Connect with us

នាយករដ្ឋមន្រ្តីកម្ពុជា ស្នើរផ្តន្ទាទោសជនល្មើសចរាចរឱសថក្លែងក្លាយ ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្ម នៅលើទីផ្សារអនឡាញ

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែវិច្ឆិកានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី “ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព” ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សន្និសីទនេះ មានសារសំខាន់ណាស់ ដោយបានផ្តល់ឱកាសឲ្យមានការរួមគ្នា ប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ដែលជាបញ្ហាសាកល។ ឱសថ មានសារសំខាន់សម្រាប់ព្យាបាលជំងឺ ប៉ុន្តែឱសថក្លែងក្លាយកំពុងក្លាយ ទៅជាការបង្កទុក្ខទោសដល់សុខភាពរបស់ប្រជាពលរដ្ឋ និងរាំងស្ទះ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។


សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឱសថក្លែងក្លាយ កំពុងចរាចរណ៍យ៉ាងសកម្ម នៅតាមទីផ្សារអនឡាញ ហើយការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឱសថក្លែងក្លាយនេះ មិនអាចប្រទេសណាមួយ ធ្វើតែឯង ហើយទទួលបានជោគជ័យនោះទេ គឺត្រូវមានការរួមសហការគ្នាឲ្យកាន់តែខ្លាំងក្លា។
សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យផ្តន្ទាទោស ឲ្យបានធ្ងន់ធ្ងរ ដល់ជនល្មើស ដែលចរា ចរណ៍ឱសថក្លែងក្លាយ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កង្វះនៃកិច្ចសហប្រតិបត្តិការរបស់ស្ថាប័ន ពាក់ព័ន្ធ ជាហេតុនាំឲ្យការអនុវត្តន៍វិធានការ បង្រ្កាបឱសថក្លែងក្លាយ មិនទទួលបានប្រសិទ្ធភាព ហើយសម្តេចតេជោ ចង់ឲ្យយកវេទិកា ស្តីពីឱសថក្លែងក្លាយ និងអន់គុណភាព ទៅដាក់នៅក្នុងកិច្ចពិភាក្សាថ្នាក់តំបន់ផ្សេងៗទៀត ដូចជា កិច្ចប្រជុំអាស៊ាន ឬ កិច្ចប្រជុំមេគង្គ-ឡានឆាងជាដើម។


សូមរម្លឹកថា សន្និសីទអន្តរជាតិថ្នាក់តំបន់ជាលើកដំបូងស្តីពី “ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព” នេះ ត្រូវបានបង្កើតឡើងបន្ទាប់ពីមានការផ្តួចផ្តើមគំនិតរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ហ្សង់ ដេវិត ឡឺវីត ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានស្រាវជ្រាវប្រឆាំងឱសថក្លែងក្លាយ កាលពីពេលកន្លងទៅ ។
សន្និសីទនេះគឺធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែវិច្ឆិកា ដោយមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធ នៃប្រទេសបារាំង ប្រទេសតំបន់ទន្លេមេគង្គ រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម រួមទាំងប្រទេសចិន និងអង្គការអន្តរជាតិចំនួន២០ផ្សេងទៀត។
សន្និសីទនេះធ្វើឡើង ដើម្បីរិះរកនូវយន្តការផ្សេងៗ ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ចំពោះការចរាចរណ៍ឱសថក្លែងក្លាយ និងអន់គុណភាព ដែលជាបញ្ហាដ៏បារម្ភបំផុតមួយសម្រាប់ប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់ទន្លេមេគង្គដទៃទៀត៕   

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម