Connect with us

អ្នកសារព័ត៌មាននិងអ្នកជំនាញ ផ្តើមចងក្រងក្រមប្រតិបត្តិសម្រាប់ការរាយករាណ៍ទាក់ទិននឹងអ្នកទទួលរងផលប៉ះពាល់ដោយសារគ្រឿងញៀន

ភ្នំពេញ ៖ អង្គការខាណា សហការជាមួយនឹងក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី ២៩ ខែតុលានេះ បានផ្តើមពិភាក្សាពីក្រមប្រតិបត្តិ សម្រាប់អ្នកសារព័ត៌មាន ក្នុងការរាយករាណ៍ទាក់ទិននឹងអ្នកទទួលរងផលប៉ះពាល់ដោយសារគ្រឿងញៀន ប្រយោជន៍ដើម្បីចូលរួមកាត់បន្ថយការរើសអើង និង មាក់ងាយទៅលើជនងរងគ្រោះដោយសារជាតិញៀន ។
សេចក្តីព្រាងបឋមលើកទី២នៃក្រមប្រតិបត្តិ សម្រាប់អ្នកសារព័ត៌មាន ក្នុងការរាយករាណ៍ទាក់ទិននឹងអ្នកទទួលរងផលប៉ះពាល់ដោយសារគ្រឿងញៀន ត្រូវបានធ្វើការពិភាក្សាគ្នាដោយតំណាងស្ថាប័នសារព័ត៌មាននានា ក្នុងព្រះរាជាណាចក្រកម្ពុជា ។
លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានអោយដឹងថា កន្លងទៅក្លិបអ្នកកាសែត កម្ពុជា ធ្លាប់បានសហការជាមួយនឹងក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ក្នុងការរៀបចំក្រម ប្រតិបត្តិសម្រាប់សេចក្តីរាយការណ៍ពីអំពើហិង្សាលើស្រ្តី និង បានសហការជាមួយនឹងអង្គការ យូនីសេហ្វ ក្នុងការរៀបចំក្រមប្រតិបត្តិសម្រាប់សេចក្តីរាយការណ៍ទាក់ទិននឹងកុមារ ។ ដូចនេះ ក្រមប្រតិបត្តិទាក់ទងនឹងសេចក្តីរាយការណ៍ទាក់ទិននឹងអ្នកទទួលរងផលប៉ះពាល់ដោយសារគ្រឿងញៀន ជាក្រមប្រតិបត្តិទី ៣ ដែលសហការរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា ។
លោក ប្រធានក្លិប បានលើកឡើងថា ក្រមប្រតិបត្តិនេះ មានសារៈសំខាន់ណាស់សម្រាប់អ្នក សារព័ត៌មាន ក្នុងការធ្វើសេចក្តីរាយការណ៍ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ចូលរួមចំ ណែកដល់សង្គម ក្នុងការកាត់បន្ថយការមាក់ងាយ និងការរើសអើសទៅលើអ្នករងគ្រោះដោយសារជាតិញៀន ។ លោក ប៉ែន បូណា បានរំលឹកថា ជនរងគ្រោះ អាចក្លាយជាជនរង គ្រោះម្តងទៀត ប្រសិនអ្នកសារព័ត៌មាន ធ្វើសេចក្តីរាយការណ៍ មិនប្រកបដោយវិជ្ជាជីវៈ និង គោរពតាមក្រមសីលធម៌ ។

ដោយឡែក លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា រំពឹងថា តាមរយៈកិច្ចពិភាក្សានេះ អ្នកជំនាញ និង អ្នកសារព័ត៌មាន នឹងអាចរកចំនុចរួមគ្នាមួយ ក្នុងការដាក់ចេញជាក្រមប្រតិ បត្តិមួយ សម្រាប់អនុវត្តទាំងអស់គ្នា និង ប្រកបដោយប្រសិទ្ធិភាព ។ លោក ក៏បានសម្តែងការ ព្រួយបារម្ភផងដែរ អំពីនិន្នាការកើនឡើងនូវអ្នករងគ្រោះដោយសារជាតិញៀន តាមរយៈការចាក់ម្ជុលស៊ីរាំង ដែលប្រឈមហានិភ័យខ្ពស់ពីជម្ងឺអេដស៍ និង ជម្ងឺរលាកថ្លើម ។ លោក សង្ឃឹមថា អ្នកសារព័ត៌មាន នឹងចូលរួមជាមួយនឹងវិស័យសុខាភិបាល ក្នុងការជួយជំរុញ និងលើកទឹក ចិត្តដល់សហគមន៍ រួមនឹងជនរងគ្រោះផ្ទាល់ ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារជាតិញៀន និង ការមកទទួលសេវាព្យាបាល ។
យោងតាមរបាយការណ៍បានបង្ហាញថា គិតត្រឹមចុងឆ្នាំ២០១៧ អ្នកប្រើប្រាស់សារជាតិញៀន នៅកម្ពុជា មានចំនួនជាង ១៨០០០នាក់ បើធៀបនឹងឆ្នាំ២០១៦ មានចំនួនរហូតដល់ជាង ២ម៉ឺននាក់ ដែលមានការថយចុះ ប្រមាណ ១២ភាគរយ ដែលក្នុងនោះ អ្នកប្រើប្រាស់គ្រឿងញៀនជាង ១៤០០០នាក់ (ប្រមាណជិត ៨០ភាគរយ) កំពុងរស់នៅតាមភូមិ-ឃុំ សង្កាត់ បានធ្វើសមាហរណកម្មចេញពីមណ្ឌល និង ជាង ៣០០០នាក់ កំពុងទទួលសេវាព្យាបាលដោយផ្អែកលើសហគមន៍ ខណៈ ជាង ២៣០០នាក់ នៅមិនទាន់ទទួលការព្យាបាលនៅឡើយ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម