Connect with us

៩ខែ អ្នកញៀនសារធាតុញៀនជិត ១៧០០០នាក់ បានទទួលសេវាព្យាបាលនិងស្តារនីតិសម្បទា នៅតាមមូលដ្ឋានសុខាភិបាលនានា

ភ្នំពេញ ៖ អ្នកញៀនសារធាតុញៀនចំនួនជិត ១៧ ០០០នាក់ បានទទួលការព្យាបាល និងស្តារនីតីសម្បទា នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និង មណ្ឌលបណ្តោះអាសន្ន ក្នុងនោះ ជាង៦៥០០នាក់ បានធ្វើសមាហរណកម្មចេញពីមណ្ឌល ។
យោងតាមរបាយការណ៍ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអោយដឹងថា ក្នុងរយៈពេល ៩ខែកន្លងមកនេះ អ្នកញៀនសារធាតុញៀន ដែលបានចុះបញ្ជីរកឃើញដោយសមត្ថកិច្ចមានចំនួន ១៦.៧៩៤នាក់ បានទទួលការព្យាបាល និងស្តារនីតិសម្បទា ក្នុងចំនួននោះ អ្នកប្រើសារធាតុញៀន ដែលបានសមាហរណកម្ម ចេញពីមណ្ឌល មាន៦.៥៣៧នាក់ ។ ទន្ទឹមនេះ អ្នកដែលកំពុងទទួលសេវាព្យាបាលតាមមូលដ្ឋានសុខាភិបាលសាធារណៈ មានចំនួន ៤.០២០ នាក់ កំពុងបន្សាបព្យាបាលនៅតាមមណ្ឌលបណ្តោះអាសន្ន មានចំនួន ៣.៩២៩នាក់ និង មិនទាន់បានទៅទទួលការព្យាបាលមាន២.៣០៨នាក់ ។
ដោយឡែក តាមរបាយការណ៍ បានអោយដឹងថា រយៈពេល ៩ខែមកនេះ សមត្ថកិច្ច បង្រ្កាបបាន ៥.៩១៥ ករណី (រួមទាំងករណីប្រើប្រាស់) ក្នុងនោះ ឃាត់ខ្លួន ១១.៨៤៧ នាក់ ក្នុងនោះ ស្រី ៩៨៧ នាក់ ។ ជាមួយគ្នានេះ សមត្ថកិច្ច បានដកហូតគ្រឿងញៀន មួយចំនួនធំ រួមមាន ៖ គ្រឿងញៀនសំយោគ ៥០៣គ.ក្រ ៤៤០ក្រាម, កញ្ឆាក្រៀម ៣៨គ.ក្រ ៩៩០ក្រាម, ដើមកញ្ឆា ១៤៤.០៧៥ ដើម ។ ដោយឡែក សមត្ថកិច្ច ក៏បានចាប់យករថយន្ត ៧៣គ្រឿង, ម៉ូតូ ១.៦៨៤ គ្រឿង, ប្រាក់កម្ពុជា ២៥.៤៦៣.៣០០ រៀល, ប្រាក់ អាមេរិក៣.៥៣៦ ដុល្លារ, ប្រាក់ថៃ ១៦.០៥០ បាត, ប្រាក់វៀតណាម ២.៥២១.០០០ ដុង, ប្រាក់ចិន ២៤.០០០ យ័ន និងអចលនទ្រព្យមួយចំនួន។


គួររំលឹកថា កាលពីពេលថ្មីៗនេះ អង្គការខាណា សហការជាមួយនឹងក្លិបអ្នកកាសែតកម្ពុជា ក៏បានផ្តើមពិភាក្សាពីក្រមប្រតិបត្តិ សម្រាប់អ្នកសារព័ត៌មាន ក្នុងការរាយការណ៍ទាក់ទិននឹងអ្នកទទួលរងផលប៉ះពាល់ដោយសារគ្រឿងញៀន ប្រយោជន៍ដើម្បីចូលរួមកាត់បន្ថយការរើសអើង និង មាក់ងាយទៅលើជនងរងគ្រោះដោយសារជាតិញៀន ព្រមទាំងលើកទឹកចិត្តអោយពួកគាត់ មកទទួលសេវាព្យាបាលបន្សាប និងស្តារនីតិសម្បទា ដើម្បីអាចធ្វើសមាហរណកម្មទៅក្នុងសង្គម ជាតិវិញ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម