Connect with us

តោះមកមើលកម្មវិធីលំអិត នៃការប្រណាំងរថយន្តឆ្លងកាត់តំបន់អភិរក្ស ឆ្នាំ២០១៨ ដែលមានរយៈពេល ៤ថ្ងៃ ដោយឆ្លងកាត់ខេត្តចំនួន ៣

ភ្នំពេញ ៖ ក្រសួងបរិស្ថាន និងសហព័ន្ធកីឡាយានយន្ត បានសហការគ្នារៀបចំការប្រណាំងរថយន្ត ឆ្លងកាត់តំបន់អភិរក្ស រ៉ាលីរ៉េដ ២០១៨ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមប្រធានបទ «រួមគ្នាដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ»។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា ការប្រណាំងរថយន្តនេះ ធ្វើឡើងដោយឆ្លងកាត់ចំនួន ៣ ខេត្ត គឺខេត្តកំពង់ស្ពឺ ដោយឆ្លងឆ្លងកាត់តំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងឧទ្យានជាតិគិរីរម្យ, នៅក្នុងខេត្តកំពត ដែលឆ្លងកាត់តំបន់ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ និងនៅក្នុងខេត្តព្រះសីហនុ ឆ្លងកាត់តំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ដែលមានចម្ងាយផ្លូវសរុបជាង ៦៣០ គឺឡូម៉ែត្រ។
បើតាមអ្នកនាំពាក្យ នេះជាលើកទី១ ដែលក្រសួងបរិស្ថាន បានសហការជាមួយនឹងសហព័ន្ធកីឡាយានយន្តកម្ពុជា រៀបចំការប្រណាំងរថយន្តនេះឡើយ។ តាម ឯកឧត្តម នេត្រ ភក្ត្រា ការប្រណាំងរថយន្តត្រូវបានរៀបចំ ២ លើករួចមកហើយគឺនៅខែធ្នូ ឆ្នាំ ២០១៧ និងខែមិថុនា ឆ្នាំ ២០១៨ នៅក្នុងទឹកដីខេត្តមណ្ឌលគិរី ។


ចំណែកលោក ហូ សិទ្ធីគុណ អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា និងអ្នករៀបចំកម្មវិធីប្រណាំងរថយន្តរ៉ាលី រ៉េដ ២០១៨ បានថ្លែងឱ្យដឹងថា នៅក្នុង ការប្រកួតរយៈពេល ៤ ថ្ងៃនេះនឹងមានការចូលរួមពីកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ រួមនឹងអ្នកសម្របសម្រួលកម្មវិធីសរុបទាំងអស់ប្រមាណ ៨០ នាក់ដែលមកពី ៥ ប្រទេស គឺកម្ពុជា ថៃ អូស្ត្រាលី នូវែលសេឡង់ វ៉ែល ស្កត់ឡែន ។
លោក ហូ សិទ្ធីគុណ បានថ្លែងថា ការសហការរៀបចំការប្រណាំងរថយន្តជាមួយនឹងក្រសួង បរិស្ថាន មិនមែនដើម្បីការកម្សាន្ត និង ការពង្រឹងលើបច្ចេកទេសនៃការប្រណាំងដើម្បីឈានទៅចូលរួមប្រណាំងរថយន្តជាលក្ខណៈអន្តរជាតិផ្សេងៗទៀតតែប៉ុណ្ណោះនោះទេ គឺដើម្បីផ្សាភ្ជាប់ជីវិតរបស់កីឡាករ កីឡាការិនីទៅនឹងធនធានធម្មជាតិនៅប្រទេសកម្ពុជា ។ បើតាមលោក ហូ សិទ្ធីគុណ កម្ពុជាសម្បូណ៌ដោយធនធានធម្មជាតិ ដែលត្រូវបង្ហាញដល់ពិភពលោកលោកទាំងមូលឱ្យបានដឹង។


ការប្រណាំងរថយន្តឆ្លងកាត់តំបន់អភិរក្សនៅកម្ពុជានេះ រៀបចំឡើងដើម្បីផ្សព្វផ្សាយពីសក្តានុ ពលធនធានធម្មជាតិដែលកម្ពុជាមាន ឱ្យប្រជាពលរដ្ឋបានដឹង ចូលរួមពង្រឹងការផ្សព្វផ្សាយពីការអនុវត្តច្បាប់ និងផ្សព្វផ្សាយពីភាពសម្បូណ៌បែបនៃធនធានធម្មជាតិ ព្រៃឈើ និងជីវៈចម្រុះគ្រប់ប្រភេទដែលប្រទេសកម្ពុជាមាន និងជំរុញឱ្យមានការចូលរួមរបស់សាធារណៈជនក្នុងការការពារ និងអភិរក្សធនធានធម្មជាតិឱ្យបាន គង់វង្ស និងចូលរួមការពារបរិស្ថានឱ្យមាននិរន្តរភាព។
តាមរបាយការណ៍បានអោយដឹងថា បច្ចុប្បន្ននេះ ប្រព័ន្ធតំបន់ការពារធម្មជាតិ រួមមាន តំបន់ការពារធម្មជាតិចំនួន ៥២ និង របៀងអភិរក្សជីវៈចម្រុះ ៣ ( ឦសាន្ត ឧត្តរ និងជួរភ្នំក្រវាញ) មានផ្ទៃដីសរុបទំហំប្រមាណ ៧ ២៣៩ ៩២០ ហិកតា ស្ថិតនៅក្រោមការការពារនិងអភិរក្សរបស់ក្រសួងបរិស្ថាន ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម