Connect with us

មន្រ្តីកម្ពុជា ៖ បដិវត្តឧស្សាហកម្មទី៤ នឹងផ្តល់ដល់តំបន់ ASEAN ទាំងមូលនូវសក្តានុពល សម្រាប់ការធ្វើសមាហរណកម្មកាន់តែខ្លាំងជាងមុន

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និយាយថា បដិវត្តឧស្សាហកម្មទី៤ នឹង ផ្តល់ដល់តំបន់ ASEAN ទាំងមូល នូវសក្តានុពលសម្រាប់ការធ្វើសមាហរណកម្មកាន់តែខ្លាំង ចូលទៅក្នុងចង្វាក់តម្លៃសាកល និងបណ្តាញផលិតកម្ម ព្រមទាំងនឹងធ្វើការផ្លាស់ប្តូរចនាសម្ព័ន្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ។
ឯកឧត្តម វង្សី វិស្សត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើង ថា តាមរយៈបដិវត្តឧស្សាហកម្មទី៤នេះ អាស៊ានមានសក្តានុពលធំធេង ក្នុងការជំរុញសក្តានុពលកំណើនសេដ្ឋកិច្ច និង រក្សានូវកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំសម្រាប់តំបន់ តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងបរិបទនៃការកើនឡើងភាពតានតឹងផ្នែកពាណិជ្ជកម្ម និងការផ្លាស់ប្តូរ យ៉ាងលឿននៃការអភិវឌ្ឍបច្ចេកវិទ្យា។
ឯកឧត្តម បន្តថា បច្ចុប្បន្នពិភពលោក កំពុងឈានចូលទៅកាន់យុគសម័យនៃបដិវត្តថ្មីមួយ ឬបដិវត្តឧស្សាហកម្មទី៤ ដែលកំពុងជះឥទ្ធិពលើដំណើការរបស់រដ្ឋាភិបាល, ដំណើការរបស់អាជីវកម្ម និង ការរស់នៅរបស់មនុស្សជាតិ។ ការវិវឌ្ឍយ៉ាងលឿនផ្នែកបច្ចេកវិទ្យា បាននិងកំពុងផ្លាស់ប្តូររចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសន្តិសុខ ដោយរាប់ចាប់តាំងពីការបើកបរដោយស្វ័យប្រវត្តិ, ដ្រូន (Drone), ពាណិជ្ជកម្មអេឡិកត្រូនិក (e-commerce), បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech), រហូតដល់ការបោះពុម្ព 3D (3D Printing), និងបញ្ញានិមិត្ត (Artificial Intelligence) ជាដើម ។
ក្នុងន័យនេះ ASEAN អាចក្លាយជាទីតាំងជួរមុខនៃការផ្លាស់ប្តូរ តាមរយៈការនាំមុខមុនគេ នៃការទទួលយកបច្ចេកវិទ្យាដែលថ្មីបំផុត។ ក្នុងនោះ បើផ្អែកតាមកាសិក្សារបស់ ADB មុនឆ្នាំ២០៣០ បច្ចេកវិទ្យាថ្មីៗ នៃបដិវត្តឧស្សាហកម្ម អាចបង្កើតតម្លៃសេដ្ឋកិច្ចដែលមានទំហំពី ២២០ ទៅ ៦២៥ ពាន់លានដុល្លារ ចូលទៅក្នុងសេដ្ឋកិច្ចនៃតំបន់ ASEAN ផងដែរ ។


ឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា កម្ពុជាអាចចាប់យកកាលានុវត្តភាពទាំងឡាយ ដែលកើតចេញពីបដិវត្តឧស្សាហកម្មទី៤នេះ ដោយសារកម្ពុជាមានលក្ខណៈសម្បត្តិមួយចំនួនដូចជា ភាគលាភប្រជាសាស្ត្រ គឺកម្ពុជាកាន់តែសម្បូរឡើង នូវធនធានយុវជនប្រកបដោយចំណេះដឹង ហើយអាចស្រូបយកនូវបច្ចេកវិទ្យាឌីជីថលបានលឿន និងកំណើនយ៉ាងលឿននូវការប្រើប្រាស់ទូរស័ព្ទចល័ត និងទូរស័ព្ទ រួមជាមួយនឹងអត្រាប្រើប្រាស់ខ្ពស់ ការស្រូបយកបច្ចេកវិទ្យា ពីការវិនិយោគផ្ទាល់ពីបរទេស និង ការធ្វើឌីជីថលភាវូបនីយកម្ម យ៉ាងឆាប់រហ័យដែលកំពុងកើតឡើងនៅក្នុងគ្រប់វិស័យដែលសំខាន់ៗផងដែរ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម