Connect with us

យូធូប ផ្អាកឆាណែលលោក ដូណាល់ ត្រាំ ក្រោយបំពានច្បាប់លើការបញ្ឆេះអំពើហិង្សា

អាមេរិក៖ យូធូប (YouTube) បានបញ្ជាក់ថា ខ្លួនបានផ្អាកដំណើរឆាណែលរបស់ប្រធានាធិបតី ដូណាក់ ត្រាំ ខណៈឆាណែលនេះ បានរំលោភបំពានច្បាប់ស្តីពីការបញ្ឆេះអំពើហិង្សា ពោលគឺបន្ទាប់ពីហេតុការណ៍វាយប្រហារលើវិមានសភាអាមេរិក កាលពីសប្ដាហ៍មុន ពីសំណាក់អ្នកគាំទ្រលោកត្រាំ។

ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃអង្គារ ទី១២ ខែមករា យូធូប លើកឡើងថា ឆាណែលយូធូបលោកត្រាំ ត្រូវបានរារាំងពីការបង្ហោះវីដេអូថ្មី ឬផ្សាយផ្ទាល់យ៉ាងហោចណាស់ ៧ ថ្ងៃ ហើយក៏អាចពន្យារពេលចំណាត់ការនេះផងដែរ។

គេសង្កេតឃើញថា ក្រុមហ៊ុនបណ្ដាញសង្កម និងបណ្ដាញផ្សព្វផ្សាយអនឡាញ កំពុងព្យាយាមដាក់ចេញវិធានការប្រឆាំងក្រុម ឬបុគ្គល ដែលជំរុញ ឬចូលរួមដោយផ្ទាល់ក្នុងអំពើហិង្សាក្នុងវិមានសភា ក្នុងរដ្ឋធានី វ៉ាស៊ីនតោន។

ជាមួយគ្នានេះដែរ ចំណាត់ការរបស់យូធូបប្រឆាំងលោកប្រធានាធិបតីជិតផុតអាណត្តិអាមេរិករូបនេះ កើតឡើងក្រោយពីអង្គការសិទ្ធិមនុស្សអាមេរិកជាច្រើន បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters) ដូច្នេះថា ពួកគេបានរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីជំរុញការធ្វើពិហិការប្រឆាំងក្រុមហ៊ុន យូធូប ប្រសិនបើក្រុមហ៊ុនអាមេរិកនេះ ពុំលុបឆាណែលយូធូបលោកត្រាំទេនោះ។

សូមរម្លឹកថា អ្នកគាំទ្រផ្កាប់មុខរបស់លោកត្រាំ បានសម្រុកចូលវិមានសភាអាមេរិក កាលពីថ្ងៃពុធសប្ដាហ៍មុន ដោយប៉ុនប៉ងផ្អាកនីតិវិធីរបស់សភាក្នុងការបញ្ជាក់ជ័យជម្នះរបស់លោកប្រធានាធិបតីជាប់ឆ្នោត ចូ បៃឌិន។ មនុស្ស៥នាក់បាត់បង់ជីវិតក្នុងហេតុការណ៍នេះ ខណៈរាប់សិបនាក់ ត្រូវបានចាប់ខ្លួន។

ក្រោយហេតុការណ៍ ក្រុមហ៊ុន ធ្វីសធឺ (Twitter) និងហ្វេសប៊ុក (Facebook) បានសម្រេចលុបគណនីរបស់លោកត្រាំចោល ហើយក៏បាននិងកំពុងលុបមាតិកាជាច្រើន ដែលគាំទ្រអំពើហិង្សាកាលពីសប្ដាហ៍មុនផងដែរ៕

អត្ថបទ៖ អ៊ឹម ម៉េងស៊ាង

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម