Connect with us

ឱកាសល្អសម្រាប់អ្នកចង់ដាក់ពាក្យធ្វើការនៅ ធនាគារ ព្រីនស៍!

ធនាគារ ព្រីនស៍ ដែលជាធនាគារពាណិជ្ជធំមួយកំពុងតែមានសន្ទុះក្នុងការពង្រីកបច្ចេកវិទ្យា ទំហំប្រតិបត្តិការ និងវិសាលភាព របស់ខ្លួននាពេលថ្មីៗនេះ បានបង្ហាញវត្តមាននៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៨ ដើម្បីធ្វើការជ្រើសរើសបុគ្គលិកយ៉ាងច្រើនជំនាញ និងច្រើនកម្រិត។
ដើម្បីឆ្លើយតបទៅនឹងសន្ទុះ ក្នុងការពង្រីកខ្លួនរបស់ធនាគារ ព្រីនស៍ ទៅតាមបណ្តាខេត្តស្ទើរទូទាំងប្រទេសកម្ពុជានោះ ព្រីនស៍ បាននឹងកំពុងត្រូវការជ្រើសរើសបន្ថែមនូវបុគ្គលិក ដែលជាធនធានមានសមត្ថភាព ដើម្បីមានឱកាសក្នុងការចូលរួមជាមួយ ព្រីនស៍។ សម្រាប់តួនាទី ដែលធនាគារ ព្រីនស៍ កំពុងធ្វើការជ្រើសរើសនោះ គឺមានស្ទើគ្រប់ជំនាញដូចជា ផ្នែកជំនាញបច្ចេកទេសធនាគារ, ផ្នែកធនធានមនុស្ស, ផ្នែកប្រតិបត្តិការអតិថិជន, ផ្នែកជំនាញបច្ចេកវិទ្យា, ផ្នែកទំនាក់ទំនង និងបម្រើសេវាអតិថិជនជាដើម ហើយដែលការងារទាំងនោះមាននូវកម្រិតចាប់ពីកម្រិតជំនាញដំបូង រហូតដល់កម្រិតថ្នាក់គ្រប់គ្រងថែមទៀតផង។‌


ជាងនេះទៅទៀតសម្រាប់អត្ថប្រយោជន៍បុគ្គលិកដែលផ្តល់ដោយធនាគារព្រីនស៍ ក៏មាននូវលក្ខខណ្ឌល្អប្រសើរដូចជា ការតម្លើងប្រាក់បៀវត្សន៍ប្រចាំឆ្នាំ, ការផ្តល់នូវប្រាក់ឧបត្ថម្ភបន្ថែមក្នុងឱកាសអបអរបុណ្យសំខាន់ៗ, ការឧបត្ថម្ភសម្រាប់តួនាទី ខួបកំណើត កូន និងមាតុភាព, ការផ្តល់ជូនការស្នាក់នៅសម្រាប់បុគ្គលិកនៅតាមបណ្តាខេត្ត, ការធានារ៉ាប់រងផ្នែកសុខភាព និងគ្រោះថ្នាក់ ២៤ម៉ោង, ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍បន្ថែមលើជំនាញដែលពាក់ព័ន្ធ និងទទួលបានបរិយាកាសការងារល្អ និងមានអត្ថប្រយោជន៍ល្អៗជាច្រើនផ្សេងៗទៀត។
លោក ទាង ស្រេង នាយកប្រតិបត្តិធនធានមនុស្ស នៃធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា៖ « ពិព័រណ៍ការងារជួយឲ្យក្រុមហ៊ុនទាំងឡាយមានឱកាសប្រាប់ទៅដល់និស្សិត និងអ្នកដែលមានការងារហើយថា ក្រុមហ៊ុនខ្លួនកំពុងត្រូវការជ្រើសរើសបុគ្គលិក ជាពិសេសសម្រាប់អ្នកដែលមិនទាន់មានការងារធ្វើ ពួកគាត់អាចមានជម្រើសច្រើនក្នុងការជ្រើសរើសក្នុងពេលតែមួយ ពួកគាត់អាចដាក់ពាក្យច្រើនកន្លែងដើម្បីមានឱកាសទទួលបានការងារ។ ម៉្យាងទៀតក្រុមហ៊ុនអាចឲ្យអាចនិស្សិតទាំងឡាយស្គាល់ខ្លួនឯងកាន់ច្រើនដើម្បីងាយស្រួលក្នុងការទាក់ទាញមកដាក់ពាក្យធ្វើការផងដែរ។ ក្រៅពីនេះ ពិព័រណ៍ការងារក៏ជួយកាត់បន្ថយអត្រាគ្មានការងារធ្វើ ជួយឱ្យនិស្សិតចេញពីសាលាឆាប់បានការងារធ្វើ។»
លោកក៏មានប្រសាសន៍ឲ្យដឹងផងដែរថា « មកដល់បច្ចុប្បន្ននេះ ធនាគារ ព្រីនស៍ មានបុគ្គលិកសរុបចំនួន ៥៨៤ នាក់ ដោយក្នុងមានបុគ្គលិកជំនាញប្រហែលជាង ៣០០ នាក់ និងបុគ្គលិកគ្មានជំនាញប្រហែលខ្ទង់ជាង ១០០នាក់។ ហើយនៅក្នុងឆ្នាំ ២០១៩ ធនាគារគ្រោងជ្រើសរើសបុគ្គលិកពី២៥០ ទៅ ៣០០នាក់ទៀត។»


នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិ ដែលរៀបចំឡើងនៅថ្ងៃទី២៧ -២៨ ខែតុលា ឆ្នាំ ២០១៨ នៅសាលពិព័រណ៍កោះពេជ្យ ធនាគារ ព្រីនស៍ បានផ្តល់ឱកាសឲ្យសាធារណជនដែលមានចំណាប់អារម្មណ៍អាចធ្វើការដាក់ពាក្យដោយផ្ទាល់ ឬសាកសួរព័ត៌មាន និងឱកាសក្នុងការឈ្នះរង្វាន់វត្ថុអនុស្សាវរីយ៍ពីធនាគារព្រីនស៍ ថែមទៀតផង។
គួរបញ្ជាក់ផងដែរថា ធនាគារ ព្រីនស៍ បានចាប់ផ្តើមធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងឆ្នាំ២០១៥ ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ដែលមានឈ្មោះថា “ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយបានអភិវឌ្ឍខ្លួនទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណលេខ B 46 ផ្តល់ជូនដោយ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។ រហូតមកដល់ពេលនេះ ធនាគារ ព្រីនស៍ គឺជាធនាគាពាណិជ្ជ ដែលបានចុះបញ្ជីពាណិជ្ជកម្មលេខ 00014627 នៅ ក្រសួងពាណិជ្ជកម្ម៕ 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម