Connect with us

គម្រោងផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប សម្រេចបានជាង ១៤ %

សៀមរាប៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប សម្រេចបាន ១៤,២៧% ដែលរួមបញ្ចូលការងារសាងសង់រួច និងសម្ភារដែលបានបញ្ជូនដល់ការដ្ឋាន គិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

ការឱ្យដឹងដូច្នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំចង្អៀត ដើម្បីពិភាក្សាលទ្ធផលការងារអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មការអន្តរក្រសួង នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅទីស្តីការគណ:រដ្ឋមន្ត្រី ដោយមានការចូលរួមពីលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការអន្តរក្រសួង ព្រមទាំងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធ។

គម្រោងសាងសង់ផ្លូវ៣៨ខ្សែ នៅទីរួមខេត្តសៀមរាប បានបើកសម្ពោធការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ គម្រោងនេះ នឹងចំណាយពេល ១៣ខែ ហើយក្រសួងសាធារណការ និងដឹកជញ្ជូន បង្គាប់ឱ្យអង្គភាពរបស់ខ្លួនមួយ ដើម្បីសាងសង់លូសម្រាប់រំដោះទឹកភ្លៀង។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទម្លាក់កញ្ចប់ថវិកាចំនួន ១៥០លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍កសាងផ្លូវ ៣៨ខ្សែ នៅទីរួមខេត្តសៀមរាប ដើម្បីជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិក្រោយវិបត្តិជំងឺកូវីដ១៩៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម