Connect with us

អាមេរិក ផ្ដល់៤២ម៉ឺនដុល្លារ ដល់កម្ពុជា សម្រាប់ជួសជុលប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង

ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចុះហត្ថលេខាផ្តល់នូវជំនួយ ដើម្បីរួមចំណែកជួយអភិរក្សប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង។ ជំនួយទាំងនេះ ទទួលបានមកពី មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) ជាកម្មវិធីជំនួយមួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានមានប្រសាសន៍កាលពីថ្ងៃទី១៦ខែមករាថា ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បានអនុម័តលើជំនួយជាថវិកាចំនួន ១២ម៉ឺនដុល្លារ ជូនដល់អាជ្ញាធរជាតិព្រះវិហារ ដើម្បីអភិរក្សជណ្តើរខាងជើង នៃប្រាសាទព្រះវិហារ ដែលត្រូវបានសាងសង់នៅសតវត្សទី១១។ ហើយជំនួយនេះ នឹងត្រូវប្រើប្រាស់ផងដែរសម្រាប់ជួសជុលឡើងវិញ នូវប្រព័ន្ធបង្ហូរទឹកសម័យបុរាណ នៅសងខាងនៃជណ្តើរនោះ។

ជាមួយគ្នានេះ ទឹកប្រាក់ចំនួន ៣០ម៉ឺនដុល្លារ ទៀត ត្រូវផ្តល់ជូនមូលនិធិប្រាសាទពិភពលោក (WMF) សម្រាប់បន្តការងារអភិរក្សក្នុងដំណាក់កាលទី៥ នៃគម្រោងនៅប្រាសាទភ្នំបាខែង ក្នុងក្រុងសៀមរាប សម្រាប់រយៈពេល ២៤ខែ រហូតដល់ឆ្នាំ២០២២។ គម្រោងនេះ នឹងដំណើរការទៅក្នុងបរិបទនៃទំនាក់ទំនងរយៈពេលយូររបស់អង្គការ WMF ជាមួយអាជ្ញាធរជាតិអប្សរា។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ការចុះហត្ថលេខានៅថ្ងៃនេះ បានបញ្ជាក់ពីការគាំទ្រយូរអង្វែង និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ នៃរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការចូលរួមជាមួយនឹងសហគមន៍អន្តរជាតិ ក្នុងការការពារ អភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌នៅកម្ពុជា។ លោកស្រីបន្តថា ចាប់តាំងពីឆ្នាំ២០០១មក សហរដ្ឋអាមេរិកបានផ្តល់មូលនិធិជាច្រើនសម្រាប់ជួសជុលប្រាសាទនៅកម្ពុជា ទប់ស្កាត់ការនាំវត្ថុបុរាណចេញដោយខុសច្បាប់។

សូមបញ្ជាក់ថា មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) ត្រូវបានបង្កើតឡើង ដើម្បីជួយអភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌សំខាន់ៗ។ នៅក្រោមជំនួយជាថវិកាពីមូលនិធិនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្តល់ថវិកាចំនួនជាង ៤លានដុល្លារ ហើយមកដល់ប្រទេសកម្ពុជា ដោយគិតពីឆ្នាំ២០០១មក។ រដ្ឋាភិបាលសហរដ្ឋអាមេរិក ថែមទាំងបានផ្តល់ជំនួយជាថវិកា សម្រាប់អភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌សំខាន់ៗដទៃទៀត នៅព្រះរាជាណាចក្រកម្ពុជា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម