៗ ជាមួយគម្រោងលំនៅដ្ឋាន បុរី ខុនដូ និង គម្រោងអភិវឌ្ឍន៍ចម្រុះ។ អ្នកទិញ និងវិនិយោគិនមក ពីក្នុងស្រុក និងក្រៅស្រុកបានជួបជុំគ្នា សម្រាប់ឱកាសល្អបំផុតក្នុងការទំនាក់ទំនងជាមួយគ្នា។
លោក Tom O’Sullivan បានលើកឡើងថា ឱកាសនេះបានជួយអ្នកគ្រប់គ្នាក្នុងវិស័យនេះឲ្យបានស្វែងយល់កាន់តែស៊ីជម្រៅពីកម្ពុជា ។
នៅពេលអ្នកវិនិយោគបានមកដល់រាជធានីភ្នំពេញ ដើម្បីចូលរួមជាមួយពិព័រណ៍នេះ ពួកគេបានមើលឃើញពីភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ។ កត្តានេះ នឹងផ្តល់ទំនុកចិត្តដល់វិនិយោគិន ឲ្យងាកមកវិនិយោគលើវស័យអចលនទ្រព្យនៅកម្ពុជា ។ ជាមួយគ្នានេះផងដែរ ទឹកប្រាក់សរុបដែលបានលក់នៅក្នុងកម្មវិធីពិព័រណ៍អចលនទ្រព្យ បានកើនឡើង ១០លានដុល្លារ ។
កម្មវិធីនេះអាចដំណើរបានដោយមានការម្ចាស់ឧបត្ថម្ភធំ ដូចជា ក្រុមហ៊ុន Ezecom ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណិតឈានមុខគេនៅកម្ពុជា និងក្រុមហ៊ុន Belt Road Capital Management ជាអ្នកគ្រប់គ្រងលើការវិនិយោគឯកជន នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ។
ចំពោះដៃគូផ្សាយសម្រាប់ការតាំងពិព័រណ៍ដ៏ធំនេះ មានដូចជា៖ ទូរទស្សន៍ CTN និងទូរទស្សន៍ MyTV ក៏ដូចជាសារព័ត៌មានល្បីៗជាច្រើនផ្សេងទៀតផងដែរ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម