Connect with us

មេបញ្ជាការកងទ័ពជើងទឹកបញ្ជាក់ថា ហ្វឹកហាត់របស់កងទ័ពជើងទឹក ជាផ្នែកមួយនៃការត្រៀមសង្គ្រោះពលរដ្ឋ ពេលមានគ្រោះទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗ

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ នៅព្រឹកថ្ងៃទី១៥ ខែមិថុនានេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញសង្គ្រោះគ្រោះមហន្តរាយ និងវគ្គហ្វឹកហ្វឺនជំនាញបើកបរ ថែទាំនាវា អូប័រ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹកទន្លេ។


ថ្លែងនៅក្នុងឱកាសនោះ នាយឧត្តមនាវី ទៀ វិញ បានចាត់ទុកការងារហ្វឹកហាត់នេះ ជាការងារមួយ ដែលគួរឲ្យកោតសរសើរ ព្រោះការងារហ្វឹកហ្វឺន សង្គ្រោះប្រជាពលរដ្ឋ ក្នុងពេលមានគ្រោះទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ជាកំលាំង អន្តរាគមន៍រហ័ស គឺជួបប្រទះបញ្ហាជាច្រើន ដើម្បីឲ្យមានដំណើរការសមស្រប តាមកម្រិតស្តង់ដារនោះ វាពុំមែនជារឿង ងាយស្រួលនោះទេ ដោយទាមទារ ឲ្យមានការប្រើប្រាស់ពេលវេលា ឲ្យសមស្រប ការតស៊ូព្យាយាមអត់ធ្មត់ និងការប្តេជ្ញាចិត្តខ្ពស់ ពីសំណាក់នាយនាវី នាយនាវីរង និងពលនាវិកទាំងអស់។

ឯកឧត្តម បានបន្ថែមថា បញ្ជាការដ្ឋានកងទ័ពជើងទឹក បានខិតខំជម្រុញការអភិវឌ្ឍ កងទ័ពជើងទឹក ឲ្យបានរីកចម្រើនទាំង បរិមាណ និងគុណភាព ចូលរួមចំណែក ក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន។


ឯកឧត្តម ឲ្យដឹងដែរថា កងទ័ពជើងទឹក ក៏បានចូលរួមចំណែក ក្នុងការអនុវត្តនូវទិសដៅកែទម្រង់ កងយោធពលខេមភូមិន្ទ ទិសដៅ ការងារប្រចាំឆ្នាំ របស់ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងកិច្ចការពារសុខសណ្តាប់ធ្នាប់សាធារណៈ កិច្ចការសង្គ្រោះ ផ្សេងៗ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ និងតាមបទបញ្ជា និងត្រៀមលក្ខណៈសម្បត្តិ ឲ្យបានគ្រប់គ្រាន់ ដើម្បីបង្កានិងបង្ក្រាប នូវសកម្មភាព បង្កហេតុ ធ្វើឲ្យមានភាពចលាចល ប៉ះពាល់ដល់សន្តិសុខជាតិ សេចក្តីក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ។

សូមជម្រាបថា បញ្ជាការដ្ឋានកងទ័ពជើងទឹក តែងតែរៀបចំវគ្គហ្វឹកហ្វឺននេះ ជារៀងរាល់ឆ្នាំ។ ដោយឡែក សម្រាប់ការហ្វឹកហ្វឺន ឆ្នាំ២០១៨នេះ មានសិក្ខាកាមចូលរួម ចំនួន២៣០នាក់ ដោយត្រូវហ្វឹកហាត់៤៥ថ្ងៃ ស្មើនឹង២២៥ម៉ោង។ ចំពោះខ្លឹមសារនៃ ការហ្វឹកហ្វឺន រួមមាន ៖ ហ្វឹកហ្វឺនប្រព័ន្ធចាត់តាំងបញ្ជាការងារផ្គត់ផ្គង់, វិធីហែលចូលសង្គ្រោះ និងសម្ភារៈរបស់ជនរងគ្រោះ, បច្ចេកទេសបើកបរនាវា និងអូប័រសង្គ្រោះ, បច្ចេកទេសបើករថយន្តសង្គ្រោះ, វិធីសង្គ្រោះជំនាញសុខាភិបាល, អប់រំចិត្តសាស្ត្រ និងលំហាត់ហ្វឹកហ្វឺនសរុបជាដើម៕

ប្រភព៖ CNC TV

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម