Connect with us

នាវាចម្បាំង ដែលបានបាញ់លិចកាលពីរបបលន់ នុល នៅខេត្តកំពង់ចាម មានផ្ទុកគ្រាប់រាប់ពាន់តោន

ភ្នំពេញ៖ មន្រ្តីជំនាញនៃការរុករកយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹក នៃក្រសួងការពារជាតិ បានអះអាងថា នាវាចម្បាំង ដែលបានបាញ់លិច នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីឆ្នាំ១៩៧២ ក្នុងរបបរបស់លោក លន់ នុល នោះគឺមានផ្ទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់ពាន់តោន ខណៈយុទ្ធភណ្ឌ ខ្លះអាចបង្កហានិភ័យខ្ពស់ ប៉ុន្តែក្រុមការងាររុករក បានកំណត់ទីតាំងច្បាស់លាស់ហើយ ដើម្បីស្រង់នាវា និងយុទ្ធភណ្ឌទាំងនោះយកមករក្សាទុក និងកម្ទេចចោល។

យោងតាមការធ្វើបទបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ ម៉ី សុភា ប្រធានក្រុមប្រតិបត្តិរុករកយុទ្ធភណ្ឌក្រោមទឹក បានឱ្យដឹងថា នាវាចម្បាំងចំនួនពីរគ្រឿង ដែលភាគីបដិបក្សនាសម័យរបបលោក លន់ នុល បានបាញ់ពន្លិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមនោះ ត្រូវបានក្រុមការងារកំពុងរុករកជារៀងរាល់ថ្ងៃ ដែលរហូតមកដល់ពេលនេះគឺបានស្រង់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បានជិតមួយពាន់គ្រាប់ ខណៈនៅសល់ជាច្រើនតោនទៀត កំពុងកំណត់ទីតាំង ដើម្បីបន្តស្រង់យកទៅដាក់កន្លែងមានសុវត្ថិភាព។

តាមការបង្ហាញរបស់លោកឧត្តមសេនីយ៍រូបនេះ បានឲ្យដឹងទៀតថា កិច្ចប្រតិបត្តិការរុករកនាវាលិច និងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវានេះ គឺបានប្រតិបត្តិការរយៈពេល៣ខែកន្លងមក ហើយកម្លាំងជំនាញបានធ្វើការបោសសម្អាតគ្រាប់ក្រោមទឹក និងនៅតាមភូមិឋានប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ប្រតិបត្តិការ បានចំនួនសរុប៩១២គ្រាប់។

គ្រាប់ទាំងនោះ ត្រូវបានស្ដុកទុកនៅទីតាំងសុវត្ថិភាពឆ្ងាយពីទីប្រជុំជន នៅជាប់មាត់ទន្លេ និងមានការយាមការពារ ២៤លើ២៤ម៉ោង។ កិច្ចប្រតិបត្តិការនេះ នឹងត្រូវខិតខំប្រឹងប្រែង រិះរកគ្រប់មធ្យោបាយ ដើម្បីឱ្យទទួលបានជោគជ័យទាំងស្រុង នាដើមខែឧសភា ខាងមុខនេះ ពោលគឺមុនរដូរវស្សាមកដល់។

យ៉ាងណាក៏ដោយមន្រ្តីជំនាញមិនបានបញ្ជាក់ថា នាវាទាំងពីរគ្រឿងដែលបានបាញ់ពន្លិចនេះ គឺជានាវាចម្បាំងប្រភេទអ្វីនោះទេ ហើយយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក៏មិនបានកំណត់ច្បាស់លាស់ដែរ ដោយលោកគ្រាន់តែអះអាងថា អាចមានរហូតដល់រាប់ពាន់តោន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម