Connect with us

ភូមិភាគឥសាននៃប្រទេសកម្ពុជា នៅតែជាច្រកដ៏សកម្ម ដែលជនល្មើស យកធ្វើជាច្រកឆ្លងកាត់រត់ពន្ធគ្រឿងញៀន

ភ្នំពេញ: អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃនេះ បានបើកកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យ ការងារបង្រ្កាប និងទប់ស្កាត់គ្រឿងញៀន ក្រោមវត្តមានឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
បើតាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា បញ្ហាគ្រឿងញៀននៅលើពិភពលោកនៅតែបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ ការផលិតគ្រឿងញៀននៅក្នុងតំបន់ត្រីកោណមាស នៅតែមានការកើនឡើងយ៉ាងខ្លាំង ពិសេសការផលិតគ្រឿងញៀនសំយោគ ដោយសានិន្នាការនៃការប្រើបំពានគ្រឿងញៀននៅលើពិភពលោក មានការប្រែប្រួល ក្នុងនោះ ពីការប្រើប្រាស់គ្រឿងញៀនប្រភេទអាភៀន ហេរ៉ូអ៊ីន កូកាអ៊ីន ទៅប្រើប្រាស់ប្រភេទគ្រឿងញៀនសំយោគ ហើយឥទ្ធិពលទាំងអស់នេះ ធ្វើឲ្យកម្ពុជា នៅតែបន្តទទួលរងផលប៉ះពាល់ពីការចរាចរគ្រឿងញៀនឆ្លងកាត់ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានមានប្រសាសន៍ថា ភាគឦសានប្រទេសកម្ពុជានៅតែជាច្រកសកម្ម ដែលឈ្មួញតែងតែប្រើប្រាស់សម្រាប់ចរាចរគ្រឿងញៀន ជាមួយនឹងការចរាចរគ្រឿងញៀនឆ្លងកាត់ ។ ទន្ទឹមនឹងនេះ ក៏មានការលបលួច ដាំដុះដំណាំកញ្ឆានៅតាមបណ្តាខេត្តមួយចំនួនផងដែរ ។


ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងការកោតសសើរដល់ក្រសួងស្ថាប័នជាសមាជិក និងគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត រួមនឹងសមត្ថកិច្ចពាក់ពន្ធ័ដែលបានខិតខំរួមគ្នា ចាត់ចែងអនុវត្តតាមផែនការសកម្មភាពរបស់ខ្លួនទទួលបានលទ្ធផលល្អ ។
ទោះយ៉ាងណា ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តតាមផែនការដែលបានដាក់ចុះ ដោយឯកឧត្តម បានសង្កត់ធ្ងន់ថា សមត្ថកិច្ចពាក់ពន្ធ័ គួរធ្វើការងារតាមតួនាទីភារកិច្ច កុំរងចាំតែបទបញ្ជា ។ ក្រៅពីនេះ ក៏ត្រូវបង្កើនការងារផ្សព្វផ្សាយអប់រំ បង្ការ ឲ្យទៅដល់គ្រប់គោលដៅងាយប្រឈមគ្រោះថ្នាក់ដោយសារគ្រឿងញៀន និង ចាត់តាំងអនុវត្តទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន និងខេត្តទេសចរណ៍ និងសេដ្ឋកិច្ចមួយចំនួន។

យោងតាមរបាយការណ៍ បានអោយដឹងថា រយៈពេល ៩ខែមកនេះ សមត្ថកិច្ច បង្រ្កាបបាន ៥.៩១៥ ករណី (រួមទាំងករណីប្រើប្រាស់) ក្នុងនោះ ឃាត់ខ្លួន ១១.៨៤៧ នាក់ ក្នុងនោះ ស្រី ៩៨៧ នាក់ ។ ជាមួយគ្នានេះ សមត្ថកិច្ច បានដកហូតគ្រឿងញៀន មួយចំនួនធំ រួមមាន ៖ គ្រឿងញៀនសំយោគ ៥០៣គ.ក្រ ៤៤០ក្រាម, កញ្ឆាក្រៀម ៣៨គ.ក្រ ៩៩០ក្រាម, ដើមកញ្ឆា ១៤៤.០៧៥ ដើម ។ ដោយឡែក សមត្ថកិច្ច ក៏បានចាប់យករថយន្ត ៧៣គ្រឿង, ម៉ូតូ ១.៦៨៤ គ្រឿង, ប្រាក់កម្ពុជា ២៥.៤៦៣.៣០០ រៀល, ប្រាក់ អាមេរិក៣.៥៣៦ ដុល្លារ, ប្រាក់ថៃ ១៦.០៥០ បាត, ប្រាក់វៀតណាម ២.៥២១.០០០ ដុង, ប្រាក់ចិន ២៤.០០០ យ័ន និងអចលនទ្រព្យមួយចំនួន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម