Connect with us

រង្វង់មូលធំ ស្រុកបន្ទាយស្រី ចាប់ផ្ដើមរំលេចនូវរូបរាងដ៏ស្រស់ស្អាតហើយ

សៀមរាប៖ ផ្ការីកស្រស់ថ្មី នៅចំកណ្ដាលរង្វង់មូលធំភ្នំគូលែន បានបន្ថែមភាពទាក់ទាញមួយកម្រិតទៀតសម្រាប់ភ្ញៀវទេសចរ ដែលគ្រោងនឹងមកទស្សនាកម្សាន្តខេត្តសៀមរាប និងស្រុកបន្ទាយស្រី ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន នាពេលខាងមុខនេះ។ នេះបើយោងតាមការចែករំលែករូបភាពជាច្រើនសន្លឹក របស់លោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

កាលពីចុងខែធ្នូ ឆ្នាំ២០២០កន្លងទៅ លោក ហេង ពិសិដ្ឋ ជំនួយការលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងថា អាជ្ញាធរស្រុកបន្ទាយស្រី កំពុងធ្វើការកែលម្អរង្វង់មូលធំបន្ទាយស្រី ឱ្យក្លាយជាសួនច្បារដ៏ស្រស់ស្អាត បន្ទាប់ពីរង្វង់មូលនេះ បានទុកចោលអស់ជាច្រើនឆ្នាំមកហើយ។

លោកបានបន្តថា រង្វង់មូលនេះ មានផ្ទៃដី ២ហិកតាកន្លះ ដោយអាជ្ញាធរបានរៀបចំដាំផ្កាកូស្មូ ដោយមានការបែងជាក្រឡា។ បន្ទាប់ពីត្រូវបានព្រោះគ្រាប់រួចរយៈពេល២ខែ វានឹងចេញផ្កា ហើយផ្ការបស់វាអាចរីកនៅក្នុងរយៈពេល១ខែ។

ទីតាំងរង្វង់មូលនេះ ស្ថិននៅតំបន់ផ្លូវប្រសព្វ ពិសេសផ្លូវឡើងទៅភ្នំគូលែន។ ដូច្នេះ ភ្ញៀវទេសចរដែលទៅលេងភ្នំគូលែន នឹងឆ្លងកាត់ និងឃើញពីភាពស្រស់ស្អាតនៅកន្លែងនេះផងដែរ។ ទន្ទឹមនេះ រដ្ឋបាលស្រុក គ្រោងនឹងរៀបចំចំណតរថយន្ត ឱ្យមានរបៀបរៀបរយ ព្រោះនៅពេលមានភ្ញៀវទេសចរមកកម្សាន្តច្រើន ច្បាស់ជាត្រូវការកន្លែងចតយានយន្ត និងកន្លែងទទួលទានអាហារជាដើម៕

ដោយ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម