Connect with us

ករណីបាញ់សម្លាប់ជនល្មើស៤នាក់ នៅក្នុងបុរីអង្គរភ្នំពេញ ជាការរៀបចំផែនការជាក់លាក់

ភ្នំពេញ៖ ករណីសមត្ថកិច្ច បាញ់សម្លាប់ជនល្មើសចំនួន ៤នាក់ ដែលប៉ុនប៉ងប្លន់ និងចាប់ជំរិត នៅក្នុងបុរីអង្គរភ្នំពេញ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ ១១ព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ គឺជាករណីរៀបចំទុកមុនយ៉ាងជាក់លាក់ ទាំងជនសង្ស័យ និងជនរងគ្រោះ។

តាមដំណើររឿងក្នុងករណីនេះ ជនល្មើសមានគ្នាចំនួន ៥នាក់ ក្នុងនោះមានចំនួន ២នាក់ ធ្លាប់ជាអ្នកធ្វើការ និងស្នាក់នៅ ជាអ្នកបើកបររថយន្តឱ្យជនរងគ្រោះ ប៉ុន្តែបានលាឈប់ពីការងារហើយ។ ក្រោយមកជនល្មើសទាំង ២នាក់នោះ បានទៅសុំជនរងគ្រោះនៅធ្វើការងារវិញ ប៉ុន្តែជនរងគ្រោះមិនព្រមឱ្យនៅ ទើបជនល្មើសម្នាក់បែកគំនិត ក៏រៀបចំផែនការចាប់ជំរិត និងប្លន់តែម្តង ដោយរកបានបក្ខពួកចំនួន ៣នាក់ បន្ថែមទៀត។ ជាសំណាងល្អ ម្នាក់ក្នុងចំណោម ២នាក់នោះបានក្បត់ និងមិនព្រមចូលសកម្មភាពជាមួយ ក៏បានរាយការណ៍ទៅជនរងគ្រោះ និងសមត្ថកិច្ច រហូតអាវុធហត្ថបានត្រៀមកម្ចាត់អ្នកដែលបានរៀបផែនការប្លន់ចាប់ជំរិតនោះ កាល៣ថ្ងៃមុនមកម្ល៉េះ។ ជនល្មើសទាំងនោះជាជនជាតិខ្មែរ មានកាំភ្លើងខ្លីចំនួន ២ដើម និងកាំភ្លើងវែងអាកា ១ដើម។ ចំណែកអត្តសញ្ញាណជនរងគ្រោះនៅមិនទាន់ស្គាល់នៅឡើយទេ។ ជាជំហានដំបូង ក្រុមជនល្មើសគ្រោងប្លន់ និងជំរិតទាប្រាក់ចំនួន ១លានដុល្លារ។

ក្នុងករណីនោះ ដោយនៅថ្ងៃកើតហេតុ ម្ចាស់ផ្ទះបានរៀបចំផែនការជាមួយសមត្ថកិច្ច(អាវុធហត្ថ) រួចជាស្រេច ដោយអ្នកបើករថយន្តបានដឹកម្ចាស់ផ្ទះ(ជនរងគ្រោះ)ចេញក្រៅផ្ទះអស់ ហើយនៅក្នុងផ្ទះបានដាក់បង្កប់សមត្ថកិច្ចរួចជាស្រេច និងបានរៀបចំឱ្យម្នាក់ដែលបានក្បត់បក្ខពួកទាំង ៤នាក់នោះ ដើម្បីធ្វើសកម្មភាពប្លន់ និងចាប់ជំរិត ដូចអ្វីដែលអ្នកទាំង ៥នាក់ នោះបានរៀបគម្រោងរួច។ នៅពេលទៅដល់កន្លែងកើតហេតុតៃកុងរថយន្តដែលក្បត់នោះ បានឱ្យសញ្ញារួចជាស្រេចទៅសមត្ថកិច្ច នៅពេលនោះ ជនល្មើសក៏បានឃើញសមត្ថកិច្ច និងបានបាញ់រះទៅលើសមត្ថកិច្ច ហើយដើម្បីការពារខ្លួន សមត្ថកិច្ចបានបាញ់ទៅលើជនល្មើសបណ្តាលឱ្យស្លាប់ចំនួន ៤នាក់ នៅនឹងកន្លែងតែម្តង។

សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនោះគឺ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ ១១ព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម