Connect with us

សម្ដេចតេជោ ហ៊ុនសែន សម្រេចលើកលែងការធ្វើចត្តាឡីស័កចំពោះពលករខ្មែរមកពីថៃ ដែលគ្មានការសង្ស័យមានកូវីដ១៩

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុនសែន បានសម្រេចលើកលែងការធ្វើចត្តាឡីស័កចំពោះពលករខ្មែរមកពីថៃ ដែលគ្មានការសង្ស័យមានកូវីដ១៩។ នេះជាការសម្រេចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២១នេះ។
នៅក្នុងសារសំឡេងតាមរយៈប្រព័ន្ធអេឡិចត្រូនិចផ្ញើរជូនអភិបាលរាជធានី-ខេត្តដែលជាប់ព្រំដែន សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា “បន្ទាប់ពីបានពិនិត្យទៅលើសភាពការណ៍នៅក្នុងប្រទេសថៃ ខ្ញុំសម្រេចថា បិទការធ្វើចត្តាឡីស័កនៅតាមព្រំដែន សម្រាប់អ្នកដែលមានសុខភាពធម្មតា”។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្តថា ការចាប់ផ្ដើមធ្វើចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា គឺនៅពេលដែលប្រទេសថៃបានឆ្លងសហគមន៍យ៉ាងច្រើន ប៉ុន្តែឥឡូវនេះ គឺសភាពការណ៍នៅក្នុងប្រទេសថៃ បានត្រួតត្រាបានហើយ រាប់ទាំងរបាយការណ៍ដែលលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានបញ្ជាក់ថា ខេត្តឈុនបុរី នៅជាប់ព្រំដែនជាមួយកម្ពុជា ក៏បានដកចេញពីចំណុចក្រហមដែរ ដូច្នេះមិនមានហានិភ័យទៀតទេ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងរយៈពេលមួយខែមកនេះ មណ្ឌលចត្តាឡីស័កនៅតាមព្រំដែនមិនមានមនុស្សឆ្លងថ្មីទេ។ ជាមួយគ្នានេះស្ថានភាពនៅតាមព្រំដែន គឺមានការលំបាក ដោយសារតែនៅតាមមណ្ឌលចត្តាឡីស័ក ចំនួនអ្នកចូលច្រើនជាងអ្នកចេញ ដូច្នេះធ្វើឲ្យចំនួនអ្នកធ្វើចត្តាឡីស័កមានការកើនឡើងយ៉ាងខ្លាំង ដែលធ្វើឱ្យមានការលំបាកនៅក្នុងការទទួលបន្ទុកចិញ្ចឹមថែទាំ ហើយប្រសិនបើសភាពការណ៍នៅពេលខាងមុខនេះអាកាសធាតុក្តៅ និងមានភ្លៀងធ្លាក់អាចបង្កដល់ការលំបាកដល់អ្នកធ្វើចត្តាឡីស័កថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ខ្ញុំយកការសម្រេច ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា-ថៃចំពោះបុគ្គលដែលគ្មានការសង្ស័យ”។ ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ចំពោះអ្នកដែលចេញចូលនៅតាមព្រំដែន អាជ្ញាធរដែលពាក់ព័ន្ធត្រូវតែពិនិត្យកំដៅ ហើយប្រសិនបើមានការសង្ស័យ ត្រូវយកសំណាក់ពួកគាត់ ព្រមទាំងធ្វើចត្តាឡីស័កដដែល ប្រសិនបើករណីមានការសង្ស័យពាក់ព័ន្ធទៅនឹងសុខភាពអ្នកដែលចេញចូលនោះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ចំពោះពលករដែលឆ្លងកាត់ព្រំដែន សូមអាជ្ញាធររៀបចំធ្វើការដឹកជញ្ជូនពួកគាត់ ទាំងអ្នកចត្តាឡីស័ក និងអ្នកចូលថ្មីទៅតាមគោលដៅភូមិស្រុករបស់ពួកគាត់ ឲ្យពួកគាត់ធ្វើចត្តាឡីស័កនៅក្នុងភូមិឋានរបស់ពួកគាត់។ ចំណែកអាជ្ញាធរមូលដ្ឋាន និងខេត្ត ក៏ត្រូវតែយកចិត្តទុកដាក់ចំពោះពលរដ្ឋដែលទើប តែចូលក្នុងមូលដ្ឋានរបស់ខ្លួន។

ក្រោមការយកចិត្តទុកដាក់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្ដេច ក៏បានបញ្ជាឲ្យខេត្តដែលមានពលរដ្ឋរបស់ខ្លួនដែលកំពុងធ្វើចត្តាឡីស័ក ឬក៏អ្នកដែលទើបតែមកថ្មី សូមអញ្ជើញទៅទទួលយកពួកគាត់នៅខេត្តជួរមុខនៅតាមព្រំដែន។ ជាមួយគ្នានេះ សម្ដេច បានបញ្ជាក់ថា ក្នុងន័យនេះ ក៏ដើម្បីការពារកុំឲ្យបងប្អូនពលករគេចវេះមិនទៅកាន់លំនៅឋានរបស់ខ្លួននោះដែរ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យអ្នកដែលពាក់ព័ន្ធនៅក្នុងការដឹកជញ្ជូនពលករទៅកាន់ភូមិកំណើត ត្រូវតែដឹកឱ្យមានសុវត្ថិភាព ហើយឱ្យមានសណ្ដាប់ធ្នាប់ ជាពិសេស សម្ដេចតេជោ បានណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវរៀបចំម្ហូបអាហារហូបចុកជូនដល់ពលករឲ្យបានគ្រប់គ្រាន់ ។
ចំពោះកម្លាំងដឹកជញ្ជូន សម្ដេចតេជោ ហ៊ុន សែនបានណែនាំបន្ថែមថា សូមរៀបចំឱ្យបានរក្សាគម្លាតសុវត្ថិភាពនិងរៀបចំថែទាំសុខភាពរបស់ពួកគាត់បានហ្មត់ចត់ជាទីបំផុត៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម