Connect with us

ការងារសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប ប្រឈមបញ្ហាអគ្គិសនី និងទឹកស្អាត

សៀមរាប៖ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអាកាសយានដ្ឋានសៀមរាប អង្គរ លោក LU WEI បានបង្ហាញថា ការងារស្ថាបនាព្រលានយន្តហោះថ្មីនេះ កំពុងជួបប្រទះបញ្ហាប្រឈមចំនួន២ គឺការតភ្ជាប់បណ្តាញផ្គត់ផ្គង់អគ្គិសនី និងការតភ្ជាប់បណ្តាញផ្គត់ផ្គង់ទឹកស្អាត។

លោក LU WEI បានលើកឡើងបញ្ហានេះ ក្នុងពេលដែលលោក បានជួបប្រជុំជាមួយ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញ ក្នុងគោលបំណងស្នើសុំឲ្យមានការគាំទ្រនិងជំរុញពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលតាមរយ: លោកបណ្ឌិតរដ្ឋមន្ត្រី ដើម្បីបង្កើនល្បឿន និងដោះស្រាយកង្វល់០២យ៉ាង ដែល គឺ ១- ផ្នែកតភ្ជាប់បណ្តាញអគ្គិសនីនិងការផ្គត់ផ្គង់អគ្គិសនី ២- ការតភ្ជាប់បណ្តាញទឹកស្អាតនិងការផ្គត់ផ្គង់ទឹកស្អាត។

ក្នុងកិច្ចប្រជុំនេះដែរ លោកបណ្ឌិតរដ្ឋមន្ត្រី បានជម្រាប ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អាកាសយានដ្ឋានសៀមរាបអង្គរថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នឹងសហការខិតខំជំរុញដល់ស្ថាបន័ពាក់ព័ន្ធនៅខេត្តសៀមរាប ក្នុងការជួយសម្រួលដោះស្រាយបញ្ហាដែលបានលើកឡើង ដើម្បីឲ្យបានសម្រេចទៅតាមផែនការដែលបានគ្រោងទុក។

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានចាត់ទុកជានិមិត្តរូបនៃចំណងមិត្តភាពកម្ពុជានិងចិន។ អ្នកជំនាញនៃក្រុមការងារចិន ដែលកំពុងប្រតិបត្តិការនៅការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឲ្យដឹងថា តាមផែនការសម្រាប់ឆ្នាំ២០២១នេះ ការសាងសង់គម្រោងទាំងមូល គ្រោងនឹងសម្រេចឲ្យបានប្រមាណជា៦៧% ដែលនៅក្នុងនោះ ការសាងសង់ស្ថានីយអ្នកដំណើរគ្រោងនឹងសម្រេចឲ្យបាន៧៨% ការកសាងតំបន់ហោះហើរគ្រោងនឹងសម្រេចឲ្យបាន៤៥% និងសំណង់ហេដ្ឋារចនាសម្ព័ន្ធទូទៅរបស់អាកាសយាដ្ឋានគ្រោងនឹងសម្រេចឲ្យបាន៥០%។

គួរបញ្ជាក់ថា ចាប់តាំងពីដំណើរការការដ្ឋានសាងសង់ស្ថានីយអ្នកដំណើរ កាលពីពាក់កណ្តាលខែមីនាឆ្នាំ២០២០ មកដល់ចុងឆ្នាំ២០២០ គឺសម្រេចបាន១៥%។ ចំណែកការសាងសង់តំបន់ហោះហើរដែលចាប់ផ្តើមការដ្ឋាននាពាក់កណ្តាលខែតុលា មកដល់ចុងឆ្នាំ២០២០ដូចគ្នា សម្រេចបានប្រមាណជា១០%។
អាកាសយានដ្ឋានថ្មីនៃទឹកដីខេត្តសៀមរាបនេះ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត ដែលធានាបានថា ការហោះហើរនិងចុះចត មិនមានផលអវិជ្ជមាននៃប្រតិបត្តិការរបស់អាកាសយានដ្ឋានចំពោះប្រាសាទអង្គរវត្ត និងសំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ។

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាបនេះ គ្រោងនឹងបញ្ចប់ ដោយឆ្លងកាត់ការត្រួតពិនិត្យរបស់ក្រុមបច្ចេកទេសនិងអង្គភាពជំនាញ ឈានទៅបំពេញលក្ខខណ្ឌប្រតិបត្តិការរបស់អាកាសយានដ្ឋាន នាពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ គឺមានរយៈពេលសរុប៣៦ខែ បើគិតចាប់ពីថ្ងៃបើកការដ្ឋាន ពាក់កណ្តាលខែមីនា ឆ្នាំ២០២០។

អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់4E មានផ្លូវរត់ប្រវែង៣ ៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយអ្នកដំណើរជាង៨ម៉ុនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជា៧លាននាក់។ អាកាសយានដ្ឋានអន្តរជាតិខ្នាតដ៏ធំមួយនេះដែរ ត្រូវបានស្ថិតក្រោកកិច្ចព្រមព្រៀង BOT រយៈពេល៥៥ឆ្នាំ ដែលក្រោយពេលប្រតិបត្តិការត្រូវបានបញ្ចប់ គម្រោងនេះនឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ ជា ស្រស់

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម