Connect with us

ដើមឆ្នាំ២០១៩ ជប៉ុន នឹងចាប់ផ្តើមអនុវត្តគម្រោងទី៤ ដែលអាចជួយរំដោះទឹកជំនន់នៅខណ្ឌដូនពេញ និង ខណ្ឌទួលគោក

ភ្នំពេញ ៖ គម្រោងកែលំអប្រព័ន្ធប្រឡាយ លូ អាងស្តុកទឹកកខ្វក់ និងគម្រោងការពារទឹកជំនន់ នៅរាជធានីភ្នំពេញ ជំហានទី៤ នឹងចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០១៩ ក្នុងគម្រោងទឹកប្រាក់ប្រមាណ៣០លានដុល្លាអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ។
ក្នុងសន្និសីទសារព័ត៌មានស្តីពីគម្រោងកែលំអប្រព័ន្ធប្រឡាយលូជំហានទី៤ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា ការកែលំអប្រព័ន្ធប្រឡាយលូ និងគម្រោងការពារទឹកជំនន់នៅរាជធានីភ្នំពេញ នឹងចាប់ស្ថាបនា នៅដើមឆ្នាំ២០១៩ បន្ទាប់ពីក្រុមជំនាញការរបស់ ជប៉ុន មកធ្វើការសិក្សាបន្ថែមនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨នេះ ។
លោក បញ្ជាក់ថា គម្រោងជំហានទី៤នេះ គឺធ្វើការស្ថាបនានូវប្រព័ន្ធលូថ្មី ជាលូមេ សំរាប់ដោះទឹកជន់លិចដោយទឹកភ្លៀង នៅភាគខាងជើងរម្មណីយ៍ដ្ឋានវត្តភ្នំ និង ស្ថាបនាអាងស្តុកទឹកកខ្វក់ នៅខាងក្រោមសួនច្បារខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងបំណងធ្វើការកាត់បន្ថយការជន់លិចនៅតំបន់មួយចំនួននៅកណ្តាលរាជធានីភ្នំពេញ ។


គម្រោងថវិកា ៣០លានដុល្លាអាមេរិក ជាជំនួយរបស់ជប៉ុននេះ គឺស្ថាបនា ដើម្បីរំដោះការជន់លិចទឹកភ្លៀង បានតែក្នុងតំបន់ខណ្ឌដូនពេញ និងខណ្ឌទួលគោកប៉ុណ្ណោះ ។ ចំពោះ ការជន់លិចនៃតំបន់ផ្សេងៗទៀត ដូចជាក្នុងខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ និងខណ្ឌដង្កោ គឺស្ថិតនៅក្នុងគម្រោងទី៥ ដែលសាលារាជធានីភ្នំពេញ បានដាក់ផែនការរួចហើយ ជាពិសេសរំដោះការជន់លិចនៅ តំបន់ខាងមុខព្រលានយន្តហោះ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងដែរថា ចំពោះគម្រោងជំហានទី៤នេះ គឺអនុវត្តលើការដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨,២គម, ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង ៤,៤គម, សាងសង់អាងស្តុកទឹកក្រោមដី ទំហំ១៥ម៉ែត្រគុណនិង២០០ម៉ែត្រ និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), តម្លើងរបាមេកានិចស្វ័យប្រវត្តិដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ៍បូមទឹកចតុមុខ ព្រះគន្លង់១ ព្រះ គន្លង់២ និងផ្សារចាស់, និងផ្តល់រថយន្តបូមទឹកចល័ត ចំនួន២គ្រឿងផងដែរ។ ទាក់ទិនទៅនឹងគម្រោងកែលំអប្រព័ន្ធលូនេះ លោក សាំ ពិសិដ្ឋ បញ្ជាក់អោយដឹងថា គឺស្ថាបនាលូមេថ្មីតែម្តង មិនបានគោះលូចាស់ចេញនោះទេ។
ចំពោះគម្រោងស្ថាបនាកែលំអប្រព័ន្ធលូប្រឡាយ អាងស្តុកទឹក ស្ថានីយ៍បូមទឹក និងគម្រោងការពារទឹកជំនន់ ជំហានទី៤នេះ គឺ ក្រុមហ៊ុន TOA Cooperation របស់ជប៉ុនអ្នកសាងសង់ ដែលប្រើរយៈពេល៣៦ខែ ដើម្បីស្ថាបនាអោយបានរួចរាល់ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម