ការសន្សំសំចៃការប្រើប្រាស់ទឹក និង ថាមពលអគ្គិសនី ក៏ជាផ្នែកមួយនៃការចូលរួមការពារភពផែនដី និងឆ្លើយតបការប្រែប្រួលអាកាសធាតុ
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានជំរុញអោយយុវជនត្រូវចូលរួមក្នុងការ ការពារភពផែនដី និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការសន្សំសំចៃការប្រើប្រាស់ទឹក ចរន្តអគ្គិសនី និង ចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិឱ្យបានសកម្មបំផុត។ ការជំរុញនេះ បានធ្វើឡើងក្នុងវិទិកាយុវជនស្តីពី «តួនាទីយុវជនក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ» រៀបចំឡើងដោយកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាសាកល ដែលប្រទេសទាំងអស់ ត្រូវតែយកចិត្តទុកដាក់ចូលរួមដោះស្រាយ ។ កំណើនឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាស នឹងបង្កឱ្យមានការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ។
ឯកឧត្តម បានលើកឡើងបន្តថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាគំរាមកំហែងពិតប្រាកដមួយ ហើយប្រសិនបើមិនគិតគូរទេនោះ ឥទ្ធិពលនិងផលប៉ះពាល់របស់វាមកលើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការជាច្រើនដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដោយរួមបញ្ចូលទាំងការរៀបចំផែនការយុទ្ធសាស្រ្ត គោលនយោបាយ និងកម្មវិធីសមស្របនានា»។
ដោយបានគូសបញ្ជាក់ពីបេសកកម្មរបស់ក្រសួងបរិស្ថានក្នុងកិច្ចគាំពារបរិស្ថាន ការការពារ និងគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍន៍ដោយចីរភាព ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា កាលដែលយុវជនមានការយល់ដឹងខ្ពស់ពីបញ្ហាការប្រែប្រួលអាកាសធាតុ គឺពិតជាមានសារៈសំខាន់ដើម្បីឱ្យយុវជន អាចចូលរួមក្នុងការកាត់បន្ថយផលប៉ះពាល់ដែលកើត ចេញពីការប្រែប្រួលអាកាសធាតុ ។
បើតាម រដ្ឋលេខាធិការក្រសួងបរិស្ថាន កម្ពុជាមិនមែនជាប្រទេសដែលបង្កឱ្យកើតមានការប្រែប្រួលអាកាសធាតុនោះទេ ប៉ុន្តែជាប្រទេសដែលរងគ្រោះពីការប្រែប្រួលអាកាសធាតុ។ កិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅកម្ពុជា ក៏ដូចជានៅបណ្តាប្រទេសកំពុងអភិវឌ្ឍនានា គឺមិនអាចកាត់ផ្តាច់ចេញពីកិច្ចខិតខំធានាបាននូវសន្តិសុខថាមពល ទឹក និងស្បៀងអាហារ ការកាត់បន្ថយភាពក្រីក្រ និងជារួមពីគោលដៅអភិវឌ្ឍដោយចីរភាពបានឡើយ។ ប្រការសំខាន់មួយទៀតនៅក្នុងនយោបាយភូមិសាស្រ្ត គឺការធានាបាននូវសន្តិភាព សន្តិសុខ និងស្ថិរភាព ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់ការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។
ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងជួយការពារភពផែនដីឱ្យមាន បរិស្ថានល្អ និងមានអាយុវែង ឯកឧត្តមរដ្ឋ បានលើកទឹកចិត្ត យុវជនឱ្យចូលរួមក្នុងការការពារបរិស្ថាន និងភពផែនដី ដោយមិនចោលសំរាមផ្តេសផ្តាស់ ត្រូវថែរក្សាអនា ម័យបរិស្ថានឱ្យបានល្អស្អាត និង ចូលរួមដាំដើមឈរបង្កើតភាពបៃតង ។ ជាងនេះ គឺការសន្សំសំចៃ ការប្រើប្រាស់ទឹក ចរន្តអគ្គិសនីដោយបិទកុងតាក់ភ្លើងពេលឈប់ប្រើប្រាស់ ឬប្រើអំពូលភ្លើងដែលប្រើប្រាស់ចរន្តអគ្គិសនីតិចជាដើម ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍