Connect with us

កម្ពុជាប្តេជ្ញាកាត់បន្ថយការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ ឱ្យបានចំនួន ៣,១លានតោន នៅត្រឹមឆ្នាំ ២០៣០

កម្ពុជាប្តេជ្ញាកាត់បន្ថយការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ នៅក្នុងប្រទេស ឱ្យបានចំនួន ៣,១លានតោន (ស្មើនឹង២៧%) នៅត្រឹមឆ្នាំ ២០៣០ពីវិស័យថាមពល កម្មន្តសាល(សហគ្រាសផ្សេងៗ) ដឹកជញ្ជូន និងវិស័យផ្សេងៗទៀត។
នេះជាគម្រោងអភិវឌ្ឍន៍រួមគ្នាមួយ ស្តីពីការអភិវឌ្ឍការបញ្ចេញកាបូនិច ដើម្បីបង្កើនផលិតភាព និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន។ កម្មវិធីនេះត្រូវបានរៀបចំអនុវត្តដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម សហកាគ្នាជាមួយក្រសួងបរិស្ថាន និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍឧស្សាហកម្ម (UNIDO) ក្រោមជំនួយថវិកាពីមូលនិធីបរិស្ថានពិភពលោក(GEF)។
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា កម្ពុជា ក្នុងនាមជាសមាជិកនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ចាប់តាំងពីឆ្នាំ១៩៩៥ បានចូលរួមយ៉ាងសកម្មក្នុងវេទិកានេះ ក្នុងក្របខ័ណ្ឌសហប្រជាជាតិ និងក្នុងក្របខ័ណ្ឌជាតិ វិញបានសម្របសម្រួលកិច្ចការងារជាច្រើនពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ជាមួយបណ្តាក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន។
ឯកឧត្តមបានបន្តថា ក្រសួងបរិស្ថានបានសម្របសម្រួលជាមួយតួអង្គអភិវឌ្ឍទាំងអស់ ក្នុងការរៀបចំ “ផែនការយុទ្ធសាស្ត្រឆ្លើយតបការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០១៤-២០២៣ សំដៅប្រែក្លាយកម្ពុជា ជាប្រទេសមួយ ដែលចាប់ផ្តើមមានការអភិវឌ្ឍបៃតង ការបញ្ចេញកាបូនិច ភាពធន់នឹងការប្រែប្រួលអាកាសធាតុជាដើម។


ឯកឧត្តមថ្លែងថា ផែនការសកម្មភាពប្រែប្រួលអាកាសធាតុតាមវិស័យរបស់ក្រសួងពាក់ព័ន្ធចំនួន១៥ ដែលក្នុងនោះរួមមានទាំងក្រសួងឧស្សាហកម្ម និងសិប្បកម្មផងដែរ ក៏ត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការជិតស្និតរវាងក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ដើម្បីរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងឈានឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព។
ជាងនេះទៅទៀត ក្រសួងបរិស្ថានក្នុងនាមរាជរដ្ឋាភិបាលបានរៀបចំ “ផែនការស្តីពីការចូលរួមចំណែករបស់រដ្ឋភាគីក្នុងការអនុវត្តអនុសញ្ញា (NDC) ក្នុងក្របខ័ណ្ឌសហប្រជាជាតិ ដែលក្នុងនោះ យើងបានធ្វើការ ប្តេជ្ញាចិត្តកាត់បន្ថយការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ ក្នុងប្រទេសកម្ពុជា ឱ្យបានចំនួន ៣,១លានតោន (ស្មើនឹង២៧%) នៅត្រឹមឆ្នាំ ២០៣០ ពីវិស័យថាមពល កម្មន្តសាល ដឹកជញ្ជូន និងវិស័យផ្សេងៗទៀត។

ចំណែកឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានមានប្រសាសន៍ថា គម្រោងនេះមានរយៈពេល ៥ឆ្នាំ ពីឆ្នាំ ២០១៨-២០២១ និងបានបញ្ចប់ដំណាក់កាលទី១ ប្រកបដោយមានជោគជ័យក្នុងទឹកប្រាក់ ៩សែនដុល្លារ និងចាប់ផ្តើមដំណាក់កាលទី ២ ជាបន្ត ដែលមានទឹកប្រាក់ ១,៩លានដុល្លារ ក្នុងគោលបំណងដើម្បីជួយអភិវឌ្ឍដល់ក្រុមហ៊ុន រោងចក្រ និងសិប្បកម្មតាមរយ:ការពង្រឹងប្រសិទ្ធភាពធនធាន ប្រសិទ្ធភាពថាមពល ការផ្ទេរបច្ចេកវិទ្យាអំណោយផលដល់បរិស្ថាន ព្រមទាំងការគ្រប់គ្រងបរិស្ថាននៅក្នុងវិស័យកម្មន្តសាលកម្ពុជា និងកាត់បន្ថយហានីយភ័យរយៈពេលវែងដែលបង្កដោយការប្រែប្រួលអាកាសធាតុ ក្នុងវិស័យឧស្សាហកម្មនិងសិប្បកម្មក្នុងប្រទេសកម្ពុជា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម