Connect with us

រដ្ឋមន្រ្តីបរិស្ថាន ស្នើវិស័យឯកជន ការកាត់បន្ថយការប្រើប្រាស់សំណល់ សំរាម ប្លាស្ទិក និងធ្វើការទាញយកធនធានពីសំណល់មកធ្វើការកែច្នៃឡើងវិញ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កោះប្រជុំភាគីពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្តដោយមានភាពជាក់លាក់ សម្រាប់ការគ្រប់គ្រងសំរាម និងសំណល់រឹង នៅតាមទីប្រជុំជន ដោយបញ្ជៀសបាននូវផលប៉ះពាល់អវិជ្ជមានទាំងឡាយ ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ ដល់សុខភាពមនុស្ស។
កិច្ចប្រជុំ បានធ្វើឡើងនាទីស្តីការក្រសួងបរិស្ថាន ក្នុងគោលបំណងពិភាក្សាស្តីពីការគ្រប់គ្រង និងការកែច្នៃសំណល់រឹង និង ការកែសម្រួលលើការគ្រប់គ្រងមូលនិធិ បរិស្ថាន និងសង្គម ដើម្បីជំរុញដល់ការរៀបចំក្រុង ពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល មានតម្លាភា និង សុវត្ថិភាពបរិស្ថាន។


ថ្លែងក្នុងឪកាសនោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រដល់ភាគីពាក់ព័ន្ធ ពិចារណាក្នុងក្របខណ្ឌ អនុក្រឹត្យ១១៣ លើការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងស្នើឱ្យមានការគិតគូពីមូលនិធិបរិស្ថាន ដើម្បីយកមូលនិធិទាំងនេះ ទៅពង្រីកការងារអនុវត្តបន្ថែមទៀតលើការងារគ្រប់គ្រងបរិស្ថានឱ្យមានប្រសិទ្ធភាព។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញឱ្យមានការគិតគូពីរឿងគ្រប់គ្រសំរាម និងរិះរកនូវវិធីសាស្រ្តបែបណា ដើម្បីអនុវត្តទៅ មិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន រួមទាំងជំរុញដល់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ក្នុងការកាត់បន្ថយការប្រើប្រាស់សំណល់ សំរាម ប្លាស្ទិក និងធ្វើការទាញយកធនធានពីសំណល់ មកធ្វើការកែច្នៃ ដែលអាចប្រើប្រាស់ឡើងវិញ។


ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញដល់អគ្គនាយកដ្ឋានពាក់ព័ន្ធ អនុវត្តឱ្យមានប្រសិទ្ធភាពលើការបង្កើតមូលនិធិបរិស្ថាន និងសង្គម ដែលជាផ្នែកមួយសំខាន់ក្នុងការទ្រទ្រង់ការអនុវត្តលើវិស័យ ប្រកបដោយនិរន្តរភាព។
ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្រ្តរបស់ក្រសួង គ្រប់ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចូលរួមធ្វើយ៉ាងណា ពង្រឹងនូវយន្តការការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ការកាត់បន្ថយការ ប្រើប្រាស់ និងការកែច្នៃឡើងវិញនូវប្រភេទសំណល់រឹង-រាវ បង្កើនកិច្ចសហការ និងលើកកម្ពស់ភាពជា ដៃគូជាផ្នែកឯកជន ក៏ដូចជាពង្រឹងការអប់រំ និងផ្សព្វផ្សាយអំពីការគ្រប់គ្រងសំរាម សំណល់រឹង និងផល ប៉ះពាល់ទៅដល់មហាជនផងដែរ ៕  

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម