Connect with us

កម្ពុជា អាចនឹងធ្វើការនាំចេញអង្ករទៅកាន់ប្រទេស សេរ៉ា ឡេអូន ដែលជាការបើកទីផ្សារថ្មីមួយទៀតសម្រាប់កម្ពុជា នៅទ្វីបអាហ្រ្វិក

ភ្នំពេញ ៖ កម្ពុជា កំពុងសម្លឹងមើលលើលទ្ធភាពនាំចេញអង្ករ ទៅកាន់ទីផ្សារក្នុងបណ្តាប្រទេសនាទ្វិបអាហ្រ្វិក ដើម្បីបង្កើតជាទីផ្សារថ្មី សម្រាប់អង្ករកម្ពុជា ។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃម្សិលម៉ិញនេះ បានផ្តើមពិភាក្សាជាមួយនឹងលោក Joseph J. Ndanema រដ្ឋមន្រ្តីក្រសួងកសិកម្ម និង រុក្ខាប្រមាញ់នៃប្រទេស Sierra Leone ក្នុងបំណងដើម្បីពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងពិនិត្យលទ្ធភាពក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារSierra Leone នាពេលខាងមុខ ។
ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន បានស្វាគមន៍ចំពោះលោក Joseph J. Ndanema និងប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលនេះ ស្របពេលដែលកម្ពុជា កំពុងតែមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យកសិកម្ម ជាពិសេស គឺ ផលិតកម្មស្រូវអង្ករ។ ជាងនេះទៅ ទៀត ក្រៅពីធ្វើស្រូវ កម្ពុជា នៅមានផលិតផលកសិកម្មជាច្រើនទៀតដូចជា ដំឡូងមី ស្វាយ និង ស្វាយចន្ទី ដែលផលិតផល ទាំងនោះ កំពុងតែមានសក្តានុពល សម្រាប់ការវិនិយោគ កែច្នៃ និងនាំចេញ ។


ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត និង គោលនយោបាយអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗជាអាទិ៍៖ ផ្លូវគមនាគមន៍ កំពង់ផែទឹងជ្រៅ ព្រលានយន្តហោះ ការផ្តត់ផ្គង់អគ្គិសនី ជាដើម ។ ដោយឡែក ក្រសួងកសិកម្ម បាននិងកំពុងជំរុញការអភិវឌ្ឍធនធានមនុស្ស ការធ្វើពិពិធកម្ម-កសិកម្ម ពាណិជ្ជូបនីយកម្មជាមួយនឹងធ្វើទំនើបកម្មកសិកម្ម និង ជំរុញការកែច្នៃ វេចខ្ចប់ដើម្បីបង្កើនការនាំចេញកសិផលកម្ពុជានាពេលអនាគត។
លោក Joseph J. Ndanema បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យកសិកម្ម ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននាពេលកន្លងមក។ លោក បានបញ្ជាក់ថា វាជាឱកាសដ៏ល្អសម្រាប់ប្រទេសទាំងពីរ ក្នុងការចាប់ផ្តើមភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស គឺ វិស័យកសិកម្ម ដែលវិស័យនេះ កម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងល្អប្រសើរ និង គួរឲ្យចាប់អារម្មណ៍សម្រាប់ប្រទេសរបស់លោកអាចរៀនសូត្រ និងដកស្រង់បទពិសោធន៍តាម ។


លោក Joseph J. Ndanema បានបញ្ជាក់ថា ប្រទេសរបស់លោកមានស្ថានភាព និងដំណើរការនៃការកសាង និងអភិវឌ្ឍប្រទេសប្រហាក់ប្រហែលនឹងប្រទេសកម្ពុជា គឺងើបចេញពីសង្គ្រាមរាំរ៉ៃ ដែលហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ត្រូវបានបំផ្លាញស្ទើរទាំងស្រុក ហើយសន្តិសុខស្បៀង ត្រូវបានប្រឈម ។ បច្ចុប្បន្នប្រទេសមួយនេះ បាននិងកំពុងកសាង និងអភិវឌ្ឍជាបណ្តើរៗ ប៉ុន្តែផលិតកម្មស្រូវអង្ករ នៅជួបបញ្ហាដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខស្បៀង ។ ហេតុផលនេះ គឺជាកត្តាចំបង ដែលលោក និងប្រតិភូ សម្រេចចិត្តមកធ្វើទស្សនកិច្ចជាផ្លូវការនៅកម្ពុជានាពេលនេះ ដើម្បីធ្វើការសិក្សាលើការចុះអនុស្សារណៈនៃការយោគយល់គ្នា ក្នុងការនាំចេញអង្ករកម្ពុជា (MOU) ទៅកាន់ប្រទេសរបស់លោកនាពេលអនាគត ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម