Connect with us

ដើម្បីជាការដឹងគុណ ផ្លូវ៦០ ម៉ែត្រក្នុងក្រុងសៀមរាប ត្រូវបានប្រកាសប្រសិទ្ធិនាមជា វិថីសម្ដេចវិបុលបញ្ញា សុខ អាន

សៀមរាប ៖ ផ្លូវ ៦០ម៉ែត្រក្នុងក្រុងសៀមរាប ចាប់ពីចំណុចកែងមុខមន្ទីរពេទ្យគន្ធបុប្ផា ដល់ទី ស្នាក់ការអាជ្ញាធរជាតិអប្សរា ចាប់ពីពេលនេះតទៅ នឹងត្រូវបានប្រសិទ្ធិនាមជា «វិថីសម្ដេចវិបុលបញ្ញា សុខ អាន»។ ផ្លូវនេះ ត្រូវបានសម្រេចប្រសិទ្ធិនាមយ៉ាងដូច្នេះ បន្ទាប់អាជ្ញាធរជាតិអប្សរា បានស្នើសុំទៅរដ្ឋបាលខេត្តសៀមរាប ។
យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប មូលហេតុនៃការប្រសិទ្ធិនាមឈ្មោះនេះ គឺដើម្បីតបស្នងសងគុណដ៏ថ្លៃថ្លារបស់សម្ដេចវិបុលបញ្ញា សុខ អាន ក្នុងបុព្វហេតុលើវិស័យបេតិកភណ្ឌ។
វិថីសម្ដេចវិបុលបញ្ញា សុខ អាន កន្លងមក ពលរដ្ឋទូទៅក្នុងក្រុងសៀមរាបនិយមហៅថា ផ្លូវ៦០ម៉ែត្រ ព្រោះយោងតាមទំហំផ្លូវដែលមានទទឺងប្រវែង ៦០ម៉ែត្រ ប៉ុន្តែពុំដែលបានកំណត់ជាផ្លូវការនៅឡើយទេ។ ទើបតែថ្មីៗនេះអាជ្ញាធរជាតិអប្សរា ក៏បានដាក់សំណើរទៅរដ្ឋបាលខេត្តសៀមរាប ដោយប្រសិទ្ធិនាមផ្លូវនេះជា វិថីសម្ដេចវិបុលបញ្ញា សុខ អាន។


គួររម្លឹកថា វិថីសម្ដេចវិបុលបញ្ញា សុខ អាន ត្រូវបានស្ថាបនាឡើងកាលពីឆ្នាំ២០០២ ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារបារាំង (ADF)។ នៅឆ្នាំ២០០៦ អាជ្ញាធរជាតិអប្សរាបានចំណាយថវិកាមួយចំនួនដើម្បីធ្វើផ្លូវគ្រួសក្រហមសងខាងផ្លូវ និងបន្តសង់ផ្លូវមកខាងកើតហួសរង្វង់មូលចំនួន៤គីឡូម៉ែត្របន្ថែមទៀត ដើម្បីអបអរសាទរព្រឹត្តិការណ៍វប្បធម៌អង្គរឃ្យុងយូ ដែលជាកិច្ចសហប្រតិបត្តិការរវាងតំបន់បេតិកភណ្ឌចំនួន២ គឺអង្គរនិងឃ្យុងយូ។ ក្រោយមកនៅឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរាក៏បានស្ថាបនាផ្លូវនេះ ចំនួន ៩៦៧៩ម៉ែត្រ ចាប់ពីផ្លូវបំបែកត្រាំនាគ រហូតដល់បុរីរដ្ឋបាលខេត្តសៀមរាប បច្ចុប្បន្នជាទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
បើគិតមកដល់ពេលនេះ វិថីសម្ដេចវិបុលបញ្ញា សុខ អាន បានបម្រើផលប្រយោជន៍ដល់ប្រជាជននិងទេសចរទាំងឆ្លងកាត់ និងដឹកជញ្ជូនទំនិញអស់រយៈពេល១៦ឆ្នាំមកហើយ ៕ 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម