Connect with us

អាជ្ញាធរគ្រឿងញៀន ចុះផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀននៅខេត្តជាប់ព្រំ ដែនប្រទេសថៃ ដែលកំពុងមានការលួចលាក់ប្រើប្រាស់

ខេត្តប៉ៃលិន ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយស្ថាប័នពាក់ព័ន្ធ បានបើកការផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ដល់អ្នកពាក់ព័ន្ធអនុវត្តច្បាប់ក្នុង ខេត្តប៉ៃលិន ដែលជាខេត្តជាប់ព្រំដែនជាមួយនឹងប្រទេសថៃ ។
បើតាមលោក ធូ ភា អភិបាលរងខេត្តប៉ៃលិន ក្នុងនាមគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀន បានអោយដឹងថា ខេត្តប៉ៃលិន មិនមែនជាខេត្តផលិត រក្សាទុក ជួញដូរ និងចែកចាយគ្រឿងញៀនទេ ប៉ុន្តែមានការលួចលាក់ប្រើប្រាស់គ្រឿងញៀន ដែលសមត្ថកិច្ចពាក់ពន្ធ័ខិតខំតស៊ូផ្សព្វផ្សាយអប់រំ បង្រ្កាប និង ដោះស្រាយបញ្ហាគ្រឿងញៀន ។


លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានលើកឡើងថា សមត្ថកិច្ចពាក់ព័ន្ធ បានខិតខំតស៊ូធ្វើការបង្ការទប់ស្កាត់ ការពារប្រជាពលរដ្ឋពីបញ្ហាគ្រឿងញៀនតាមរយ:កាអប់រំផ្សព្វផ្សាយ បង្កើនការយល់ដឹងពីផលពិបាកនៃគ្រឿងញៀន បង្រ្កាបជនល្មើសជួញដូរ ចែកចាយគ្រឿងញៀនក្នុងស្រុក និង សហការជាមួយប្រទេសជិតខាង ក្នុងការបង្រ្កាបទប់ស្កាត់ការហូរចូលគ្រឿងញៀនឆ្លងកាត់ព្រំដែន ។
ដោយឡែក ក្នុងឱកាសនោះ លោកជំទាវ បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា គ្រឿងញៀនបង្កឲ្យមានវិបត្តិសង្គម គម្រាមកំហែងដល់សុវត្ថិភាព សន្តិសុខសង្គម និងបង្កើតឲ្យមានអំពើហឹង្សាក្នុងគ្រួសារ និងជាដើមចមនាំឲ្យមានបទល្មើសព្រហ្មទណ្ឌ ។
លោកជំទាវ បណ្ឌិត សឿ សុជាតា បានសង្កត់ធ្ងន់ថា ដើម្បីឲ្យសហគមន៍មានសុវត្ថិភាពពីបញ្ហាគ្រឿងញៀន ត្រូវចាប់ផ្តើមពីយើងម្នាក់ៗ ដែលមានកាតព្វកិច្ច ត្រូវតែចូលរួមទាំងអស់គ្នាដោយមិនត្រូវទុកឲ្យបញ្ហាគ្រឿងញៀនត្រួតត្រាជិវិត និង សហគមន៍ឡើយ ។ ជាងនេះទៅទៀត សិស្សទាំងអស់ ត្រូវប្រតិបត្តិខ្លួនជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ជាទំពាំងស្នងឬស្សីដែលត្រូវបន្តវេនរបស់ប្រទេសជាតិត្រូវតែចៀសឲ្យឆ្ងាយពីគ្រឿងញៀន ឆ្លើយថាទេចំពោះគ្រឿងញៀន ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម