Connect with us

ឆ្ងល់រឿងរួយកញ្ចឹងក និងស្មា ពេលនេះមានចម្លើយហើយ

គ្នាយើងឧស្សាហ៍ជួយបញ្ហានេះ ឆាប់លើកដៃភ្លាម! ឆ្ងល់ណាស់ត្រូវអត់? ម្ង៉ៃៗ ទាំងកញ្ចឹងក ទាំងស្មា ឈឺនោះឈឺ ចុករួយនោះរួយ ធ្វើម៉េចក៏មិនបាត់ បាត់មួយភ្លែត មកវិញដដែល។ ឈប់ឆ្ងល់ទៀតទៅ “Hello គ្រូពេទ្យ” នឹងលម្អិតបញ្ហាទាំងនេះឱ្យគ្នាយើងបានដឹង អាចជួយបង្ការកុំឱ្យជួបរឿងនេះទៀតផង។

ក្នុងរាងកាយ ទោះឈឺចាប់កន្លែងណាក៏ដោយ ច្បាស់ជាគ្មានផាសុកភាពទេ ប៉ះពាល់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ យ៉ាងណា ករណីឈឺចាប់នីមួយៗ មានរោគសញ្ញា និងមូលហេតុជាក់លាក់របស់វា។

១- ឈឺចាប់កញ្ចឹងក

ការឈឺចាប់កញ្ចឹងក សំដៅលើការឈឺចាប់ទាំងអស់ កើតឡើងនៅតំបន់កញ្ចឹងក។

២- រោគសញ្ញា

ជាទូទៅ រោគសញ្ញាឈឺចាប់កញ្ចឹងក អាចកើតព្រមគ្នាជាមួយរោគសញ្ញាផ្សេងៗទៀត មានដូចជា៖

– កញ្ចឹងក រឹង ឬពិបាកធ្វើចលនា
– ឈឺដូចគេចាក់នៅផ្នែកខាងក្រោមកញ្ចឹងក
– ការឈឺចុកចាប់
– ឈឺចាប់រាលដាល តាមសរសៃប្រសាទ ពីកញ្ចឹងក ទៅកាន់ស្មា និងដៃ
– ស្រពន់ ចាក់ស្កៀបឆៀបៗ ស្ពឹក ឬទន់ខ្សោយនៅត្រង់កញ្ចឹងក
– ពិបាកលើកដាក់របស់
– ឈឺក្បាល

រោគសញ្ញាទាំងនេះ អាចនាំឱ្យរំខានដល់ការគេង នៅពេលការឈឺចាប់បន្តវិវត្តទៅមុខ។

៣- មូលហេតុឈឺកញ្ចឹងក

ការឈឺចាប់កញ្ចឹងក ជាញឹកញាប់ បង្កឡើងដោយការទាញសន្ធឹង និងករណីថ្លោះ គ្រេច។ គ្នាយើងនឹងឈឺចាប់ ពេលប្រើសាច់ដុំ ឬសរសៃពួរខ្លាំងៗ ឬលើសកម្រិត។ ដូចគ្នានេះដែរ នឹងមានការថ្លោះគ្រេច ពេលសរសៃពួរយឺតសន្ធឹងហួសពីធម្មតា។ ហើយករណីប្រទាញ និងថ្លោះគ្រេចកញ្ចឹងក អាចបណ្តាលមកពីកត្តាមួយចំនួនដូចជា៖

– ដេកមិនត្រឹមត្រូវ
– ឆ្អឹងកងកមានបញ្ហា
– របួសក្នុងអំឡុងលេងកីឡា ឬធ្វើសកម្មភាព ពេលធ្វើចលនាកញ្ចឹងកលឿនភ្លាមៗ បង្កឱ្យឈឺចាប់។ ពេលខ្លះ អាចមកពីមានការប៉ះទង្គិច ឬដួល។
– ឥរិយាបថមិនល្អអំឡុងពេលកំពុងធ្វើការ ធ្វើដំណើរទៅកន្លែងធ្វើការ កំពុងរៀន ហើយសូម្បីឥរិយាបថមិនត្រឹមត្រូវពេលមើលទូរទស្សន៍ ឬអានសៀវភៅ ក៏បង្កឱ្យឈឺកញ្ចឹងដូចគ្នា។
– ចលនាច្រំដែលៗ នៅលើសរសៃពួរ ឬសរសៃក នាំឱ្យជ្រុលភ្លាត់ខុសកន្លែងដើម។
– ប្រើក្បាលមិនត្រឹមត្រូវ ដូចជានិយាយទូរស័ព្ទយូរ ដោយគៀបទូរស័ព្ទចន្លោះក្បាល និងស្មា ក៏ជាកំហុសមួយដែរ។
– របួសដោយសារចលនាក្បាល និងក គ្មានលំនឹង (កញ្ឆក់ៗទៅមុខទៅក្រោយ) ពិសេសអំឡុងពេលបើកបរ ស្រាប់តែជាន់ហ្រ្វាំងភ្លាមៗ ឬជួបគ្រោះថ្នាំរថយន្តប៉ះទង្គិចអ្វីមួយ នាំឱ្យក្បាល និងក រងចលនាកញ្ឆក់ខ្លាំងៗ។

៤- ឈឺចាប់ស្មា

ស្មាជាសន្លាក់ ទទួលបន្ទុកចលនាយ៉ាងច្រើន ហេតុនេះហើយទើបងាយរងរបួសធ្វើឱ្យឈឺចុកចាប់ និងរួយខ្លាំង។

៥- មូលហេតុឈឺស្មា

មានមូលហេតុជាច្រើន បណ្តាលឱ្យមានបញ្ហាឈឺស្មា ខណៈមូលហេតុចម្បងមានដូចជា៖

– គ្រេច
– ការប្រើប្រាស់សរសៃពួរច្រើនហួសហេតុ
– សន្លាក់ស្មាគ្មានលំនឹង
– ភ្លាត់សន្លាក់
– បាក់ឆ្អឹង នៅតំបន់ឆ្អឹងដងកាំបិត ឬដើមដៃ
– ស្មាជាប់គាំង
– សរសៃប្រសាទត្រូវកៀបត្បៀត

៤- ដំណោះស្រាយ

ដើម្បីព្យាបាលបញ្ហាឈឺចាប់កញ្ចឹងក និងស្មា ចាំបាច់ត្រូវការជំនួយពីថ្នាំប្រឆាំងការរលាក ដូចជា៖

– NSAIDs (ថ្នាំប្រឆាំងរលាកមិនមែនក្រុមថ្នាំស្តេរ៉យ) ដូចជា Ibuprofen, Naproxen និង Meloxicam
– ថ្នាំបំបាត់ការឈឺចាប់ ដូចជា Acetaminophen
– ស្អំកម្តៅសើម ឬទឹកកក លើតំបន់ឈឺចាប់ អាចជួយបាន
– ពេលខ្លះ ការឈឺចាប់មួយចំនួននៅលើគ្មានជំងឺជាក់លាក់ វេជ្ជបណ្ឌិតនឹងចេញវេជ្ជបញ្ជា ថ្នាំសម្រាប់បន្ធូរសាច់ដុំ (សាច់ដុំរលាខ្លាំង) ឬថ្នាំព្យាបាលប្រឆាំងជំងឺបាក់ទឹកចិត្ត។
– សម្រាប់គ្នាយើងមានជំងឺរលាកសន្លាក់ អាចត្រូវចាក់ថ្នាំពពួកកតទីកូអ៊ីដ (Corticosteroid) នៅតំបន់ឈឺចុកចាប់។
– បើឈឺចាប់ពេលកម្រើកកញ្ចឹងក និងស្មា អាចឆ្លៀតហាត់ប្រាណ ដើម្បីទទួលផលប្រយោជន៍ទាំងសងខាង។
– ស្ថានភាពពាក់ព័ន្ធឫសសរសៃប្រសាទ ឬឆ្អឹងខ្នង អាចនឹងត្រូវការការវះកាត់។

ប្រសើរបំផុត ត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម