Connect with us

កម្ពុជា ស្នើឲ្យអង្គការយូនីដូ ជួយពង្រឹងស្តង់ដារផលិតផលកសិកម្ម និងរៀបចំប្រព័ន្ធពាណិជ្ជកម្មក្នុងការភ្ជាប់ទំនាក់ទំនងទីផ្សារកម្ពុជា និងអន្តរជាតិ

ប្រទេសស្វីស៖ កម្ពុជា ស្នើឲ្យអង្គការយូនីដូ (UNIDO) ជួយគាំទ្របន្ថែមពីនីតិវិធីក្នុងការទទួលបានការទទួលស្គាល់នូវគុណភាព និងស្តង់ដារផលិតផលកសិកម្ម ក៏ដូចជាដំណើរការរៀបចំប្រព័ន្ធពាណិជ្ជកម្ម ក្នុងការភ្ជាប់ទំនាក់ទំនងទីផ្សារកម្ពុជា និងអន្តរជាតិ ជាពិសេសចិន និងអឺរ៉ុប ។
ការស្នើបែបនេះ ត្រូវបានធ្វើឡើងដោយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Liyong អគ្គនាយកអង្គការយូនីដូ នៅឯស្ថានបេសកម្មអចិន្រ្តៃយកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក នាទីក្រុងហ្សឺណែវ ប្រទេសស្វីស ។


ឯកឧត្តម រដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម កំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិច ហើយក្រសួង ស្នើសុំឲ្យអង្គការជួយផ្តល់ការគាំទ្រមួយចំនួនសម្រាប់ជំរុញដល់ដំណើរការរៀបចំបញ្ចប់ការងារនេះ ។
ទន្ទឹមនឹងនេះឯកឧត្តម ក៏បានស្នើដល់អង្គការយូនីដូ ពិនិត្យមើលនូវលទ្ធភាពគាំទ្រដល់គុណភាពកិច្ចដំណើរការតម្លើងរថយន្តក្នុងក្របខណ្ឌអាស៊ាន និងស្នើឲ្យជួយសម្របសម្រួលក្នុងការទទួលបាននូវហិរញ្ញប្បទានពីក្របខណ្ឌគោលនយោបាយ វិថីនិងខ្សែក្រវ៉ាត់ តាមរយៈធនាគារ AIIB ចិន ព្រមទាំងបាន ស្នើផ្តល់ការគាំទ្រដល់ការរៀបចំប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិចដើម្បីអាចជួយដល់សហគ្រាសតូចនងមធ្យមក្នុងការភ្ជាប់ទំនាក់ទំនងទីផ្សារកម្ពុជានិងអន្តរជាតិជាពិសេសចិន។
ដោយមានសន្ទុះកើនឡើងនូវចំនួនភ្ញៀវទេសចរបរទេសនៅកម្ពុជា ឯកឧត្តម ក៏បានស្នើដល់អង្គការយូនីដូ ជួយគាំទ្រដល់ការគ្រប់គ្រងគុណភាពនិងសុវត្ថិភាពម្ហូបអាហារតាមផ្លូវនៅកម្ពុជាដែលភ្ញៀវជាច្រើនមានចំណាប់អារម្មណ៏ និងស្នើឲ្យជួយដល់ការពង្រឹងសមត្ថភាពក្នុងការត្រួតពិនិត្យសុវត្ថិភាពផលិតផលឆ្លងដែននៅតាមច្រកចូលអន្តរជាតិទាំងអស់។


ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ក៏បានស្នើដល់ UNIDO បន្តជួយដល់កម្ពុជាក្នុងការរៀបចំបទដ្ឋានគតិយុត្តិពាក់ព័ន្ធឈានទៅទទួលបានការអនុញ្ញាតនាំចេញផលនេសាទសមុទ្រទៅកាន់ទីផ្សារអឺរ៉ុប។ បន្ថែមពីនេះ កសិផលជាច្រើននៅកម្ពុជាកំពុងស្វែងរកទីផ្សារនាំចេញ ដោយតម្រូវនូវការស្នើសុំឲ្យមានការទទួលស្គាល់គុណភាពនិងស្តង់ដារ ដូច្នេះក្រសួងកសិកម្ម ស្នើដល់អង្គការយូនីដូ ជួយផ្តល់នូវការគាំទ្របន្ថែមពីនីតិវិធីក្នុងការទទួលបានការទទួលស្គាល់នូវគុណភាពនិងស្តង់ដាផលិតផលកសិកម្ម។
ជាការឆ្លើយតប លោក Liyong បានមានប្រសាសថា អង្គការយូនីដូ មានបំណងពង្រឹងកម្មវិធីភាពជាដៃគូប្រទេសជាមួយកម្ពុជា ដោយផ្តោតទៅលើការពង្រឹងសមត្ថភាព ការអភិវឌ្ឍន៍វារីវប្បកម្ម ជំរុញការវិនិយោគសួនកសិឧស្សាហកម្មទំនើបដែលផ្សារភ្ជាប់ទៅនឹងខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម កិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់គុណភាព និងស្តង់ដារផលិផលកសិកម្ម (អនាម័យ និងភូតគាមអនាម័យ) និងការជំរុញពាណិជ្ជកម្មធុនស្រាលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
លោក បានលើកឡើងទៀតថា លោកនឹងធ្វើការពិនិត្យនូវលទ្ធភាពក្នុងការរៀបចំជាកម្មវិធីគាំទ្រសម្រាប់ជួយដល់ការអភិវឌ្ឍនៅកម្ពុជាទៅតាមចំណុចអាទិភាពនៃកិច្ចពិភាក្សាខាងលើនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម