Connect with us

បុណ្យទន្លេលើកទី ៥ នឹងត្រូវរៀបចំនៅខេត្តកំពង់ឆ្នាំង នាអំឡុងខែមិនា ឆ្នាំ២០១៩ ដោយមានរៀបចំនូវព្រឹត្តិការណ៍ជាច្រើន

ខេត្តកំពង់ឆ្នាំង ៖ ក្រសួងទេសចរណ៍ និង អាជ្ញាធរខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមពិភាក្សាស្តីពីការត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៥ ឆ្នាំ២០១៩ខាងមុខ ដែលដឹកនាំដោយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ។
ពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង គ្រោងនឹងរៀបចំរយៈពេល ០៣ថ្ងៃ ក្នុងកំឡុងខែមីនា ឆ្នាំ២០១៩ ខាងមុខ ដោយមានព្រឹត្តិការណ៍ និង សកម្មភាពកីឡា ទេសចរណ៍ វប្បធម៌ជាច្រើន ដូចជា ការប្រកួតកីឡាលើទឹក លើគោក ការដាំដើមឈើ ការតាំងពិព័រណ៍កសិទេសចរណ៍ និងផលិតផលខ្មែរ ពិព័រណ៍សិប្បកម្ម ពាណិជ្ជកម្ម មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការប្រគុំតន្ត្រី ការសម្តែងសិល្បៈវប្បធម៌ និងសកម្មភាពផ្សេងៗទៀតជាច្រើន។


ការរៀបចំពិធីបុណ្យទន្លេនេះ នឹងជាឱកាសដ៏ប្រសើរបំផុតក្នុងការរួមគ្នាគិត រួមគ្នាធ្វើ និង រួមគ្នាទទួលខុសត្រូវក្នុងការអភិវឌ្ឍទឹកដី ហេដ្ឋារចនាសម្ព័ន្ធជុំវិញខេត្ត ការលើកកម្ពស់ការយល់ដឹងជាសាធារណៈពីការថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ វប្បធម៌ ទេសចរណ៍ ការចូលរួមសំអាតទីក្រុង ទីប្រជុំជន និងផ្ទះស្នាក់ប្រកបដោយភាពស្អាត ភាពបៃតង ភាពញញឹមរួស រាយរាក់ទាក់ និង បដិសណ្ឋារកិច្ចល្អ ការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ពិសេស ព្រឹត្តិការណ៍នេះនឹងជួយលើកកម្ពស់មុខមាត់ កិត្តិយស កេរ្តិ៍ឈ្មោះ និងកិត្យានុភាពរបស់ខេត្ត បង្កើតមុខរបរ ប្រាក់ចំណូល និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ ជាងនេះទៀត ខេត្តកំពង់ឆ្នាំង នឹងក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ ភាពស្អាត បៃតង និង បដិសណ្ឋារកិច្ចល្អ៕ 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម