Connect with us

មហោស្រពភាពយន្តខ្លីចតុមុខ លើកទី៧ រកឃើញភាពយន្តខ្លីដែលល្អបំផុតប្រចាំឆ្នាំ២០១៨

ភ្នំពេញ ៖ មហោស្រពភាពយន្តខ្លីចតុមុខ នឹងប្រកាសជ័យលាភីភាពយន្តខ្នាតខ្លីល្អបំផុតសំរាប់មហោស្រពលើកទី៧ ឆ្នាំ២០១៨នេះ ។
បន្ទាប់ពីចាក់បញ្ចាំងតាមរោងភាពយន្តនានាក្នុងរាជធានីភ្នំពេញ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ខែតុលាកន្លងទៅ មហោស្រពភាពយន្តខ្លីចតុមុខ បានរកឃើញជ័យលាភីភាពយន្តខ្លី ដែលល្អជាងគេប្រចាំឆ្នាំ នោះ គឺភាពយន្តបរទេសរឿង ON MY MIND (សហរដ្ឋអាមេរិច) ដោយសមិទ្ធិករ Sunken Plum និងភាពយន្តខ្មែរ រឿង ខ្យល់ខែកុម្ភៈ ដោយសមិទ្ធិករលោក មុនី កាន់ ដារង្គ ។


សម្រាប់មហោស្រពឆ្នាំ២០១៨នេះ គណកម្មការរៀបចំ បានទទួលភាពយន្តខ្លីចំនួន ៣០១ ចំណងជើង ក្នុងនោះ មានភាពយន្តខ្មែរ ចំនួន៣៩ចំណងជើង និង បរទេស ចំនួន២៦២ចំណង ជើង ។ ក្នុងនោះដែរ គណៈកម្មការវិនិច្ឆ័យ បានជ្រើសរើសរឿងក្នុងជុំប្រកួតប្រជែងទីមួយ ដែលមានភាពយន្តខ្លីខ្មែរចំនួន ៦ចំណងជើង និង ភាពយន្តខ្លី បរទេសចំនួន ១២ ចំណងជើង រួមនិងភាពយន្តខ្លីចំរុះផ្សេងទៀត ចំនួន ៥៩ចំណងជើង សរុបមាន ចំនួន៧៧ ចំណងជើងត្រូវបានចាក់បញ្ចាំង ។
សំរាប់រឿងខ្លីខ្មែរ ដែលជ្រើសមកប្រកួតមាន ៖

  1. រឿង ដងរែក សមិទ្ធិករលោក ផាន់ ណារ័ត្ន
  2. រឿង ចាប់ជំរិត សមិទ្ធិករលោក គីមអាន សុភសក្តិ
  3. រឿង ខ្យល់ខែកុម្ភៈ សមិទ្ធិករលោក មុនី កាន់ ដារង្គ
  4. រឿង ដើមត្នោត សមិទ្ធិករលោក ពៅ ពិសិដ្ឋ និងកញ្ញាសួង រដ្ឋា
  5. រឿង ថ្ងៃបុណ្យនៃក្តីស្រលាញ់របស់ខ្ញុំ សមិទ្ធិករលោក វង្ស បញ្ញាវ័ន
  6. រឿង កុំស្រែក សមិទ្ធិករលោក វ៉ាន់ ស៊ីដារ៉ូ

រឿងខ្លីបរទេសដែលជ្រើសមកប្រកួតមាន៖

  1. រឿង DEATH VAN (កាណាដា)
  2. រឿង NOVITATION CEREMONY (THAA SHIN PYU) (មីយ៉ាន់ម៉ា)
  3. រឿង GIRLY IS IN CONTROL OF HER LIFE (ហ្វីលីពីន)
  4. រឿង THOSE WHO CAN DIE(បារាំង)
  5. រឿង ON MY MIND (សហរដ្ឋអាមេរិច)
  6. រឿង A COLD SUMMER NIGHT (ឥណ្ឌា)
  7. រឿង HAMMER DOWN (សហរដ្ឋអាមេរិច)
  8. រឿង GAWILAN (ហ្វីលីពីន)
  9. រឿង CRABGIRL (អ៊ុយក្រែន)
  10. រឿង BAM BAM BAM (កូរ៉េ)
  11. រឿង SUNKEN PLUM (ចិន)
  12. រឿង COUNTERFEIT KUNKOO (ឥណ្ឌា)

តាមរយៈការចាក់បញ្ចាំងតាមរោងភាពយន្ត មានទស្សនិកជនវ័យក្មេង ជាច្រើនបានចូលរួមទស្សនា និង ពេញចិត្តចំពោះភាពយន្តខ្លី ។
យុវជន សំ សារ៉ាត់ បានបញ្ជាក់ថា ៖ “ខ្ញុំចូលចិត្តមើលភាពយន្តខ្លី ព្រោះមានខ្លឹមសារបង្កប់នៅខាងក្នុង គួរយកមកគិតពិចារណា ។
ដោយឡែក យុវតី ខៀវ ចរិយា ក៍បង្ហាញចំណាប់អារម្មណ៍ថា ៖ “ខ្ញុំមកជាមួយមិត្តភក្តិពីរបីនាក់ ហើយគិតថា សាកមកមើលលេង រឿងខ្មែរយើងហ្នឹង ហើយគិតថា ប្រហែលម៉ាភ្លែតទេទៅវិញហើយ។ តែពួកខ្ញុំនៅមើលរហូតដល់ចប់ព្រោះ រឿងទាំងអស់សុទ្ធតែល្អមើល អត់ដាច់ចិត្តចេញ (សើច)។ ឆ្នាំក្រោយពួកខ្ញុំនឹងមកមើល ទៀត”។
លោក គាំ វុត្ថា ជាប្រធានរៀបចំមហោស្រព ភាពយន្តខ្លីចតុមុខ ឆ្នាំ2018 បានមានប្រសាសន៍ថា រឿងដែលជាប់ជ័យលាភីឆ្នាំនេះ ពិតជាសក្តិសម សម្រាប់ទាំងសាច់រឿង ការសម្តែង និង បច្ចេកទេស។ លោក សង្ឃឹមថា វិស័យភាពយន្តនៅប្រទេសកម្ពុជា នឹងលូតលាស់បន្ថែម ជាមួយធនធានមនុស្សថ្មីៗ ក្នុងវិស័យនេះ តាម រយៈភាពយន្តខ្លីរបស់ពួកគាត់ ។


លោកបន្ថែមថា ៖ ឆ្នាំនេះ មហោស្រព ដកពិសោធកម្មវិធីថ្មីពីរ ជាមួយដៃគូបរទេស គឺ៖ កញ្ចប់រឿងខ្លីរបស់ S-Express (ដែលជាកម្មវិធីបញ្ចាំងភាពយន្តខ្លី វិលជុំតាមបណ្តាប្រទេស អាស៊ីអា គ្នេយ៍) និង ការបញ្ចាំងរឿងជ័យលាភី៣ឆ្នាំចុងក្រោយ ជាមួយរឿងខ្លីពីមហោស្រពភាពយន្ត «កាន» (បារាំង)។ មហោស្រពភាពយន្តខ្លីចតុមុខ នៅឆ្នាំបន្ទាប់ នឹងទទួលបានភាពយន្តខ្លីល្អៗបន្ថែមទៀត ពីគ្រប់ទិសទី ជាពិសេសពីពលរដ្ឋខ្មែរម្ចាស់ស្រុក។
ចំណែកអ្នកនាំពាក្យរបស់មហោស្រពភាពយន្តខ្លីចតុមុខ លោក ស៊ុ ស៊ីថែន ក៏មានជំនឿយ៉ាងមុតមាំថា ភាពយន្តខ្លី នៅតែជាស្ពានដ៏រឹងមាំដល់យុវសមិទ្ធិករភាពយន្តខ្មែរ។ តាមបទពិសោធន៍ របស់លោក ដែលបានសិក្សាខាងផលិតភាពយន្ត (Producing Course) នៅកូរ៉េ លោក បានលើកឡើងថា កូរ៉េ ទាំងអ្នកជំនាន់ថ្មី និងជំនាន់ចាស់ ក៏ជម្រុញឱ្យចាប់ផ្តើមអាជីពពីការធ្វើរឿងខ្លីជាមុនសិនដែរ ។ ពោលគឺ ភាពយន្តខ្លី ចំណាយ ធនធានតិច តែផ្តល់មេរៀនបានច្រើន រាល់ពេលដាក់ប្រកួតក្នុងមហោស្រពម្តងៗ មិនថាក្នុងស្រុក ឬ ក្រៅស្រុកទេ ។
សូមបញ្ជាក់ផងដែរថា មហោស្រពភាពយន្តខ្លីចតុមុខ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១២ សំរាប់ ផ្តល់ឱកាសដល់យុវជនដែលស្រលាញ់ភាពយន្ត និងចង់បង្ហាញស្នាដៃរបស់ខ្លួនទៅកាន់មហាជន ក៏ដូចជាចង់សិក្សាស្វែងយល់បន្ថែមពីការផលិតភាពយន្តខ្លី ដើម្បីចូលរួមចំណែកលើកស្ទួយ វិ ស័យភាពយន្តខ្មែរ ៕

សូមទស្សនាវិដេអូ៖

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម