Connect with us

ក្រុមអ្នករុករក ស្រង់បានប្រអប់ខ្មៅរបស់យន្តហោះដែលធ្លាក់ចូលសមុទ្រនៅឥណ្ឌូណេស៊ី

ហ្សាកាតា៖ កាលពីថ្ងៃអង្គារ ក្រុមអ្នកមុជទឹកឥណ្ឌូណេស៊ី ស្រង់បានប្រអប់ខ្មៅរបស់យន្តហោះប៊ូអ៊ីង ៧៣៧ (Boeing 737) ដែលបានធ្លាក់ចូលក្នុងសមុទ្រជ្វាកាលពីថ្ងៃសៅរ៍ បណ្តាលឱ្យមនុស្ស ៦២នាក់នៅលើនោះបានបាត់បង់ជីវិត។

មេបញ្ជាការកងទ័ពអាកាសឥណ្ឌូណេស៊ីបាននិយាយថា ក្រុមអ្នកមុជទឹកនៅកំពុងកំណត់ទីតាំងរបស់ឧបករណ៍សម្រាប់ថតសំឡេងក្នុងបន្ទប់អាកាសយានិក។

អាជ្ញាធរបាននិយាយថា គេត្រូវចំណាយពេល២ទៅ៥ថ្ងៃដើម្បីទាញយកទិន្នន័យទាំងអស់នៅក្នុងប្រអប់ខ្មៅនោះ។ បន្ទាប់មកក្រុមអ្នកស៊ើបអង្កេតនឹងធ្វើការវិភាគដើម្បីស្វែងរកមូលហេតុនៃការធ្លាក់នេះ។

យន្តហោះដែលមានអាយុកាលប្រើប្រាស់២៦ឆ្នាំនោះ បានជាប់ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសដើម្បីធ្វើការហោះហើរកាលពីខែមុន។ ទិន្នន័យបឋមបានបង្ហាញថា វានៅដំណើរការធម្មតា
និងមិនមានខូចខាតកន្លែងណាមួយទេមុនពេលធ្លាក់។

គួរបញ្ជាក់ថា យន្តហោះប៊ូអ៊ីង ៧៣៧ (Boeing 737) របស់ក្រុមហ៊ុនអាកាសចរណ៍ ស្រ៊ីវីចាវ៉ា អ៊ែរ (Sriwijava Air) បានធ្លាក់បន្ទាប់ពីបានហោះចេញពីអាកាសយានដ្ឋានក្នុងទីក្រុងហ្សាកាតាបានតែ៤នាទីប៉ុណ្ណោះ ក្នុងគោលដៅឆ្ពោះទៅកាន់ទីក្រុង ប៉ុនទៀណាក់ (Pontianak) នៅលើកោះបូណេអូ (Borneo)៕

ប្រែសម្រួល៖ នីតា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម