Connect with us

នៅកម្ពុជា ជាង ៦០% នៃកុមារក្រោមអាយុ ១៧ឆ្នាំ ប្រឈមនឹងអំពើហឹង្សាផ្នែករាងកាយ ខណៈហឹង្សាផ្លូវភេទ មានជាង ៦,៤ % ក្នុងនោះ ភាគច្រើនជាកុមារី

ភ្នំពេញ ៖ នៅទូទាំងពិភពលោក មានការប៉ាន់ប្រមាណថា យ៉ាងហោចណាស់កុមារ ១០០០នាក់ បានទទួលរងអំពើហឹង្សាជាអន្តរបុគ្គល ។ ដោយឡែក នៅតំបន់អាស៊ី មានកុមារ ៥០ភាគរយ បានទទួលរងអំពើហឹង្សា ដែលបង្កអោយមានបន្ទុកផ្នែកសុខភាព ការអប់រំ និងការរាំងស្ទះដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។
កន្លងមកក្នុងឆ្នាំ ២០១៣ កម្ពុជា បានធ្វើការសិក្សាស្រាវជ្រាវជាលើកដំបូង ចំពោះអំពើហឹង្សាលើកុមារ ដោយរកឃើញថា ប្រមាណ ៦០% នៃកុមារក្រោមអាយុ ១៧ឆ្នាំ ប្រឈមនឹងអំពើហឹង្សាផ្នែករាងកាយ ហឹង្សាផ្លូវភេទ និង ប្រមាណ ៦,៤ %ភាគច្រើនជាកុមារី ។
ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានគូសបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបានវឌ្ឍនភាព ក្នុងកិច្ចខិតខំដោះស្រាយបញ្ហាអំពើហឹង្សាលើកុមារ ។ ជំហានសំខាន់ៗ ត្រូវបានអនុវត្តក្នុងការរៀបចំគោលនយោបាយច្បាប់យុទ្ធសាស្រ្តជាក់លាក់ និង ក្របខណ្ឌគតិយុត្តសំខាន់ៗសម្រាប់កិច្ចការពារកុមារ ដើម្បីចូលរួមជាមួយចលនាសកល សំដៅបញ្ចប់អំពើហឹង្សាលើកុមារ ដូចមានបញ្ជាក់នៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពនិងផែនការសកម្មភាពរបស់អាស៊ានឆ្នាំ ២០១៥ ស្តីពីការលុបបំបាត់អំពើហឹង្សាលើកុមារ។


ឯកឧត្តម បានបញ្ជាក់បន្ថែមថា ផ្អែកតាមកិច្ចខិតខំប្រឹងប្រែងកន្លងមក កម្ពុជាបានក្លាយជាប្រទេសឈានមុខក្នុងបណ្តាប្រទេសអាស៊ាន ដែលបានធ្វើការអង្កេតសិក្សាស្រាវជ្រាវពីស្ថានភាពអំពើហឹង្សាលើកុមារ ដែលមានលក្ខណៈវិទ្យាសាស្រ្ត ក្នុងការកំណត់ពីទំហំវិសាលភាព ការផ្តល់ ភ័ស្តុតាងជាក់លាក់នៃអំពើហឹង្សាលើកុមារទាំងផ្លូវភេទផ្លូវកាយ និងផ្លូវចិត្តដែលកុមារបានជួប ប្រទះនិងកំពុងប្រឈម។
ឯកឧត្តម វង សូត បានមានប្រសាសន៍ទៀតថា ផ្អែកលើលទ្ធផលនៃការអង្កេតនេះ ផែនការសកម្មភាពដើម្បីទប់ស្កាត់និងឆ្លើយតមចំពោះអំពើហឹង្សាលើកុមារឆ្នាំ ២០១៧-២០២១ត្រូវបានរៀបចំឡើង ក្នុងគោលបំណងធានាដល់ការដោះស្រាយនិងមានវិធានការទាន់ពេលវេលាលើបញ្ហាអំពើហឹង្សាលើកុមារគ្រប់រូបភាពក៏ដូចជាដើម្បីលើកម្ពស់ការការពារនិងការអភិវឌ្ឍសិទ្ធកុមារប្រកបដោយចីរភាព៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម