Connect with us

រដ្ឋាភិបាលស្វីស បានប្រកាសបន្តផ្តល់ជំនួយរយៈពេល៣ឆ្នាំ ដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលមានទឹកប្រាក់សរុប ១២លានដុល្លាអាមេរិក

ភ្នំពេញ ៖ រដ្ឋាភិបាលស្វីស បានប្រកាស ផ្ដល់ជំនួយចំនួន១២លានដុល្លារសហរដ្ឋអាមេរិក ដល់កម្ពុជា ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។
ការបញ្ជាក់នេះ បានធ្វើឡើងដោយឯកអគ្គរដ្ឋទូតប្រទេសស្វីស ប្រចាំនៅកម្ពុជា នាឱកាសដែលលោកត្រូវបានអនុញ្ញាតឲ្យចូលជួបពិភាក្សាការងារជាមួយឯកឧត្តម សាស្រ្ដាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ។
បើតាមឯកអគ្គរដ្ឋទូតស្វីស លោក Ivo Siebber បានថ្លែងឲ្យដឹងថា នៅរយៈពេល៣ឆ្នាំខាងមុខនេះ ពោលចាប់ពីឆ្នាំ២០១៩-២០២១ រដ្ឋាភិបាល នៃប្រទេសស្វីស នឹងបន្ដផ្ដល់ថវិកាប្រមាណ១២លានដុល្លារ សម្រាប់បន្ដដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ។
លោក Ivo Siebber ក៏បានកោតសសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានខិតខំពង្រឹងគុណភាព នៃមន្ទីរឲ្យដំណើរការដោយរលូន និងមិនមានបញ្ហាណាមួយកើតឡើង ។


ក្នុងនោះលោក Ivo Siebber ក៏បានស្នើសូមឲ្យក្រសួងសុខាភិបាល រៀបចំឯកសារ ឬ ប្រតិបត្តិការនានា ដែលមន្ទីរពេទ្យ បានកកើតឡើងក្នុងប្រទេសកម្ពុជា ក្រោមការខិតខំប្រឹងប្រែងរបស់លោក Beat Richner ដើម្បីទុកជាឯកសារយោងនៃការបើកដំណើរការមន្ទីរពេទ្យគន្ធបុប្ផា។
ជាការឆ្លើយតប លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណចំពោះការគាំទ្រ របស់ រដ្ឋាភិបាលស្វីស ព្រមទាំងថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការដែលភាគីទាំង២រួមដៃគ្នាធ្វើឡើង រហូតសម្រេចជោគជ័យជាបន្ដបន្ទាប់។
ឯកឧត្តម រដ្ឋមន្រ្ដី បានបញ្ជាក់ថា ក្រសួងសុខាភិបាល និងមន្ទីរពេទ្យគន្ធបុប្ផា បានកាន់មរណៈទុក្ខរបស់លោក Beat Richner ដើម្បីសំដែងការដឹងគុណ ចំពោះការលះបង់ដ៏ធំធេងរបស់លោកចំពោះកុមារកម្ពុជានាកាលកន្លងមក។
ទាក់ទិននឹងការរៀបចំឯកសារយោង ឯកឧត្តម រដ្ឋមន្រ្ដី បានអោយដឹងថា រាជរដ្ឋាភិបាលកម្ពុជាកន្លងមក បានបង្កើតគណៈកម្មការ ដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីភាគីមន្ទីរពេទ្យគន្ធបុប្ផា ធ្លាប់បានពិភាក្សាគ្នាលើកិច្ចការនេះម្ដងមកហើយ។ ចំពោះកិច្ចការនេះ ក្រសួងសុខាភិបាល នឹងជម្រាបជូនដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសូមឲ្យភាគីស្វីសអញ្ជើញចូលរួមពិភាក្សា ដើម្បីស្វែងរកចំណុចរួមគ្នា ក្នុងការដាក់ចេញគោលការណ៍នេះ ។
ដោយឡែក ភាគីស្វីស ក៏បានសន្យាផ្ដល់ជំនួយខាងបច្ចេកទេស ដល់ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ប្រសិនបើមានតម្រូវការ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម