Connect with us

ក្រសួងវប្បធម៌ ដាស់តឿនយុវជនកម្ពុជាកុំប្រព្រឹត្តទង្វើប៉ះពាល់វប្បធម៌ប្រពៃណី ក្នុងថ្ងៃ១៤កុម្ភៈ

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី១១ ខែកុម្ភៈនេះថា ទិវានៃសេចក្ដីស្រឡាញ់ បាននិងកំពុងជ្រៀតចូលមកក្នុងសង្គមជាតិកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន បណ្តាលឱ្យមនុស្សមួយចំនួនបានទទួលយក និងប្រើប្រាស់ដោយភាពភ័ន្តច្រឡំ នាំឱ្យមានផលប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណ៌ជាតិទៀតផង។

ក្រសួងបានបន្តថា យុវជនកម្ពុជា ត្រូវសិក្សាស្វែងយល់ឱ្យស៊ីជម្រៅចំពោះ វប្បធម៌ ប្រពៃណី ដែលជាមរតកដ៏ថ្លៃថ្លារបស់ដូនតាយើង ព្រមទាំងត្រូវសិក្សាឈ្វេងយល់ឱ្យគ្រប់ជ្រុងជ្រោយ ពីខ្លឹមសារ និងឥទ្ធិពលនៃវប្បធម៌ ទំនៀមទម្លាប់ពីខាងក្រៅ ដើម្បីបន្សំចូលទៅក្នុងឥរិយាបថ និងបរិបទ នៃសង្គមរបស់ខ្លួន ក្នុងគោលដៅរក្សាឱ្យបាននូវអត្ថិភាពជាប្រជាជាតិថ្លៃថ្នូរមួយដែលមានវ័យចំណាស់ រាប់ពាន់ឆ្នាំមកហើយនៅទ្វីបអាស៊ីនេះ។

ក្រសួងវប្បធម៌បន្តថា ទិវានៃក្តីស្រឡាញ់នៅកម្ពុជា គួរជាឱកាសក្នុងការចែកចាយ និងធានានូវក្តីស្រឡាញ់ប្រកបដោយ ភាពទូលំទូលាយ និងសន្តានចិត្តស្មោះស ចំពោះមនុស្សដែលនៅជុំវិញខ្លួនមានជាអាទិ៍៖ ក្រុមគ្រួសារ ឪពុកម្តាយ ប្ដីប្រពន្ធ កូនចៅ និងចំពោះអ្នកដែលនៅក្នុងសង្គមជាមួយគ្នា ដូចជា ជនពិការ កុមារកំព្រា និងអ្នកដែលខ្សត់ខ្សោយជាងខ្លួនជាដើម ក្រោមរូបភាពការជួបជុំពិភាក្សាគ្នា ឬទទួលទានអាហារ រួមគ្នា ដោយក្តីសោមនស្សរីករាយ ការសរសេរលិខិតជូនពរ ការជូនអំណោយផ្សេងៗ ដើម្បីបញ្ជាក់ពីភាពកត្តញ្ញូតាធម៌ ក្តីស្រឡាញ់ និងការយកចិត្តទុកដាក់របស់ខ្លួនចំពោះអ្នកមានគុណ បុព្វការីជន និងចំពោះសង្គមជាតិ។

ក្នុងឱកាសនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវនាវដល់ មាតាបិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយអប់រំ ពន្យល់ ណែនាំ ក្រើន រំលឹកដល់បងប្អូន កូនចៅ ក្នុងគោលដៅប្រើប្រាស់ទិវានេះ ឱ្យស្របតាមគន្លងប្រពៃណ៏ដ៏ត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្លួន របស់ក្រុមគ្រួសារ ពិសេសដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាព នៃសង្គមជាតិ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម