Connect with us

ទីក្រុងឈៀងម៉ៃ ប្រទេសថៃ កំពុងក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរចិន និង ប្រជាជនចិន រាប់លាននាក់ ដែលមានបំណងមកស្នាក់នៅរយៈពេលយូរ

ប្រទេសថៃ ៖ គេបានឃើញនូវការកើនឡើងយ៉ាងខ្លាំង នៃការវិនិយោគរបស់ចិនក្នុងអំឡុងពេល៤ឆ្នាំកន្លងមកនេះ នៅទីក្រុងឈៀងម៉ៃ ភាគខាងជើងនៃប្រទេសថៃ ដោយហេតុថា ទីក្រុងនេះ បានក្លាយជាកន្លែងទេសចរដ៏គួរឱ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរចិន ។

ទីក្រុងនេះ បានក្លាយទៅជាទីក្រុងដ៏មានប្រជាប្រិយភាពខ្លាំង នៅលើវិស័យទេសចរណ៍ បន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តបែបកំប្លែងរបស់ចិន ដ៏ល្បីល្បាញមួយ ។

បច្ចុប្បន្ន មួយភាគធំនៃអ្នកដែលមកកំសាន្តទីក្រុងឈៀងម៉ៃ បានសំរេចចិត្តថា នឹងមករស់នៅ និងវិនិយោគនៅទីក្រុងនេះតែម្ដង ស្របពេលដែលពួកគេអាចរស់នៅក្នុងស្ថានភាពជីវិតមួយ ដែលធូរស្រាល។

គេប៉ាន់ប្រមាណថា មានអ្នកទេសចរចិន រាប់លាននាក់ ដែលមកលេងប្រទេសថៃជារៀងរាល់ឆ្នាំ ហើយអ្នកទេសចរចិនជាច្រើននាក់ និយមមកកំសាន្តនៅឈៀងម៉ៃ ជាជាងទៅលេងតំបន់ឆ្នេរសមុទ្រ ដែលមានមនុស្សកកកុញ ។ កត្តានេះហើយដែលបានជំរុញឲ្យ លោក វ៉ាង ឡីហ្វឹង (Wang Leifeng) នាំយកគ្រួសារ និងប្រាក់សន្សំរបស់គាត់ មករស់នៅក្រុងឈៀងម៉ៃ កាលពី 3ឆ្នាំមុន ហើយក៏បើកអាជីវកម្មនៅទីនេះតែម្តង ។

បច្ចុប្បន្ននេះ គាត់បើកកន្លែងស្នាក់នៅមួយសម្រាប់ភ្ញៀវទេសចរចិនវ័យចំណាស់ ដែលចង់ស្នាក់នៅឈៀងម៉ៃ រយៈពេលយូរ ហើយក្រុមគ្រួសាររបស់វ៉ាង ក៏បានរកឃើញផ្ទះដ៏គួរឱ្យចង់រស់នៅមួយ នៅក្នុងទីក្រុងនេះ ដោយផ្ទះនោះ ស្ថិតនៅក្បែរសាលារៀនលំដាប់អន្ដរជាតិ និង ព្រលានយន្តហោះទៀតផង។

លោក វ៉ាង ឡីហ្វឹង បាននិយាយថា លោក គិតថា ក្រុងឈៀងម៉ៃ គឺជាកន្លែងដែលសាកសមសម្រាប់ឱ្យវិនិយោគ ។ វាមានអាកាសធាតុល្អ មានបរិយាកាសសង្គមដ៏មានសុវត្ថិភាព ហើយទំនិញផ្សេងៗ ក៏ធូរថ្លៃដែរ ។

យោងតាមអាជ្ញាធរទេសចរណ៍ថៃ បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរមកពីប្រទេសចិន បានកើនឡើងជាង60 ភាគរយ ក្រោយពីគេឃើញក្រុងឈៀងម៉ៃ នៅក្នុងខ្សែភាពយន្ត រឿង “Lost in Thailand” ក្នុងឆ្នាំ 2012 ។

ទីក្រុងនេះ រ៉ាប់រងបានយ៉ាងល្អ និងយ៉ាងឆាប់រហ័ស លើការផ្តល់កន្លែងស្នាក់នៅសម្រាប់ភ្ញៀវទេសចរចិន ដែលមានចំនួនកាន់តែច្រើនឡើងៗ ។ ប៉ុន្តែ ក៏មានភ្ញៀវទេសចរចិនជាច្រើននាក់ទៀតដែរ ដែលចង់ស្នាក់នៅទីនេះតែម្តង ដោយសារពួកគេយល់ថា ជីវិតរស់នៅ ក្នុងទីក្រុងឈៀងម៉ៃ មានលក្ខណៈធូរស្រាលជាង បើប្រៀបធៀបទៅនឹងជីវិតនៅប្រទេសចិន។

អ្នកជំនួញជនជាតិចិនឈ្មោះ ប៊ីល ឡូវ (Bill Lou) និង ដៃគូជំនួញជនជាតិថៃរបស់គាត់គឺ លោក និវត្ត (Niwat) កំពុងស្វះស្វែងបណ្តាក់ទុន ទៅក្នុងវិស័យអចលនទ្រព្យនៅទីនេះ។ លោកទាំងពីរ មានជំនាញផ្សេងៗគ្នា ដែលអាចជួយយឹតយោងគ្នា ទៅវិញទៅមកបាន ។

លោក ប៊ីល ឡូវ បានលើកឡើងថា លោក អាចធ្វើជាអ្នកសម្របសម្រួលសម្រាប់ភាគីចិន ពីព្រោះ លោកដឹងពីទីផ្សារ ចិន។ ហើយជាការពិតណាស់ ដៃគូរបស់លោក ស្គាល់ទីផ្សារក្នុងស្រុក និងរដ្ឋាភិបាលថៃច្បាស់ជាងលោក ។ ពួកយើងម្នាក់ៗមានសម្ថភាពផ្សេងៗគ្នា ដូច្នេះយើងអាចសហការគ្នាបានយ៉ាងរីករាយ ។

ប្រជាជនខ្លះនៅឈៀងម៉ៃ បារម្ភថាអ្នកជំនួញចិន កំពុងធ្វើឱ្យអ្នកជំនួញក្នុងស្រុក ពិបាករកស៊ី ។ ប៉ុន្តែសាស្ត្រាចារ្យម្នាក់ និយាយថា ការពិតទៅ រលកនៃការវិនិយោគនេះ បានជួយលើកស្ទួយដល់លំហូរសេដ្ឋកិច្ចរបស់ឈាងម៉ៃទៅវិញទេ ។

លោក នុតថាខន វិធីថានុន សាស្ត្រាចារ្យច្បាប់ នៅសាកលវិទ្យាល័យ មេហ្វ៉ាលួង បានលើកឡើងថា ទីផ្សារអចលនទ្រព្យនៅឈៀងម៉ៃ បានស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់មួយ ដែលស្ទើរតែដួលទៅហើយ កាលពីមុន ។ ប៉ុន្តែនៅពេល ដែលទីក្រុងឈៀងម៉ៃ ក្លាយជាកន្លែងទេសចរដ៏ពេញនិយមសម្រាប់ប្រជាជនចិន ទីផ្សារនេះ ក៏ត្រលប់មកមានលំនឹងឡើងវិញ និងបានរីកចម្រើន ជាងអ្វីដែលយើងរំពឹងទុកទៅទៀត ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម