Connect with us

ធនាគារជាតិ គាំទ្រចំពោះការដាក់ឲ្យប្រើប្រាស់ប្រាក់យ័នចិន ក្នុងប្រព័ន្ធធនាគារ គឺសម្រាប់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងចិន

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ធនាគារជាតិ បានអះអាងថា ធនាគារជាតិនៃកម្ពុជា ក៏ដូចជារាជរដ្ឋាភិ បាលកម្ពុជា ពុំមានគោលនយោបាយលើកទឹកចិត្តឲ្យចរាចរណ៍រូបិយវត្ថុបរទេសនៅទីផ្សារប្រទេសកម្ពុជានោះទេ ដែលក្នុងនោះ រាប់បញ្ចូលទាំងប្រាក់ដុល្លារអាមេរិក និង ប្រាក់យ័ន របស់ចិនផងដែរ ។
ការអះអាងនេះ ធ្វើឡើងដោយលោកជំទាវ ជា សេរី អ្នកនាំពាក្យធនាគារជាតិនៃកម្ពុជា និងជាអគ្គនាយិកា ធនាគារជាតិនៃកម្ពុជា បន្ទាប់ពីមានសារព័ត៌មានមួយចំនួនបកស្រាយ ដោយភ័ណច្រឡំកាលពីពេលថ្មីៗនេះ ទាក់ទងនឹងការប្រើប្រាស់ប្រាក់យ័ន់ចិននៅកម្ពុជា។
លោកជំទាវ បញ្ជាក់ថា ធនាគារជាតិ ក៏ដូចជារាជរដ្ឋាភិបាល មានតែគោលនយោបាយជំរុញមានការប្រើប្រាស់ប្រាក់រៀលតែប៉ុណ្ណោះ គឺពុំមានគោលនយោបាយលើកទឹកចិត្តឲ្យមានការប្រើប្រាស់ប្រាក់បរទេស នៅក្នុងទីផ្សារប្រទេសកម្ពុជាឡើយ ដែលក្នុងនោះ រួមទាំងប្រាក់យ័នចិនផងដែរ ។ ប៉ុន្តែធនាគារជាតិគាំទ្រ ចំពោះការដាក់ឲ្យប្រើប្រាស់ប្រាក់យ័នចិន ក្នុងប្រព័ន្ធធនាគារ ពោល គឺសម្រាប់ធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងចិន។
លោកជំទា វថ្លែងទៀតថា បច្ចុប្បន្នធនាគារជាតិនៃកម្ពុជា ក៏កំពុងជំរុញឲ្យមានការទូទាត់ពាណិជ្ជកម្ម ដោយប្រើរូបិយវត្ថុជាតិរៀងៗខ្លួន រវាងកម្ពុជា ជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន។


ឧទាហរណ៍ថា ក្នុងពេលពាណិជ្ជករកម្ពុជាទិញទំនិញនាំចូលពីចិន ពួកគេអាចប្តូរយកប្រាក់យ៉ន់ដើម្បីទូទាត់។ ចំណែក ពេលពាណិជ្ជករចិនទិញទំនិញនាំចេញពីកម្ពុជា ទៅចិនពួកគេអាចប្តូរប្រាក់រៀលដើម្បីទូទាត់ទំនិញ។ តែសម្រាប់ការទូទាត់ទំនិញរាយនៅក្នុងស្រុក ធនាគារជាតិនៃកម្ពុជា មិនមានគោលការណ៍លើកទឹកចិត្តឡើយ។
តែយ៉ាងណាកម្ពុជា ក៏ពុំមានគោលការណ៍ហាមឃាត់ ការប្រើប្រាស់រូបិយប័ណ្ណបរទេស នៅទីផ្សារកម្ពុជាដែរ ដោយសារតែកម្ពុជា គឺជាទីផ្សារសេរី ដែលបើកចំហរសេដ្ឋកិច្ច។
ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការដាក់ ឲ្យប្រើប្រាស់ជាផ្លូវការនូវការជួញដូរប្រាក់រៀលនៅក្នុងទីផ្សារអន្តរធនាគារ កាលពីថ្ងៃទី ៨ខែ សីហា ឆ្នាំ ២០១៧ កន្លងទៅនេះ។

ចំពោះការកើនឡើងនៃការប្រើប្រាស់ប្រាក់យ័នចិននៅកម្ពុជា ដោយសារកំណើចភ្ញៀវទេសចរ និងវិនិយោគចិនមកកម្ពុជា កាន់តែច្រើន។
ប្រទេសចិន ជាដៃគូនាំទំនិញចូលមកកម្ពុជាលំដាប់ថ្នាក់ទី ១ ចាប់ពីឆ្នាំ ១៩៩៨មក ។ ក្នុងឆ្នាំ ២០១៧ ទំហំទឹកប្រាក់នាំចូលពីចិនសរុបមាណជិត ៥ពាន់លានដុល្លារអាមេរិក ចំណែកការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិនវិញមានទំហំទឹកប្រាក់ប្រមាណ ៨៣០លានដុល្លារអាមេរិក ហើយបច្ចុប្បន្នប្រទេសចិនជាទីផ្សារនាំអង្ករចេញធំជាងគេរបស់កម្ពុជា។
គិតត្រឹមខែមេសា ឆ្នាំ ២០១៨ ការវិនិយោគរបស់ចិននៅកម្ពុជា មានតម្លៃទឹកប្រាក់ប្រមាន ១៧ពាន់លានដុល្លារអាមេរិក៕

លោកជំទាវ ជា សេរី

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម